អានតួអត្ថបទ

ភេរវកម្ម​ទម្លាក់​ចំនួន​​ទេសចរ​មក​ប៉ារីស​​អស់​១លាន​នាក់​កន្លះ​នៅ​ឆ្នាំ​២០១៦

នៅឆ្នាំ​២០១៦​នេះ ប៉ារីស ទីក្រុង​ទេសចរណ៍​ដ៏​ល្បី​ល្បាញ នៅ​អឺរ៉ុប បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ​តិច​ជាង​ធម្មតា ដល់​ជាង​១​លាន​នាក់​កន្លះ។ ការ​ធ្លាក់​ចុះ​នេះ បណ្តាល​មក​ពី ទេសចរ​ជនជាតិចិន ជប៉ុន​ និង​ពលរដ្ឋ​អឺរ៉ុប រួញរា​ក្នុង​ចិត្ត​ខ្លាំង​ មិន​ចង់​​មក​ទស្សនា​ក្រុង​ប៉ារីស ដោយ​ខ្លាច​រអាភេរវកម្ម។

ទេសចរ​តម្រង់ជួរ​ចាំ​ឡើង​ទស្សនា​Tour  Eiffel
ទេសចរ​តម្រង់ជួរ​ចាំ​ឡើង​ទស្សនា​Tour Eiffel REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

តុល្យការ​​​ប្រចាំ​ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា​ចំនួន​​ភ្ញៀវ​ទេសចរមក​ទស្សនា​ក្រុង​ប៉ារីស​បាន​ធ្លាក់​ចុះ​អស់ ៤,៧% និង​បើ​រាប់​ពី​​ភ្ញៀវ​បរទេសការ​ធ្លាក់​ចុះ​មាន​កំរិត​ដល់​ទៅ​ ​៨,៨% ពោល​គឺ​ប៉ារីស​បាន​បាត់​បង់​ភ្ញៀវ​អស់​ជាង​មួយលាន​នាក់កន្លះ។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ទេសចរណ៍​តំបន់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​ផ្តល់​តួលេខ​​ផ្លូវការ​ទូទាំង​ប្រទេសទេ។

ទេសចរ​បារាំង​មកលេង​ប៉ារីស ថយ​ចុះ​តិច​តួច​ទេ តែ​គឺ ​​ទេសចរ​ចិន ដែលជាប់​ចំណាត់​ថ្នាក់​លេខ​បី បើ​គិត​ពី​ចំនួន​មនុស្ស​មក​ប៉ារីស បាន​ថយ​ចុះ​អស់​២១,៥% ជប៉ុន​ថយ​អស់​៤១,២%។ សូម្បី​ទេសចរ​អឺរ៉ុប​ក្នុង​ទ្វីប​តែ​មួយ​ និង​ជាប់​ព្រំប្រទល់​ជាមួយ​បារាំង ក៏រួញ​រា​មិន​សូវ​នាំ​គ្នា​មក​ទស្សនា​ក្រុង​ប៉ារីស​ដែរ ៖​ទេសចរ​អ៊ីតាលី​ ថយ​អស់​២៦,១% -អង់គ្លេស៨,៦% និង​៩,៩% អេស្ប៉ាញ ហើយ​ដក២៧,៦%សម្រាប់​ទេសចរ​ជាតិ​រុស្ស៊ី។អាមេរិក ​ទេសចរ​លំដាប់​លេខ​មួយខាង​បរិមាណ ​នៅ​តែ​បន្ត​មក​ទស្សនា​ប៉ារីស​ច្រើន​ជាង​គេដដែល ដោយ​មាន​ការ​ថយ​ចុះ​ត្រឹម​តែ​៤,៩% ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ចំនួន​ទេសចរ​ធ្លាក់​ចុះ ចំណូល​ក៏​ថយ។ បើ​តាម​របាយការណ៍​ដដែល ប៉ារីស​បាន​បាត់​បង់​ប្រាក់​ចំណូល ប្រមាណ​១៣០០​លាន​អឺរ៉ូ។ ប៉ុន្តែ​ជា​សំណាង​ល្អ ការ​ថមថយ​​មានកំរិត​ទាប​ជាង​ការ​គ្រោងទុក ព្រោះសកម្មភាព​ទេសចរណ៍​បាន​រើប​ឡើង​វិញ​ តាំង​ពី​ខែ​វិច្ឆិកា ២០១៦​មក​។ ហើយ​ចំនួន​ទេសចរការងារ បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ! កើន​ឡើង​លើស​ឆ្នាំ​២០១១-២០១២ ឆ្នាំ​ដែល​ល្បីមាន​ទេសចរ​វិជ្ជាជីវៈ​ច្រើន​បំផុត​ទៅ​ទៀត។ ភាព​ប្រសើរ​ឡើង​ផ្នែក​ទេសចរណ៍ នៅ​តែ​​បន្ត​មាន​សម្រាប់​​ខែ​មករាឆ្នាំ​២០១៧។

បើ​តាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ ដែល​បាន​ព្រលយ​តួលេខ​ប៉ាន់​ស្មាន​ផ្លូវការ​ដំបូង បារាំង​នៅ​តែ​រក្សា​កិត្តិនាម​ជា​ទិសដៅ​ទេសចរណ៍​លំដាប់​លេខ​មួយ​លើ​ពិភពលោក​ដដែល ​នៅ​ឆ្នាំ​២០១៦ ដោយ​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​ប្រមាណ​៨២កន្លះ ទៅ​៨៣​លាន​នាក់ ពោល​គឺ​ទាប​ជាង​ឆ្នាំ​២០១៥ (៨៥លាន​នាក់) ​ប្រមាណ ២,៣%​ទៅ ២,៩%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ