អានតួអត្ថបទ

លោក អូបាម៉ា អំពាវនាវ​ឱ្យ​អឺរ៉ុប​រួប​រួម​គ្នា​ ទើប​ខ្លាំង

នៅ​ថ្ងៃ​ចន្ទ​នេះ នា​ឱកាស​ជំនួបប្រជុំ៥​ប្រទេស​នៅ​ប្រទេស​អាល្លឺម៉ង់​ ​ជាមួយ​ជា​​ប្រមុខ​ដឹកនាំ​សំខាន់​ៗ​របស់​អឺរ៉ុប (បារាំង អង់គ្លេស អ៊ីតាលី និង​អាល្លឺម៉ង់) ​​ លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាន​អំពាវនាវ​ឱ្យ​ “អឺរ៉ុបផ្តុំ​កម្លាំង​និង​​រួបរួម​គ្នា”។ សេចក្តីអំពាវនាវ​នេះ ធ្វើ​ឡើង​​​ក្នុង​ខណៈ​ដែល​អឺរ៉ុប​កំពុង​ឆ្លង​កាត់​វិបត្តិ​ប្រេះឆាយ៉ាង​ខ្លាំង​​មិន​ធ្លាប់មាន ព្រោះ​តែ​​ការ​គំរាម​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស និង​ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​ចលនា​ជាតិ​និយមជ្រុល។

នាយក​រដ្ឋមន្ត្រី​​​អង់គ្លេស ប្រធានាធិបតី​អាមេរិក ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី នៅ​ក្រុង​ Hanover ថ្ងៃទី ២៥ មេសា ២០១៦
នាយក​រដ្ឋមន្ត្រី​​​អង់គ្លេស ប្រធានាធិបតី​អាមេរិក ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី នៅ​ក្រុង​ Hanover ថ្ងៃទី ២៥ មេសា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

“សហរដ្ឋ​អាមេរិក​និង​ពិភពលោក​ទាំង​មូល ត្រូវ​ការ​​ឃើញ​អឺរ៉ុប​ខ្លាំង សម្បូរ​សប្បាយ ប្រជាធិបតេយ្យ និង​រួបរួម​គ្នា​ជា​ធ្លុង​មួយ” ! នេះ​ជា​ប្រសាសន៍​របស់​លោក​អូបាម៉ា ពី​ទីក្រុង​ឧស្សាហកម្ម​អាល្លឺម៉ង់ Hanovre ដោយ​បានគូស​បញ្ជាក់​បន្ថែម​ទៀត​ថា​ អឺរ៉ុប​ដ៏​ចំណាស់​កំពុង​ឆ្លង​កាត់​ពេលវេលា​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្រ ដោយ​ហេតុ​តែ​ភាព​រង្គោះរង្គើ​ខ្លាំង​ពុំ​ធ្លាប់​មាន​ឡើយ​គិត​ចាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក។

បន្ទាប់​ពី​បានទៅ​​ព្រមាន​​អង់គ្លេសដល់​ផ្ទះ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប កាលពី​សប្តាហ៍​មុន នៅ​ថ្ងៃ​នេះ លោក​អូបាម៉ា បាន​ជ្រើសរើស​ប្រទេស​អាល្លឺម៉ង់ ដើម្បី​បង្ហើរ​​សារ​ណែនាំ​ឱ្យ​អឺរ៉ុប​ចេះ​រួបរួម​គ្នា និង​បាន​ដាស់​តឿន​អឺរ៉ុប​ថា សង្គ្រាម ជម្លោះ​ ប្រជែង​គ្នា​ថ្នាក់​ជាតិ គឺ​ជាប្រភព​នៃ​សង្គ្រាម​បង្ហូរ​ឈាម​ដ៏​រ៉ាំរ៉ៃ​កាលពី​ជិត​មួយ​សតវត្សរ៍​មុន។

សម្រាប់​លោក​អូបាម៉ា ដែល​យល់​ថា​អឺរ៉ុប​ត្រូវ​ការ​ការ​ដាស់តឿន​ពី​អ្នក​ខាង​ក្រៅ ប្រសិន​បើសហភាព​​អឺរ៉ុប មាន​សន្តិភាព​ មាន​ប្រជាធិបតេយ្យ និង​មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ ចាប់​ផ្តើម​សង្ស័យ​លើ​ខ្លួន​ឯង​ លើ​អ្វី​ដែល​សម្រេច​បាន​រាប់​ទសវត្សរ៍​កន្លង​មក មាន​ន័យ​ថា​អឺរ៉ុប​កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​ប្រឆាំង​កាន់​តែ​ខ្លាំង និង​គាំទ្រ​គំនិត​សហគមន៍​និយម។

​​ការ​ស្ទុះ​ឡើង​នៃ​ចលនា​ជាតិនិយម​ជ្រុលដោយ​ហេតុ​វិបត្តិ​អន្តោប្រវេសន៍ ការ​គំរាម​កំហែង​ដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ការ​គំរាម​កំហែង​ជីហាត​ អស្ថិរភាព​នៅអ៊ុយក្រែន ព្រមទាំង​សេដ្ឋកិច្ច​ត្រដាបត្រដួស បាន​ធ្វើ​អឺរ៉ុប​ធ្លាក់​​​ស្ថានភាព​រង្គោះរង្គើ​ជាង​ពេល​ណាៗ​ទាំង​អស់ និង​បាន​​ផ្តល់​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​រដ្ឋបាល​អាមេរិក។

ក្រៅ​អំពី​សារ​តើន​រំលឹក លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ទទូច​ឱ្យ​អឺរ៉ុប​លះ​បង់​គំនិត​គ្រប់​គ្រាន់​និយម​ ក្នុង​វិស័យ​ការពារ​ជាតិ កុំ​រំពឹង​តែ​លើ​ជំនួយ​ពី​មិត្ត​អាមេរិក​ឬ​អូតង់​ តែ​ត្រូវ​បង្កើន​ចំណាយ​យោធា​ខ្លះ និង​គាំទ្រ​បណ្តា​ប្រទេសអឺរ៉ុប​ខាងកើត ដើម្បី​អាច​ទប់​ទល់​នឹង​សម្ព័ន្ធ​សាមគ្គីភាព​ខាង​ត្បូង គឺ​តួកគី​ ស៊ីរី​និង​អ៊ីរ៉ាក់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ