អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស-Brexit៖​លោកស្រី Theresa May ព្រមាន​ក្រុម​អ្នកតំណាងរាស្រ្ត​ពី​ការ​ប៉ុនប៉ង​រារាំង Brexit

នៅ​ក្នុង​ប្រទេស​អង់គ្លេស លោកស្រី​នាយករដ្ឋមន្រ្តី Theresa May បាន​ថ្លែង​នា​ថ្ងៃ​អាទិត្យ ទី៦ វិច្ឆិកា​នេះ​ដោយ​ព្រមាន​លើ​ក្រុម​អ្នកតំណាងរាស្រ្ត​ដែល​ប៉ុនប៉ង​បិទខ្ទប់ Brexit។ ការ​ថ្លែង​ព្រមាន​របស់​លោកស្រី Theresa May ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការជាន់ខ្ពស់​ទីក្រុង​ឡុងដ៏​បាន​សម្រេច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ វិច្ឆិកា​ឲ្យ​មាន​ការ​សួរ​យោបល់ និង​ការ​យល់ព្រម​ពី​សភា​ជាមុន​សិន មុន​នឹង​រដ្ឋាភិបាល​ផ្តើម​នីតិវិធី​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ។ តែ​លោកស្រី Theresa May ជំទាស់ និង​បញ្ជាក់​ពី​ការ​រក្សា​ទុក​ប្រតិទិន​ឲ្យ​នៅ​ដដែល​ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ។ 

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May
លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May REUTERS/Matt Cardy/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​មុន​ដំណើរ​ចាកចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​លោកស្រី​នាយក​រដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​ក្រុម​អ្នកតំណាងរាស្រ្ត​ដែល​ព្យាយាម​ប្រើប្រាស់​សន្លឹកឆ្នោត​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ លទ្ធផល​ប្រជាមតិ​ដែល​ប្រជារាស្រ្ត​អង់គ្លេស​បាន​សម្រេច​ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប។ « លទ្ធផល​ដែល​ទទួល​បាន គឺ​ច្បាស់ណាស់ និង​ស្របច្បាប់​ទៀត​ផង។ អ្នកតំណាងរាស្រ្ត​គ្រប់រូប​ដែល​មាន​ការ​សោកស្តាយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ត្រូវ​តែ​ទទួល​យក​ការ​សម្រេចចិត្ត​របស់​ប្រជារាស្រ្ត » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Theresa May។

សូម​ជម្រាប​ជូន​ថា ការ​សម្រេចចិត្ត​របស់​តុលាការជាន់ខ្ពស់​ទីក្រុង​ឡុងដ៏​កាល​ពី​ថ្ងៃទី៣ វិច្ឆិកា​បាន​បញ្ឆេះ​កំហឹង​របស់​ក្រុម​សកម្មជន​គាំទ្រ Brexit។ អ្វី​ដែល​ក្រុម​សកម្មជន​គាំទ្រ Brexit បារម្ភ​នោះ គឺ​ការ​អូសបន្លាយ​នៅ​ក្នុង​នីតិវិធី​ផ្តាច់ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​ដែល​លោកស្រី Theresa May បាន​ប្រកាស​ចាប់​ផ្តើម​នៅ​មុន​ដំណាច់​ខែ​មីនា ឆ្នាំ ២០១៧ ខាង​មុខ។ លោកស្រី Theresa May បាន​បញ្ជាក់​ថា ការ​ពន្យារ​ពេល​ក្នុង​ការ​ផ្តើម​នីតិវិធី​ដើរ​ចេញ​ពី​អឺរ៉ុប​មិន​បាន​ហុច​ប្រយោជន៍​អ្វី​ដល់​អង់គ្លេស ហើយ​ក៏​មិន​បាន​ជួយ​អង់គ្លេស​ឲ្យ​ទទួល​បាន​លក្ខខណ្ឌ​ល្អ​ជា​នេះ​ពី​សហភាព​អឺរ៉ុប​ដែរ។

នៅ​ក្នុង​ន័យ​នេះ លោកស្រី Theresa May បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ផ្តោត​អារម្មណ៍​លើ​ការ​ស្វែង​រក​ច្រកចេញ​ដ៏​ប្រសើរ ពោល​រក្សា​ទុក​ដដែល​នូវ​ផែនការ និង​កាលវិភាគ​ដែល​បាន​គ្រោង​ទុក និង​ត្រៀម​យុទ្ធសាស្រ្ត​ដើម្បី​ចរចា។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចាំ​មើល​ការ​សម្រេច​ចិត្ត​របស់​តុលាការកំពូល​ជា​មុន​សិន។ បើ​តុលាការកំពូល​ទទួល​យក​តាម​ការ​សម្រេចចិត្ត​របស់​តុលាការជាន់ខ្ពស់​ទីក្រុង​ឡុងដ៏​មែន នោះ​ការ​ផ្តើម​នីតិវិធី​ចាកចេញ​ពី​អឺរ៉ុប​អាច​នឹង​ត្រូវ​អូសបន្លាយ ហើយ​ការ​ចរចា​រវាង​អង់គ្លេស និង​អឺរ៉ុប​កាន់​តែ​ស្មុគស្មាញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ