អានតួអត្ថបទ
បារាំង

បារាំង៖​លោក​ហ្រ្វង់ស័រ ហូឡង់​សម្រេច​រុះរើ និង​បិទ​ជំរំ​ជនអន្តោប្រវេសន៍​​កាឡេ (Calais) ជា​ស្ថាពរ

នៅ​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​នេះ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ​ហូឡង់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជំរំជនភៀសខ្លួន​កាឡេ (Calais)។ កាឡេ គឺ​ជា​ស្រុក​កំពង់ផែ​មួយ​របស់​បារាំង​ស្ថិត​ប៉ែក​ខាង​ជើង និង​ដែល​មាន​ព្រំដែនសមុទ្រ​ជាប់​នឹង​ប្រទេស​អង់គ្លេស​ប៉ែក​អាគ្នេយ៍។ បច្ចុបន្ន​នេះ មាន​ជនអន្តោប្រវេសន៍​យ៉ាង​តិច ៧ ០០០ កំពុង​រស់នៅ​ក្នុង​ជំរំ​នោះ និង​មាន​ក្តីប្រាថ្នា​តែ​មួយ​គត់ គឺ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​អង់គ្លេស។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី នេះ​ជា​លើកទី១ ដែល​លោក​ហូឡង់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំជនភៀសខ្លួន​កាឡេ។ លោក​ហូឡង់​បាន​ថ្លែង​នា​ឱកាស​នោះ​ថា រដ្ឋាភិបាល​បារាំង​នឹង​បិទជំរំ​កាឡេ​ជា​ស្ថាពរ និង​ប្តេជ្ញា​មិន​ឲ្យ​ជំរំ​របៀប​កើត​មាន​ជា​ថ្មី​ទេ។

លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់​សម្រេច​រុះរើ និង​បិទ​ជំរំ​ជនអន្តោប្រវេសន៍​​កាឡេ (Calais) ជា​ស្ថាពរ
លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់​សម្រេច​រុះរើ និង​បិទ​ជំរំ​ជនអន្តោប្រវេសន៍​​កាឡេ (Calais) ជា​ស្ថាពរ Reuters
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ចង់​និយាយ​ថា រដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​បន្ត​ធ្វើ​ការងារ​នេះ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រុះរើ​ជំរំ​កាឡេ និង​នៅ​ក្រោយ​ការ​រុះរើ​រួចរាល់​ហើយ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ស្ថានភាព​មួយ​នេះ​កើត​មាន​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ខាង​មុខ។ ការ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មេរៀន​ក្នុង​អតីតកាល​វិល​ត្រឡប់​ជា​ថ្មី​នៅ​ពេល​ដែល​ជំរំអន្តោប្រវេសន៍​ត្រូវ​បាន​បំផ្លាញ តែ​ក៏​ត្រូវ​បាន​ចាប់​កំណើត​ជា​ថ្មី​នៅ​ទីកន្លែង​ដដែល​ជាមួយ​នឹង​ភាព​រយ៉េរយ៉ៃ និង​អសន្តិសុខ។

ខ្ញុំ​បាន​មក​កាន់​ស្រុក​កាឡេ​ពេល​នេះ​ក៏​ដើម្បី​ចង់​និយាយ​ប្រាប់​ពលរដ្ឋ​រស់នៅ​ទីនេះ​ដែល​កំពុង​ក្តៅក្រហាយ​ថា យើង​កំពុង​ស្ថិត​លើ​ផ្លូវ​នៃ​ដោះស្រាយ​ដែល​ជិត​មក​ដល់ ហើយ​យើង​នឹង​ការពារ​សុវត្ថិភាព​ពលរដ្ឋ​កាឡេ​តាម​គ្រប់​លទ្ធភាព​ដែល​ចាំ​បាច់។ ខ្ញុំ​បាន​មក​កាន់​ស្រុក​កាឡេ​ពេល​នេះ​ក៏​ដើម្បី​ចង់​និយាយ​ប្រាប់​ជនអន្តោប្រវេសន៍​ផ្សងព្រេង​គ្រប់​រូប​ថា ពួក​គេ​នឹង​មិន​អាច​រស់នៅ​ទីនេះ​បាន​ទៀត​ឡើយ ព្រោះ​កន្លែង​រស់នៅ​របស់​ពួក​គេ​មិន​មែន​នៅ​ទីនេះ​ទេ។
 
គឺ​ដោយ​មូលហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​ធ្វើ​ការ​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​នេះ​ទាំង​ស្រុង និង​ជា​ស្ថាពរ​ពី​ស្រុក​កាឡេ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ