អានតួអត្ថបទ
អាល្លឺម៉ង់-អាមេនី-តួកគី

អាល្លឺម៉ង់៖​សភា​បាន​បោះឆ្នោត​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ សភា​បាន​បោះឆ្នោត​អនុម័ត​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២ មិថុនា​លើ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​ទទួល​ស្គាល់​អំពើ​ប្រល័យពូជសាសន៍​លើ​ប្រជាជន​អាមេនី។ ប្រទេស​តួកគី​ដែល​ជាប់​ចោទ​នឹង​ទង្វើ​ប្រល័យ​ពូជសាសន៍​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយចិត្ត និង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​ប៊ែរឡាំង​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ។ កាល​ពី​ថ្ងៃ​ពុធ ទី១ មិថុនា លោក​ប្រធានាធិបតី​តួកគី Erdogan ក៏​បាន​ទូរស័ព្ទ​ទៅ​លោកស្រី​នាយរដ្ឋមន្រ្តី​អាល្លឺម៉ង់ Merkel ដើម្បី​សម្តែង​ពី​ក្តី​បារម្ភ​របស់​ខ្លួន។

សមាជិក​សហគន៍​អាមេនី​លើក​បដា​អរគុណ​លើ​ការ​សម្រេចចិត្ត​របស់​សភា​អាល្លឺម៉ង់
សមាជិក​សហគន៍​អាមេនី​លើក​បដា​អរគុណ​លើ​ការ​សម្រេចចិត្ត​របស់​សភា​អាល្លឺម៉ង់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​ដោយ​មិន​ខ្វាយខ្វល់​ពី​ការ​ព្រមាន​របស់​តួកគី សមាជិក​សភា​អាល្លឺម៉ង់​សឹង​តែ​ទាំង​អស់​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​ចិត្ត​មួយ​ដោយ​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​អាមេនី។ សមាជិក​សភា​អាល្លឺម៉ង់​ភាគ​ច្រើន​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា សេចក្តី​សម្រេច​ចិត្ត​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​អាមេនី​មិន​មាន​គោលដៅ​ប្រឆាំង​រដ្ឋាភិបាល​តួកគី​បច្ចុប្បន្ន​ទេ តែ​ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​អាណាចក្រ​អូតូម៉ង់​នា​សម័យ​នោះ។ មួយ​វិញ​ទៀត សេចក្តី​សម្រេចចិត្ត​របស់​សភា​អាល្លឺម៉ង់​ពេល​នេះ​ក៏​សំដៅ​បង្កើត​មូលដ្ឋាន​ចំា​បាច់​មួយ​នៃ​ការ​ផ្សះផ្សាជាតិ​រវាង​ប្រជាជន​តួកគី និង​ប្រជាជន​អាមេនី។

គួរ​បញ្ជាក់​ជូន​ថា សេចក្តីសម្រេចចិត្ត​របស់​សភា​អាល្លឺម៉ង់​ក្នុង​ការ​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​អាមេនី​ក៏​បាន​និយាយ​ពី​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​របស់​អាល្លឺម៉ង់​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​របស់​តួកគី​ក្នុង​សម័យ​សង្រ្គាមលោក​លើកទី១​ដែរ។ កាល​ណោះ អាល្លឺម៉ង់​ត្រូវ​បាន​គេ​ជូន​ដំណឹង​ពី​ផែនការ​សម្លាប់​រង្គាល​លើ​ប្រជាជន​អាមេនី​ពី​សំណាក់​តួកគី តែ​បាន​បិទភ្នែក មិន​ធ្វើ​អ្វី​ទាំង​អស់។ ប្រតិកម្ម​ភ្លាមៗ​ពេល​នេះ ប្រទេស​អាមេនី​បាន​សាទរ​លើ​សេចក្តីសម្រេចចិត្ត​របស់​សភា​អាល្លឺម៉ង់។

តែ​តួកគី​បាន​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​យ៉ាង​ខ្លាំង។ ទីក្រុង​អង់ការ៉ា​បាន​បញ្ជាក់​ជា​ថ្មី​ថា គឺ​ក្នុង​សម័យ​សង្រ្គាមស៊ីវិល និង​គ្រោះទុរ្ភិក្ស​ទេ​ដែល​បាន​សម្លាប់​ប្រជាជន​អាមេនី​ពី ៣០០ ០០០ ទៅ ៥០០ ០០០នាក់ រួម​ទាំង​ប្រជាជន​តួកគី​ជា​ច្រើន​ម៉ឺននាក់​ផង​ដែរ។ អ្នកនាំ​ពាក្យ​របស់​​រដ្ឋាភិបាល​តួកគី​បាន​ឆ្លើយ​បក​ទៅ​អាល្លឺម៉ង់​វិញ​ភ្លាមៗ​ថា សេចក្តីសម្រេចចិត្ត​គ្មាន​ភស្តុតាង មិន​មូលដ្ឋាន​ច្បាស់លាស់​របស់​សភា​អាល្លឺម៉ង់​ពេល​នេះ ជា​កំហុស​ប្រវត្តិសាស្រ្ត​មួយ​ធំ​ណាស់ និង​ថា តួកគី​បាន​ចាត់​ទុក​សេចក្តីសម្រេច​នេះ​ជា​មោឃៈ។ ទន្ទឹម​គ្នា​នេះក្រុង​អង់ការ៉ា​ក៏​បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​ប៊ែរឡាំង​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ