អានតួអត្ថបទ
បារាំង-អេស្បាញ

បារាំង-អេស្បាញ៖​មេ​ចលនា​ផ្តាច់ទឹក​ដីនិយម​អេស្បាញ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទឹកដី​បារាំង

នៅ​ថ្ងៃ​សៅរ៍ ទី៥ វិច្ឆិកា​នេះ ក្រសួង​មហាផ្ទៃ​អេស្បាញ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​ស្តីពី​ការ​ចាប់​ខ្លួន​មេ​ចលនា​ផ្តាច់ទឹកដីនិយម ETA ម្នាក់​ឈ្មោះ Mikel Irastorza នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។ ជន Mikel ត្រូវ​បាន​រដ្ឋអំណាច​អេស្បាញ​ចាត់​ទុក​ជា​មេ ETA ជាន់ខ្ពស់​ម្នាក់​ដែល​បាន​រត់​គេច​ខ្លួន​ពី​សំណាញ់​តុលាការ។ ការ​ចាប់​ខ្លួន​ជន Mikel ជា​លទ្ធផល​បាន​មក​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ស្អិតរមួត​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ម៉ាឌ្រីដ។

កម្លាំង​ប៉េអឹម​បារាំង​នៅ​កន្លែង​ចាប់​ខ្លួន​មេ​ចលនា​ផ្តាច់ទឹកដីនិយម ETA ម្នាក់​ឈ្មោះ Mikel Irastorza
កម្លាំង​ប៉េអឹម​បារាំង​នៅ​កន្លែង​ចាប់​ខ្លួន​មេ​ចលនា​ផ្តាច់ទឹកដីនិយម ETA ម្នាក់​ឈ្មោះ Mikel Irastorza GAIZKA IROZ / AFP
ផ្សាយពាណិជ្ជកម្ម

ជន Mikel Irastorza ត្រូវ​បាន​ចាប់​ខ្លួន​នា​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃ​សៅរ៍ ទី៥ វិច្ឆិកា​នេះ​នៅ​ក្នុង​ផ្ទះ​គ្រួសារ​បារាំង​មួយ​ដើមកំណើត​អេស្បាញ​នៅ​ប៉ែកខាងត្បូង​ប្រទេស​បារាំង។ ប្រភព​ប៉ូលិស​បារាំង​ឲ្យ​ដឹង​ថា ជន Mikel Irastorza ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ទីស្នាក់ការ​នៃ​ប៉ូលិស​តុលាការ​ក្នុង​ស្រុក Bayonne ប៉ែក​និរតី​ប្រទេស​បារាំង ហើយ​គ្រួសារ​ប្តី ប្រពន្ធ​ដែល​បាន​លួច​ជ្រកកោណ​ជន Mikel Irastorza ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ដែរ។ ក្រៅ​ពី​ការ​ចាប់​ខ្លួនជន Mikel Irastorza ក្រសួង​មហាផ្ទៃ​អេស្បាញ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ឃាត់​ខ្លួន​ជន​ផ្សេង​ទៀត តែ​មិន​បាន​លំអិត​បន្ថែម​អ្វី​ទេ។

សូម​ជម្រាប​ជូន​ថា អង្គការ​ទាមទារ​ផ្តាច់ទឹកដី​និយម​នៅ​អេស្បាញ ETA ដែល​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៥៩ កំពុង​ជាប់ចោទ​ពី​បទ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ស្លាប់​មនុស្ស​ជាង ៨០០នាក់​នា​ការ​ប្រយុទ្ធ​តស៊ូ​ប្រដាប់​អាវុធ​របស់​ខ្លួន​ជាង ៤០ឆ្នាំ​ដើម្បី​ឯករាជ្យភាព​នៅ​តំបន់​ស្វយ័ត Pays Basque និង​តំបន់ Navarre។ កាល​ពី ៥ឆ្នាំ​មុន ចលនា ETA បាន​ប្រកាស​បញ្ឈប់​រាល់​អំពើ​ហិង្សា តែ​បន្ត​បដិសេធ​មិន​ព្រម​ទម្លាក់​អាវុធ និង​រំលាយ​ខ្លួន​ចោល​ដូច​ការ​ទាមទារ​ចង់​បាន​របស់​អេស្បាញ និង​បារាំង​ទេ។ នៅ​ថ្ងៃ​ទី១០ តុលា​កន្លង​ទៅ ប៉ារីស និង​ម៉ាឌ្រីដ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​កម្ទេច​កន្លែង​ស្តុក​អាវុធ​របស់ ETA នៅ​ស្រុក Carlepont មាន​ចម្ងាយ ១២០គីឡូម៉ែត្រ​ប៉ែក​ខាង​ជើង​ទីក្រុង​ប៉ារីស។

នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ចេញ​ផ្សាយ​ថ្ងៃទី១៨ តុលា ETA បាន​ចោទ​បារាំង និង​អេស្បាញ​ពី​បទ​គ្មាន​ឆន្ទៈ​ចង់​ស្វែង​រក​ដំណោះស្រាយ​សមស្រប​ដើម្បី​សន្តិភាព​នៅ Pays basque។ ជា​ការ​កត់សម្គាល់ សមត្ថភាព និង​លទ្ធភាព​របស់​ចលនា ETA ហាក់​បាន​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​ទទួល​រង​ការ​វាយបង្រ្កាប​របស់​កម្លាំង​ប៉ូលិស​អេស្បាញ​សហការណ៍​ជាមួយ​បារាំង និង​ការ​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​រស់​ក្នុង​តំបន់ Pays basque៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ