អានតួអត្ថបទ

ប្រអប់ខ្មៅមួយសែនសំខាន់ នៃយន្តហោះរុស្ស៊ីធ្លាក់ក្នុងសមុទ្រខ្មៅ ត្រូវបានរកឃើញ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ព្រឹក​មិញ​ថា ទើប​បាន​រកឃើញ ប្រអប់ខ្មៅ មួយ​ដែល​សំខាន់​ជាង​គេ​ពី​ក្នុង​ចំណោម​ប្រអប់៣ របស់​យន្តហោះ​រុស្ស៊ី​ធ្លាក់​ក្នុង​សមុទ្រខ្មៅ ហើយ​ស្រង់​មក​ទៅ​ហើយ។ នេះ​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ អស់​ជាង​៣​ថ្ងៃ​ជាប់​មក​ហើយ ខាង​ស្វែង​រក​បំណែក​យន្តហោះ​យោធា​រុស្ស៊ី ដែល​បាន​ធ្លាក់​ទៅ រំលង​តែ​២នាទី​សោះ ក្រោយ​ពី​វា​បាន​ហោះ​ចេញ​ពី ក្រុង Sotchi សំដៅ​ទៅ​ប្រទេស​ស៊ីរី។ នេះ ជា​សោកនាដកម្ម ផ្តាច់​ជីវិត​ពលរដ្ឋ​រុស្ស៊ី អស់​ដល់​ទៅ ៩២​នាក់ លុះ​ទាល់​តែ​ប្រទេស​រុស្ស៊ី​ទាំងមូល បាន​កាន់​មរណទុក្ខ ថ្ងៃ​២៥​ធ្នូ​កន្លង​ទៅ។

ក្រុមអ្នកឯកទេស​ចាប់​ផ្តើម​ស្រង់​បំបែក​យន្តហោះ​TU​១៥៤ ដែល​ធ្លាក់​ក្នុង​សមុទ្ទ​ខ្មៅ
ក្រុមអ្នកឯកទេស​ចាប់​ផ្តើម​ស្រង់​បំបែក​យន្តហោះ​TU​១៥៤ ដែល​ធ្លាក់​ក្នុង​សមុទ្ទ​ខ្មៅ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

តាមការឲ្យដឹងនៃក្រសួង​ការពារជាតិ​រុស្ស៊ី ប្រអប់​ខ្មៅ​នោះ ត្រូវ​បាន​រកឃើញ​នៅ បាត​សមុទ្រ ចម្ងាយ ១.៦០០​ម៉ែត្រ​ពី​ឆ្នេរ​ ក្នុង​ជម្រៅ​១៧​ម៉ែត្រ។ វា​ត្រូវ​បាន​ដឹក​មក​ដល់​រដ្ឋធានី​ម៉ូស្គូ​ទៅ​ហើយ ដើម្បី​ធ្វើ​វិភាគ​អំពី​អ្វីៗ​ដែល​មាន​ថត​ជាប់​ក្នុង​ប្រអប់​នោះ មុនពេល​យន្តហោះ​ធ្លាក់ រួច​ទាញ​យក​សេចក្តី​សន្និដ្ឋាន អំពី​មូលហេតុ​ពិត​នៃ​មហន្តរាយ​យន្តហោះ ធុន Tupolev-154។ តាម​ដែល​ទូរទស្សន៍​រុស្ស៊ី បង្ហាញ​ឲ្យ​ឃើញ វា​ឥត​រង​ការខូចខាត​អ្វី​ណា​ទេ ពេល​តួ​ខ្លួន​យន្តហោះ​ធ្លាក់​យ៉ាង​គំហុក ហើយ​បែក​ខ្ចាយ​ជា​បំណែក​ច្រើន​ឥត​គណនា។

បំណែក​ចំនួន​ប្រមាណ ១៦០ ក្នុងនោះ​ធំៗ ជាង​គេ​ គឺ​កន្ទុយ​យន្តហោះ ភាគ​មួយ​នៃ​តួ​ខ្លួន​យន្តហោះ ទំហំ ៤ គុណ​នឹង​៦ម៉ែត្រ ត្រូវ​បាន​រកឃើញ​នៅ​ចម្ងាយ ១.៧០០​ម៉ែត្រ​ពី​ឆ្នេរ ក្នុង​ជម្រៅ ២៧​ម៉ែត្រ។ ពួក​អ្នក​ជំនាញ​កត់​សម្គាល់​ថា នៅ​នឹង​បំណែក​ទាំងនោះ និង​នៅ​លើ​ខ្លួនប្រាណ​សព ឥត​មាន​ឃើញ ស្នាម​សល់​ពី​ការ​ផ្ទុះ​អ្វី​ណា​ឡើយ។

មកទល់ឥឡូវ មានរក​ឃើញ សព​ចំនួន​១២ ពី​ក្នុង​ចំណោម​អ្នក​ជិះ​ចំនួន​៩២​នាក់ ក្នុង​យន្តហោះ។ ជាលទ្ធផល​នៃ​កោសលវិច័យ មាន​កំណត់​បាន​អត្តសញ្ញាណ ទើប​ម្នាក់​ប៉ុណ្ណោះ។

ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ខាង​ស្វែង​រក​នោះ ចូលរួម តាម​តួលេខ​ចុងក្រោយ គឺ​ដោយ​មនុស្ស ៣.៥០០​នាក់ នាវា កាណូត​ធំ​តូច សរុប​ទៅ ៤៥​គ្រឿង យន្តហោះ​១២​គ្រឿង  ឧទ្ធម្ភាគចក្រ ៥ គ្រឿង យន្តហោះ​ដ្រូន​មួយ​ចំនួន ហើយ​រាវ​រក​នៅ​តាម​បាត​សមុទ្រ គឺ​កាណូត​មុជ​ទឹក ១៥គ្រឿង និង អ្នក​ដែល​មាន​ឯកទេសកម្ម​ខាង​មុជ​ទៅ​ជម្រៅ​ជ្រៅ ១៩៤​នាក់។ ផ្ទៃ​ទឹក​ប្រតិបត្តិការ​នោះ បែង​ចែក​ជា​១៥​ក្រឡា ដែល​គេ​សហការ​គ្នា​ស្វែង​រក។ ប្រតិបត្តិការ​នោះ បំពេញ​ទាំង​យប់​ទាំង​ថ្ងៃ ២៤​ម៉ោង​លើ​២៤ម៉ោង ចែក​ជា​៣​វេន មួយ​វេនៗ ៨​ម៉ោង។

គួរនិយាយថា សម្រាប់គ្រួសារ​អ្នក​ស្លាប់​ម្នាក់ៗ ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​សន្យា​បង់​ឲ្យ​គេ ប្រាក់​ជំនួយ ក្នុង​ទំហំ ៥​លាន​៨​សែន​រូប្ល ឬ ៩​ម៉ឺន​៣​ពាន់​៥០០​ដុល្លារ​ស.រ.អា.។ រដ្ឋាភិបាល ក្រុង ម៉ូស្គូ ក៏សន្យា​បង់​ឲ្យ​សម្រាប់​គ្រួសារ​សព​ម្នាក់ៗ គឺ​១​លាន​រូប្ល ឬ ជាង​១​ម៉ឺន​៦០០០​ដុល្លារទៀត៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ