អានតួអត្ថបទ

ខួប៥៥ឆ្នាំ នៃ​ការ​ បានបង្ហោះពលរដ្ឋរុស្ស៊ី ជាលើកដំបូង​ ចេញទៅអវកាស

គឺថ្ងៃ១២មេសា ឆ្នាំ១៩៦១ ដែល​សហភាព​សូវៀត បាន​បង្ហោះ​ពលរដ្ឋ​ខ្លួន នាម Yuri Gagarin ចេញ​ទៅ​អវកាស​មុន​គេ​បង្អស់ ដោយ​បើក​សករាជ​ថ្មី​ស្រឡះ​ក្នុង​ប្រវត្តិ​មនុស្សលោក។ តាំងពី​ពេលនោះ​មក រុស្ស៊ី​តែង​ប្រារព្ធ​ប្រកប​ដោយ​មោទនភាព​ទិវានេះ ក្នុង​ឋានៈ​ជា​ ទិវា​អវកាស​វិទ្យា។ ៥​ឆ្នាំ​មុន ជា​កិត្តិយស​ដល់​ខួប​៥០​ឆ្នាំ នៃ​ទិវា​នេះ មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី​៦៥ នា​ថ្ងៃ​៧​មេសាឆ្នាំ​២០១១ បាន​អនុម័ត​សេចក្តី​សម្រេច ប្រកាស​ទិវា ១២​មេសា ថាជា “ទិវា​អន្តរជាតិ​នៃ​ការហោះហើរ​របស់​មនុស្ស​ចេញ​ទៅ​អវកាស”។ រសៀល​ថ្ងៃ​១២​មេសា​ម្សិលមិញ លោក​ប្រធានាធិបតី ពូទីន តាមរយៈ Video-conference សំដែង​ការអបអរ​សាទរ ទៅ​កាន់​ក្រុម​អវកាសយានិក​អន្តរជាតិ​រុស្ស៊ី-អាមេរិកាំង-អង់គ្លេស មាន​គ្នា​៦​នាក់ ដែល​កំពុង​ស្នាក់​ធ្វើការ ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ ហោះ​នៅ​កំពស់ ៤២០​គ.ម.​ពី​ផែនដី។

រូប​ថត លោក Yuri Gagarin អវកាស​យានិក​រុស្ស៊ី​ដំបូង​គេ​ ដែល​បាន​ហោះ​ទៅ​ក្នុង​អវកាស ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ
រូប​ថត លោក Yuri Gagarin អវកាស​យានិក​រុស្ស៊ី​ដំបូង​គេ​ ដែល​បាន​ហោះ​ទៅ​ក្នុង​អវកាស ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ Reuters
ផ្សាយពាណិជ្ជកម្ម

កាលណោះ លោក Yuri Gagarin  បាន​ហោះ​នៅ​អវកាស​តែ ១ ម៉ោង​និង ៤៨នាទី ប៉ុន្តែ​វា​ជា​រយៈពេល​នាំ​ឲ្យ​បណ្តាជន​សូវៀត ភិតភ័យ​និង​បុក​ពោះ​ខ្លាច​ក្រែង មាន​ការ​ខុសទាស់ ផ្នែក​បច្ចេកទេស ហើយ​គាត់​មិន​អាច​ត្រឡប់​មក​ផែនដី​វិញ។ ក្នុង​រយៈពេល​១០៨​នាទី​នោះ យាន​អវកាស Vostok ទម្ងន់៤.៧២៥​គីឡូក្រាម ដែល​គាត់​ជិះ​ហោះព័ទ្ធ​បាន​១​ជុំ​ជុំ​វិញ​ផែនដី ឆ្លង​ផុត​ចម្ងាយ ៤​ម៉ឺន​១​ពាន់​គ.ម. តាម​តារាវិថី មាន​រាង​ពង​ក្រពើ កំពស់​ខ្ពស់​បំផុត​ពី​ផែនដី គឺ ៣០២​គ.ម. និង​កំពស់​ទាប​បំផុត ​គឺ​១៧៥គ.ម.។

 
គួរនិយាយថា ឆ្នាំ១៩៦១នោះ ជា​សម័យ​សង្គ្រាម​ត្រជាក់​ពេញ​បន្ទុក​តែម្តង នាំ​ឲ្យ​មាន​ការប្រជែង សឹង​ស៊ី​សាច់​គ្នា​រវាង​សហភាព​សូវៀត និង ស.រ.អា. ដើម្បី​បញ្ជូន​ពលរដ្ឋ​ខ្លួន​ទៅ​អវកាស​មុនគេ។

លទ្ធផល​ដែល​មាន គឺ​ថា​លុះ​៣​សប្តាហ៍​ក្រោយពី​សហភាព​សូវៀត ទើប​ស.រ.អា.​អាច​បង្ហោះ ពលរដ្ឋ​ខ្លួន ចេញ​ទៅ​អវកាស។ ពលរដ្ឋ​អាមេរិកាំង​ទី​១​នោះ ដែល​ជា​មនុស្ស​ទី​២ របស់​ផែនដី ហោះ​ចេញ​ទៅ​អវកាស គឺ​លោក Alan Shepard បាន​ត្រូវ​បង្ហោះ​ចេញ​ទៅ​នៅ​ថ្ងៃ ទី​៥​ឧសភា ឆ្នាំ ១៩៦១។ ជាការប្រៀបធៀប គាត់​បាន​ស្ថិត​នៅ​ក្នុង​អវកាស​តែ ១៥នាទី​និង​២៨​វិនាទី ដោយ​ឥត​បាន​ហោះ​ព័ទ្ធ ជុំវិញ​ផែន​ដី​ឯណា។ យានអវកាស Mercury ដែល​ផ្ទុក​រូប​គាត់​ទៅ គ្រាន់តែ​ហោះ​ឡើង​ដល់​កំពស់ ១៨០គ.ម. ក៏​ត្រឡប់​មក​វិញ ហើយ​ចុះ​ចត​ក្នុង​ទឹក​មហាសមុទ្រ​អាត្លង់ទិក។

ជាការកត់សម្គាល់ ពាក្យថា អវកាស គឺ​លំហ​ដែល​មាន​កំពស់ ចាប់​ពី ១០៣​គ.ម.ឡើង​ទៅ។

តាំងពី​ពេលនោះ​មក មាន​យាន​អវកាស​រាប់រយ បាន​ផ្ទុក​ទៅ​កាន់​អវកាស គឺ​មនុស្ស​ចំនួន​ជិត ៥០០​នាក់ របស់​ផែនដី ជា​ពលរដ្ឋ​រាប់​សិប​ប្រទេស ពី​ក្នុង​នោះ ជាតិ​រុស្ស៊ី តាម​តួលេខ​ថ្មី​បំផុត ចេញ​ថ្ងៃ​១៩​មីនា​ឆ្នាំ​២០១៦ គឺ​មាន​គ្នា ១២០​នាក់ ពីក្នុង​នោះ មាន​ស្ត្រី ៤​នាក់។

ពេល​សន្ទនា​តាម Video-conference ជាមួយ​ក្រុម​អវកាសយានិក​អន្តរជាតិ រុស្ស៊ី-អាមេរិកាំង-អង់គ្លេស មាន​គ្នា​៦​នាក់ ដែល​កំពុង​ស្នាក់​ធ្វើការ ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ ហោះ​នៅ​កំពស់ ៤២០គ.ម.​ពី​ផែនដី លោក​ពូទីន សំដែង​សេចក្តី​សង្ឃឹម​ថា តាមរយៈ​ការសហការ​គ្នា​នៅ​អវកាស រវាង​រុស្ស៊ី-អាមេរិក-ជប៉ុន-អឺរ៉ុប មុខ​ជា​នឹង​ជួយ​រក​ឲ្យ​ឃើញ ការយោគយល់​គ្នា កាន់តែ​ប្រសើរ​ឡើង នៅ​លើ​ផែនដី៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ