អានតួអត្ថបទ

ក្រោយ​Brexit អង់គ្លេស​ធ្លាក់​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយផ្ទៃក្នុង

អង់គ្លេសកំពុង​​ស្ថិត​ក្នុង​សម្ពាធ​ជាង​ពេល​ណាៗ​ទាំង​អស់ ! ក្រោយ​លទ្ធផល​ឆ្នោត​ប្រជាមតិ ដែល​បាន​រុញ​ច្រាន​ឱ្យ​នាយករដ្ឋមន្ត្រី​​ប្រកាស​លាលែង​ចេញ​ពី​តំណែង​មក វិបត្តិ​នយោបាយ​បាន​រាល​ដាល​ដល់ការ​ហែកហួរ​ក្នុង​ផ្ទៃ​បក្ស​។ ឯ​ចំណែក​ខាង​ស្តុកឡែនដ៍ បាន​ចេញ​មុខ​សំឡុត​ក្រុង​ឡុងដ៍​ចំៗ ថា​នឹង​ធ្វើ​គ្រប់យ៉ាង​ការ​ពារស្កុតឡែនដ៍​ក្នុង​សហភាព​អឺរ៉ុប។

ទង់ជាតិ​អង់គ្លេស​ បោះបង់​ចោល​តាម​ផ្លូវ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រជាមតិ
ទង់ជាតិ​អង់គ្លេស​ បោះបង់​ចោល​តាម​ផ្លូវ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រជាមតិ REUTERS/Reinhard Krause
ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពីពាក្យ​ចាស់​លោក​ថា​ ឈ្នះ​មុខ​ខ្លាញ់​ចាញ់​មុខ​ស្វា ទេ ! នៅ​អង់គ្លេស​ ក្រោយ​លទ្ធផល​ប្រជាមតិ ​គណបក្ស​ពលករ​អង់គ្លេស​ដែល​ជា​អ្នក​ការពារ​​​សមាជិកភាព​អង់គ្លេស​ក្នុង​អឺរ៉ុប កំពុង​ហែក​ហួរ​គ្នា​យ៉ាង​ខ្លាំង។ ថ្នាក់​ដឹកនាំ​សំខាន់ៗ​​ចំនួន​បី​រូប​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង មនុស្សជំនិត​របស់​ប្រធាន​ត្រូវ​បាន​ដក​ហូត​ចេញ​​តួនាទី​ សមាជិក​សភា​បក្ស​ពលករ​ជា​ច្រើន​ បាននិងកំពុងរៀប​ចំ​ធ្វើ​ញត្តិ​​ដក​ទំនុកចិត្ត​​​ចេញ​ពី​ប្រធាន​បក្ស​ ដោយយល់​ថា​មេដឹកនាំ​រូបនេះ​​​អសមត្ថភាព​ មិន​បាន​បំពេញ​ការ​ងារ​ឃោសនា​គ្រប់គ្រាន់​ការ​ពារ​អង់គ្លេស​ឱ្យ​ស្ថិត​នៅក្នុង​សហភាព​អឺរ៉ុប។

 
ចំណែក​ខាង​ស្កុតឡែនដ៍ លោកស្រី​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​មុខ​ព្រមាន​ដោយ​ត្រង់ៗ​នៅ​ថ្ងៃអាទិត្យ​នេះ ថា​នឹង​ធ្វើ​ប្រើសិទ្ធិ​វេតូ​ប្រឆាំង​នៅ​ក្នុង​សភា​ ខ្ទាស់​មិន​ឱ្យ​មាន​កិច្ចព្រមព្រៀង​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ប្រឆាំង​មិន​បាន​សម្រេច ស្កុតឡែនដ៍​នឹង​ធ្វើ​ប្រជាមតិ​សុំ​ចាក​ចេញ​ពី​អង់គ្លេស។ ​ លោកស្រី​ប្រមុខ​រដ្ឋាភិបាលបាន​សន្យា​ថា​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បីការពារ​ប្រយោជន៍​តំបន់​ស្កុតឡែនដ៍។

​​ពលរដ្ឋ​ស្កុតឡែន​ដល់​ទៅ ៦២% ​បាន​​បោះឆ្នោត​គាំទ្រ​​​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប។ ហើ​យ​បើ​តាម​ការ​លទ្ធផ​ល​នៃ​ការ​ស្ទង់មតិ​ចំនួន​ពីរ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ បញ្ជាក់​ថា​ពលរដ្ឋនៅ​តំបន់​​ស្កុតឡែន​ដ៍​នឹង​បោះឆ្នោត​សុំ​ឯករាជ្យ​​ ប្រសិន​បើ​មាន​ប្រជាមតិ​។

សូម​បញ្ជាក់​ថា​ពេល​នេះ អង់គ្លេស​ស្ថិត​ក្នុង​សម្ពាធ​ជាង​ពេល​ណាៗ​ទាំងអស់ ក្រៅ​អំពី​ត្រូវ​រង​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ ចំនួន​ញត្តិ​លើ​វិបសៃត៍​សភា​សុំ​ធ្វើ​ប្រជាមតិ​ជា​ថ្មី​បាន​ឡើង​ដល់​ជាង​បី​លាន​នាក់ ចំណែក​ស្ថាប័ន​ធំៗ​របស់​អឺរ៉ុប​ទាំងអស់​កំពុង​ដាក់​សម្ពាធ​លើ​​រដ្ឋាភិបាលក្រុង​ឡុងដ៍​ដោយ​ចាប់​ភ្លាម​ដំណើរ​ការ​ចរចា​ចេញ​ពី​អឺរ៉ុប។ ប្រធាន​សភា​អឺរ៉ុប​បាន​ថែម​ទាំង​ព្រលយ​ពាក្យឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​សុំ​ចេញ​ជា​ផ្លូវការ​​ដោយ​ផ្ទាល់​មាត់ នៅ​ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​ស្អែក​នេះ ប្រសិន​បើ​មិន​ចង់​សរសេរ​សំបុត្រ​ជា​លាយ​លក្ខណ៍​អក្សរ។ ការ​សម្រេចចិត្ត​លឿន ដើម្បីកុំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ច្រើន ដែល​ជា​បុព្វហេតុ​បង្ក​អស្ថិរភាព​ និង​វិបត្តិ​ការងារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ