អានតួអត្ថបទ

សហព័ន្ធ​បាល់​ទាត់​ពិភពលោក​ មាន​អគ្គលេខាធិការភេទ​ស្រី​ជា​លើក​ទី​មួយ

សហព័ន្ធបាល់ទាត់​ពិភពលោក FIFA ចង់​កែប្រែ​មុខមាត់ និង​ស្តារ​កិត្តិយស​ឡើង​វិញ បាន​ប្រកាស​តែង​តាំង កាលពី​ថ្ងៃ​សុក្រ និង​ជា​លើក​ទី​មួយ ស្ត្រី​ម្នាក់ មក​ពី​ទ្វីប​អាហ្វ្រិក ឱ្យ​កាន់​តួនាទីសំខាន់​ទីពីរ​របស់​​សហព័ន្ធ។ លោកស្រី ហ្វាតម៉ា សំបា ឌុហ្វ សាម៉ូរ៉ា មន្ត្រី​ទូត​របស់​អង្គការ​សហប្រជាជាតិ​ ត្រូវ​មក​កាន់​តួនាទី ជា​អគ្គលេខាធិការ សហព័ន្ធ​និង​មាន​បន្ទុក​ធ្ងន់​​ត្រូវ​ដឹកនាំ​សហព័ន្ធ​ធ្វើ​កំណែទម្រង់ ប៉ុន្តែ​លោកស្រី​គ្មាន​បទ​ពិសោធន៍​សោះ​ក្នុង​វិស័យ​កីឡា។

លោកស្រី Fatma Samba Diouf Samoura ថ្លែង​សុន្ទរកថា​ក្រោយ​ពេល​តែងតាំង​ជា​អគ្គលេខាធិការ​សហព័ន្ធបាល់ទាត់​ពិភពលោក
លោកស្រី Fatma Samba Diouf Samoura ថ្លែង​សុន្ទរកថា​ក្រោយ​ពេល​តែងតាំង​ជា​អគ្គលេខាធិការ​សហព័ន្ធបាល់ទាត់​ពិភពលោក ©AFP
ផ្សាយពាណិជ្ជកម្ម

មាន​សញ្ជាតិ​សេណេហ្កាល់ អាយុ​៥៤ ឆ្នាំ និងបទពិសោធន៍​២១​ឆ្នាំ​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Fatma Samba Diouf Samoura បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​បង្អស់ ដែល​មក​កាន់​កាប់​តួនាទី ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​ពិភពលោក FiFA។ សហព័ន្ធ​កីឡា​ដ៏​រុងរឿង តែ​​​តាំង​ពី​ជាង​មួយ​ឆ្នាំ​មកហើយ​ត្រូវ​រង​ព្យុះ​អាស្រូវ​ពុករលួយ​ ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មានប្រវត្តិ។

មាន​សញ្ញាប័ត្រ​ផ្នែក​ភាសា នៅLyon និង​ទំនាក់ទំនង​អន្តរជាតិ នៅ​Strasbourg លោកស្រី សាម៉ូរ៉ា ធ្លាប់​បាន​កាន់​តួនាទី​ជា​អ្នក​ទទួល​ខុស​ត្រូវ​កម្មវិធីស្បៀង​អាហារ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ កាមឺរូន នៅ​ម៉ាដាហ្កាស្ការ ឬ​នៅ​ជីប៊ូជី បច្ចុប្បន្ន​កំពុង​កាន់​តួនាទី​នៅ​ប្រទេស​នីហ្សេរីយ៉ា។ លោកស្រី សាម៉ូរ៉ា នឹង​ត្រូវ​ចូល​កាន់​តំណែង​អគ្គលេខាធិការ​សហព័ន្ធ​ ចាប់​ពី​ខែ​មិថុនាទៅ ជំនួស​លោក អគ្គលេខា​ចាស់​ជាតិ​បារាំង Jérôme Valcke ដែល​ត្រូវ​បណ្តេញ​តំណែង​កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ និង​បណ្តេញ​ចេញ​ពី​សហព័ន្ធ​រយៈ​ពេល​១២​ឆ្នាំ ពី​បទ​ពុករលួយ​ជួញ​ដូរ​សំបុត្រ​ពេល​រៀប​ចំ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​នៅ​ប្រេស៊ីល។

ការ​តែងតាំង​ស្ត្រី ឱ្យ​ដឹកនាំ​ពិភពកីឡា​ ពិភពមនុស្ស​របស់​មនុស្សនេះ និង​ដែល​គ្មាន​បទ​ពិសោធន៍​​ផ្នែក​ចំណាត់​ការ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ពិភពលោកសោះ​ដូច្នេះ បាន​បង្ក​បង្កើត​ជា​ការ​ភ្នាក់ផ្អើល​យ៉ាង​ខ្លាំង។ ប៉ុន្តែ​នាយក​សហព័ន្ធ ដែល​ទើប​ជាប់​ឆ្នោត​កាលពី​ខែ​កុម្ភៈ ដើម​ឆ្នាំ បាន​បញ្ជាក់​ថា លោកស្រី សាម៉ូរ៉ា ចូល​ចិត្ត​បាល់ទាត់ ដូច​ស្វាមី គឺ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ជាង​គេ​បំផុត​ សម្រាប់​ដឹកនាំ​រដ្ឋបាល​របស់FiFA។

លោកស្រី​សាម៉ូរ៉ា ដែល​ធ្លាប់​មាន​​ចំណាត់ការ​ល្អ ដឹកនាំ​ធ្វើ​កំណែទម្រង់​ប្រកប​ដោយ​តម្លាភាព​ ក្នុង​វិបត្តិ​មនុស្សធម៌ ត្រូវ​ត្រៀម​ខ្លួន​ប្រឈម​នឹង​ការងារ​ដ៏​លំបាក​មួយ​នៅ​ក្នុង​តួនាទី​ថ្មី។ ព្រោះ​សូម​បញ្ជាក់​ថា តាំង​ពី​ជាង​មួយ​ឆ្នាំ​មក​ FiFA បាន​ស្គាល់​រឿងអាស្រូវ​ពុក​រលួយ​ខ្លាំង​បំផុត ក្នុង​ជួរ​ថ្នាក់ដឹកនាំកំពូលៗ។ ការ​អង្កេតរបស់​តុលាការ​​អាមេរិក​និងស្វីស​ នៅតែ​បន្ត​ធ្វើ​មិន​ទាន់​ចប់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ