អានតួអត្ថបទ

ដើម្បី​តម្លាភាព បារាំង​លាត​ត្រដាង​ទ្រព្យ​សម្បត្តិ​បេក្ខជន​ប្រធានាធិបតី​ជា​សាធារណៈ

ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​បារាំង ដែល​សេចក្តី​ប្រកាស​ទ្រព្យសម្បត្តិ​របស់​បេក្ខជន​ប្រធានាធិបតី ត្រូវលាត​ត្រដាង​ជា​សាធារណៈ។ នៅ​ថ្ងៃ​ពុធ​ទី ២២​មីនា នេះ អាជ្ញាធរ​ជាន់​ខ្ពស់​ដើម្បី​តម្លាភាពជីវិត​សាធារណៈ HATVP​ បាន​​សម្រេច​ផ្សព្វផ្សាយ ក្នុង​ទំព័រ​វិបសៃត៍​របស់​ខ្លួន សេចក្តី​ប្រកាស​ទ្រព្យ​សម្បត្តិ​​របស់​បេក្ខជន​ប្រធានាធិបតី ប៉ុន្តែ​អាជ្ញាធរ​មិន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ទេ។

បេក្ខជន​​១១រូប​​ ដែល​ប្រកួតប្រជែង​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ២០១៧​
បេក្ខជន​​១១រូប​​ ដែល​ប្រកួតប្រជែង​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ២០១៧​ REUTERS/Staf
ផ្សាយពាណិជ្ជកម្ម

ចាប់​ពីម៉ោង ៦​ល្ងាច​ថ្ងៃទី ២២​មីនា​នេះ​ទៅ ប្រសិន​បើ​លោក​អ្នកចង់​ដឹង​អំពី​ទ្រព្យ​សម្បត្តិ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង សូម​​ចូល​ទៅ​ក្នុង​វិបសៃត៍​របស់​អាជ្ញាធរ​ http://www.hatvp.fr។ នេះបើ​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ជាន់​ខ្ពស់ ដើម្បី​តម្លាភាព ដែល​ជា​អាជ្ញាធរ​ឯករាជ្យ​ បង្កើត​ឡើង​ដោយ​​នៅ​ឆ្នាំ​២០១៣។

សេចក្តី​ប្រកាស​ទ្រព្យសម្បត្តិ​​ ដែល​មាន​រៀប​រាប់ អំពី អចលនទ្រព្យ​ សម្បត្តិ​តម្លៃ​លើស​ពី​មួយ​ម៉ឺន​អឺរ៉ូ​ រថយន្ត គណនី​ធនាគារ ព្រមទាំង​ភាគហ៊ុន​ឬ​ចំណែក​ទុន​នៅ​ក្នុង​ក្រុមហ៊ុន​សហគ្រាស និង​​បំណុល​ជា​យថាហេតុ អម​ដោយ​លិខិត​បញ្ជាក់​ថា​ជា​ព័ត៌មាន​ពិត​ បាន​ក្លាយ​ជា​លក្ខខណ្ឌ​ចាំបាច់​​មួយ​ មុននឹង​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន។

តាម​ការ​ពិត ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិមិនមែន​លក្ខខណ្ឌថ្មីថ្មោង ដែល​បេក្ខជន​ប្រធានាធិបតី​បារាំង ត្រូវ​រាយការណ៍​ជូន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ទន្ទឹមនឹង​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀតទេ ប៉ុន្តែ​លើក​នេះ ជា​លើក​ទី​មួយ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ព្រមព្រៀង​ផ្ទេរ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​អាជ្ញាធរ​ជាន់​ខ្ពស់ដើម្បី​តម្លាភាព​ជា​អ្នក​ធ្វើ​ការ​ផ្សព្វផ្សាយ ជា​សាធារណៈ លើ​ប្រព័ន្ធ​អ៊ីនធ័រនែត តែ​មិនមែន​ជា​ការ​ត្រួត​ពិនិត្យ​​ឡើយ។ អាជ្ញាធរជាន់​ខ្ពស់​ដើម្បី​តម្លាភាព គ្មាន​សិទ្ធិ​​ធ្វើការ ត្រួត​ពិនិត្យ ដើម្បី​ផ្ទៀង​ផ្ទាត់ទេ ព្រោះ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ចង់ឃើញ​អាជ្ញាធរ​ឯករាជ្យ​មួយ​នេះ លូក​លាន់​ប៉ះពាល់​ដល់​យុទ្ធនាការ​បោះឆ្នោត និង​ធ្វើ​ឱ្យ​មាន​មិន​ស្មើ​គ្នា​កើត​ឡើង។

ប៉ុន្តែ នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ទាំង​១១​រូប មាន​៧​រូប​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ត្រួត​ពិនិត្យ​រួច​ហើយ ក្នុង​មាន​ជា​តំណាង​រាស្ត្រ។ មាន​តែ​បេក្ខជន​បក្ស​តូចៗ​បួន​នាក់​ប៉ុណ្ណោះដែល​ត្រូវ​ឆ្លង​កាត់​លំហាត់​ថ្មី​នេះ។ បេក្ខជន​ហ្វ្រង់ស័រ ហ្វីយ៉ុង ដែល​ជាប់​រឿង​អាស្រូវ​កេង​លុយ​រដ្ឋ​ ទើប​បង្ខំ​ចិត្ត​ធ្វើ​សេចក្តី​ប្រកាសទ្រព្យ​សម្បត្តិ​ ​ជា​សាធារណៈ​ កាលពី​ខែ​កុម្ភៈ។

ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ របស់​បេក្ខជន​ទាំង​១១​រូប នឹង​មាន​ផ្សាយ​ក្នុង​វិបសៃត៍​របស់​អាជ្ញាធរ​ ចាប់​ពី​ល្ងាច​នេះ រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជុំ​ទី​មួយ ថ្ងៃទី ២៣​មេសា២០១៧ បន្ទាប់​មកគេ​រក្សា​ទុក​តែ​សេចក្តី​ប្រកាស​របស់​បេក្ខជន​ពីរ​រូប​នាំ​គ្នា​ ត្រូវ​ប្រកួត​គ្នា​ផ្តាច់​ព្រ័ត្រជុំ​ទីពីរ។ សេចក្តី​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​​អ្នក​​ឈ្នះ​​ឆ្នោត​ ​​ថ្ងៃទី ៨​ឧសភា ២០១៧ នឹង​ត្រូវ​រក្សា​ទុក​លើ​វិបសៃត៍​រហូត​ដល់​ថ្ងៃ​ផុត​អាណត្តិ​ជា​ប្រធានាធិបតី។

រហូត​មក​ទល់​នឹង​ឆ្នាំ​២០១២ សេចក្តី​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​បេក្ខជន​ប្រធានាធិបតី ស្ថិត​ក្នុង​កញ្ចប់បិទ​ត្រា​សម្ងាត់​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​តែ​បេក្ខជន​ជាប់​ឆ្នោត​ប៉ុណ្ណោះ ដែល​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ទស្សនាវដ្តី​ផ្លូវការ​ ក្រោយដឹង​លទ្ធផល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ