អានតួអត្ថបទ

ភេរវកម្ម​ប៊ែរឡាំង ៖ ភេរវជន​សង្ស័យ បាន​ឆ្លងកាត់​បារាំងមែន មុន​ទៅ​ដល់​អ៊ីតាលី

ភេរវជន​សង្ស័យ​ធំ​បង្អស់ ក្នុង​ហេតុការណ៍​ភេរវកម្ម​បើក​ឡាន​កិន​មនុស្ស​នៅ​ក្រុង​ប៊ែរឡាំង ពិត​ជា​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​បារាំង​មែន មុន​នឹង​ឆ្លង​ទៅ​អ៊ីតាលី។ វីដេអូ​សុវត្ថិភាព​ បាន​ថត​ឃើញ​រូប​ អានីស អាមរី នៅ​ស្ថានីយ៍​រថភ្លើង​ក្រុង​លីយ៉ុង។ ជា​ជន​​ដែល​ប៉ូលិស​អឺរ៉ុប​តាម​ស្វែង​រក​បំផុត តែ​អាច​ធ្វើ​​​ឆ្លង​ព្រំដែន​ពីរ និង​ឆ្លង​ប្រទេស​បី។ សំណួរ​កំពុង​បន្ត​ចោទ ថាតើ​ភេរវជន​​ធ្វើ​ដូច​ម្តេច​ទើប​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​បារាំង ដែល​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន​បាន​ ?

ភេរវជន​សង្ស័យ​ដែល​បើក​ឡាន​កិន​នៅផ្សារ​ណូអែល​ក្រុង​ប៊ែរឡាំង​ ពិត​ជា​បាន​ឆ្លង​កាត់​ប្រទេស​បារាំង​ មុន​នឹង​ទៅដល់​អ៊ីតាលី
ភេរវជន​សង្ស័យ​ដែល​បើក​ឡាន​កិន​នៅផ្សារ​ណូអែល​ក្រុង​ប៊ែរឡាំង​ ពិត​ជា​បាន​ឆ្លង​កាត់​ប្រទេស​បារាំង​ មុន​នឹង​ទៅដល់​អ៊ីតាលី REUTERS/Pawel Kopczynski
ផ្សាយពាណិជ្ជកម្ម

រូប​ភេរវជន​សង្ស័យ​ជាតិ​ទុយនីស៊ី អានីស អាមរី ឈរ​ចាំ​ឡើង​រថភ្លើង​ តែ​ម្នាក់ឯង នៅ​ស្ថានីយ៍​ក្រុងលីយ៉ុង​ ត្រូវ​បាន​កាមេរ៉ា​វីដេអូ​សុវត្ថិភាព​ថត​បាន​ នៅ​ររសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ២២​ធ្នូ ពោល​គឺ​ក្រោយ​មាន​ដីកា​អឺរ៉ុប​តាម​ចាប់​ខ្លួន​ជន​នេះ​​មួយ​ថ្ងៃ។ នេះ​បើ​តាម​ប្រភព​តុលាការ​អង្កេត​បារាំង។

តាម​ទំនង ជនសង្ស័យកំពុង​ត្រៀម​ឡើង​រទេះ​ភ្លើង ពី​ក្រុង​លីយ៉ុង ទៅមីឡង់ប្រទេសអ៊ីតាលី​ ដោយ​ឆ្លង​កាត់​ និង​ចុះ​ដូរ​រថភ្លើង​នៅ​​ក្រុង​ Chambéry។ បន្ទាប់​មក​ក៏​ឡើង​រថភ្លើង​មួយ​ទៅឈប់​នៅ​​ក្រុង​តួរាំង​របស់​អ៊ីតាលី មុននឹង​ឡើង​ជិះ​រថភ្លើង​មួយ​ទៀត ដើម្បី​ទៅ​ដល់​ទិសដៅ​ចុងក្រោយ​​ក្រុង​មីឡង់។

គឺ​នៅ​មីឡង់​នេះ​ហើយ ដែល​ប៉ូលិស​បាន​បាញ់​សម្លាប់​ ភេរវជន​សង្ស័យ ក្នុង​ពេល​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​ធម្មតា និង​បាន​រក​ឃើញ​មាន​សំបុត្រ​រទេះភ្លើង​ពីរ នៅ​ក្នុង​កាបូប​ស្ពាយ​ខ្នង​របស់​គេ។ បើ​តាម​ប្រភព​ដដែល មាន​សំបុត្រ​មួយ​យ៉ាង​ហោច​ត្រូវ​បាន​ទិញ​នៅ​ស្ថានីយ៍​រថភ្លើង​ក្រុង​លីយ៉ុង ដោយ​ប្រើ​លុយ​សុទ្ធ​ ក៏​ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ​អាមរី​ធ្វើ​ដូចម្តេច​ទើប​យក​សំបុត្រ​នេះ​បាន។ តើ​អាច​ទេ​ថា​មានអ្នក​ឃុបឃិតចាំ​​ទិញ​សំបុត្រ​ឱ្យ​?!

ពេល​នេះ​ក្រុម​អ្នក​អង្កេតការណ៍​ កំពុង​បន្ត​សិក្សា​រូបភាព​វីដេអូ​សុវត្ថិភាព​ផ្សេងៗ នៅ​តាម​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉ារីសទៀត ដើម្បី​ឱ្យ​ប្រាកដ​ថា​តើ​អាមរី បាន​ឆ្លងកាត់​រដ្ឋធានី​ដែរ​ឬទេ ​ក្រោយ​សាង​ភេរវកម្មនៅ​ប៊ែរឡាំង​រួច។ ​ព្រោះ​ថា អ្នក​អង្កេត​នៅមាន​ចម្ងល់​មួយ​ថា តើ​ភេរវជន​សង្ស័យ​ភ្ជាប់​ដំណើរ​ពី​ប៊ែរឡាំង​ទៅ​ក្រុង​លីយ៉ុង​បាន​យ៉ាង​ដូចម្តេច ? ពេលនោះ​ អាមរី​ជា​មុខសញ្ញា​តាម​ចាប់​របស់​​ប៉ូលិស​អឺរ៉ុប ទាំង​មូល​ហើយ​ទេតើ ?!​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ