អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖​Amnesty International ចោទ​ក្រុម​ឧទ្ទាមអ៊ីស្លាម​ពី​បទ​ឧក្រិដ្ឋកម្មសង្រ្គាម

នៅ​ថ្ងៃ​អង្គារ ទី៥ កក្កដា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ទៀត​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី។ របាយការណ៍​ថ្មី​នេះ​បាន​ចោទ​ក្រុម​ឧទ្ទាមអ៊ីស្លាម​នៅ​ស៊ីរី​ពី​បទ​ធ្វើ​ទារុណកម្ម និងប្រហារ​ជីវិត​មនុស្ស។ ទន្ទឹម​គ្នា​នេះ Amnesty International ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដក​ការ​គាំទ្រ​របស់​ខ្លួន​ពី​ក្រុម ឬ​ចលនា​ណា​ដែល​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។

Amnesty International ចោទ​ក្រុម​ឧទ្ទាមអ៊ីស្លាម​នៅ​ស៊ីរី​ពី​បទ​ឧក្រិដ្ឋកម្មសង្រ្គាម
Amnesty International ចោទ​ក្រុម​ឧទ្ទាមអ៊ីស្លាម​នៅ​ស៊ីរី​ពី​បទ​ឧក្រិដ្ឋកម្មសង្រ្គាម Capture d'écran
ផ្សាយពាណិជ្ជកម្ម

មាន​ខេត្ត​ស៊ីរី​ចំនួន​ពីរ គឺ​ខេត្ត​អាឡិប​ស្ថិត​ប៉ែក​ខាងជើង និង​ខេត្ត​អ៊ីដឡិប​ស្ថិត​ប៉ែក​ពាយព្យ​ប្រទេស​ដែល​អង្គការ Amnesty International បាន​ចង្អុល​មុខ​ក្រុមឧទ្ទាម​ពី​បទ​ឧក្រិដ្ឋកម្មសង្រ្គាម និង​ការ​រំលោភបំពាន​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ផ្សេង​ទៀត។ Amnesty International បាន​កត់​សម្គាល់​ឃើញ​ជា​ទូទៅ​ថា ក្រុម ឬ​ចលនា​ឧទ្ទាមអ៊ីស្លាម​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​មាន​សេរីភាព​ធ្វើ​អ្វី​ស្រេច​តែ​ក្បាល​ចិត្ត​ដោយ​គ្មាន​ការ​ទទួល​ទោសពៃ​អ្វី​ទាំង​អស់ និង​ថា ទង្វើ​ព្រៃផ្សៃ​របស់​ក្រុម ឬ​ចលនា​ឧទ្ទាម​ទាំង​នោះ​ថែម​ទាំង​មាន​ការ​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​ពី​បរទេស​ទៀត​ផង ពិសេស​ពី​ប្រទេស​កាតា អារ៉ាប៊ីសាអូឌីត តួកគី និង​សហរដ្ឋអាមេរិក។

ចលនា​ឧទ្ទាមអ៊ីស្លាម​ទាំង​នោះ​រួម​មាន ចលនា Noureddine Zinki ឬ​ចលនា​រណសិរ្យ Al-Chamia ដែល​ស្ថិត​ក្នុង​ចង្កោម​សម្ព័ន្ធអ៊ីស្លាម Fatah Halab។ ក្រៅ​ពី​នេះ នៅ​មាន​ចលនា​ប្រដាប់អាវុធ Ahrar al-Cham ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ចលនា​រណសិរ្យ Al-Nosra ដែល​ជា​សាខា​របស់​អាល់កៃដា​ក្នុង​ប្រទេស​ស៊ីរី។ ក្រុម ឬ​ចលនា​ឧទ្ទាមអ៊ីស្លាម​ទាំង​អស់​នេះ​បាន​លេច​រូបរាង និង​ផ្តើម​សកម្មភាព​ព្រៃផ្សែ​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​កាល​ពី​ឆ្នាំ ២០១១។ វិបត្តិ​ដែល​មក​ដល់​ពេល​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៨ម៉ឺននាក់ និង​ជនភៀសខ្លួន​ជា​ច្រើន​លាននាក់។

របាយការណ៍​របស់ Amnesty International ដដែល​បាន​លើក​ឡើង​ពី​ករណី​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​ចំនួន ២៤ករណី​របស់​ក្រុម​ឧទ្ទាមប្រដាប់​អាវុធ​ក្នុង​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៦ ហើយ​ក្រុម​មនុស្ស​ផ្ទាំងស៊ីប​របស់​ពួក​គេ គឺ​សកម្មជន​សន្តិភាពនិយម កូនក្មេង រួម​ទាំង​អ្នកកាន់សាសនា​ភាគតិច​ទៀត​ផង។ Amnesty International បាន​គូសបញ្ជាក់​ថា មាន​ជនស៊ីវិល​ជា​ច្រើន​កំពុង​បន្ត​រស់នៅ​ក្នុង​ការ​ភ័យខ្លាច​ជា​ប្រចាំ ដោយ​ខ្លាច​ក្រុម​ឧទ្ទាមអ៊ីស្លាម​ចាប់​ខ្លួន ប្រសិន​បើ​ពួក​គេ​ហ៊ាន​ចេញ​មុខ​រិះគន់​ទង្វើ ឬ​មួយ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​នោះ​ទេ។

នៅ​ក្នុង​ន័យ​នេះ Amnesty International បាន​អំពាវនាវ​ដល់​ក្រុមប្រទេស​អន្តរជាតិ​ដែល​ស្វែង​រក​សន្តិភាព​សម្រាប់​ស៊ីរី ពិសេស​អាមេរិក កាតា តួកគី និង​អារ៉ាប៊ីសាអូឌីត​ឲ្យ​បញ្ឈប់ និង​ដក​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម ឬ​ចលនា​ឧទ្ទាមអ៊ីស្លាម​ណា​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋកម្មសង្រ្គាម ឬ​រំលោភបំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ផ្សេងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ