អានតួអត្ថបទ

ពួកភេរវជន លើកនេះបានបរាជ័យ ក្នុងការវាយប្រហារ ទៅលើទីស្នាក់ការ​ប៉ូលិស

ថ្ងៃចន្ទទី១១មេសា ក្នុងខេត្ត​មួយ ប៉ែក​ខាងត្បូង​ប្រទេស​រុស្ស៊ី មាន​ភេរវជន​បីនាក់ ប្រដាប់​ទៅ​ដោយ​គ្រាប់​បែក​ដៃ បាន​សាកល្បង​សម្រុក​ចូល​ទៅក្នុង​ទីស្នាក់ការ​ប៉ូលិស ពេល​ដែល​នៅ​ទីនោះ កំពុង​ប្រព្រឹត្ត​ទៅ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ប៉ូលិស។ ប៉ុន្តែ​ប៉ូលិស​ដែល​យាម​នៅ​ក្រៅ ចេះ​ប្រតិកម្ម​ទាន់​ពេល​វេលា ហើយ​បាញ់​សម្លាប់​ពួកនោះ ស្លាប់​ទៅ​ហើយ​នៅ​ចម្ងាយ​ម្តុំ ៦​ម៉ែត្រ ពី​ច្រកចូល ឃើញ​ដូច្នេះ ភេរវជន​ទី​៣ ក៏​បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៅ។ ខាង​ប៉ូលិស និង អ្នកស្រុក ឥត​មាន​នរណា​រង​គ្រោះ​ទេ។ ប៉ុន្តែ ជញ្ជាំង​ខាង​មុខ​បក​ប៉ូលិស ព្រមទាំង រថយន្ត​ប៉ុន្មាន​គ្រឿង​ចត​នៅ​ក្បែរ​នោះ បាន​រង​ការខូចខាត។

ប៉ូលិស​រុស្ស៊ី​នៅ​មុខ​ទីស្នាក់ការ​ក្រោយ​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត
ប៉ូលិស​រុស្ស៊ី​នៅ​មុខ​ទីស្នាក់ការ​ក្រោយ​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត © Reuters
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុនេះ បានកើតឡើង ក្នុងខេត្ត Stavropol ចម្ងាយ​ប្រមាណ​១.៣០០គ.ម. ខាង​ត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ។ ចំណែក​ពួក​ភេរវជន វា​បាន​ប៉ុនប៉ង​វាយ​ប្រហារ ​គឺ​ទៅ​លើ​បក​ប៉ូលិស​នៃ​ទី​ក្រុង​តូច​មួយ ឈ្មោះ Novosselitskoie មាន​បណ្តាជន ៨.៥០០នាក់ ស្ថិតនៅ​ចម្ងាយ ១២០គ.ម. ពីទី​រួម​ខេត្ត Stavropol។ ខេត្តនេះផ្ទាល់ ស្ថិត​នៅ​ជិត ខេត្ត​រុស្ស៊ី​ជាច្រើន​តំបន់​ភ្នំកូកាស ល្បី​ដោយ​អស្ថិរភាព​នៃ​ស្ថានការណ៍ផ្ទៃ​ក្នុង ​បែប​យ៉ាង ខេត្ត Daguestan Ingouchie Tchetchenie អុកឡុក ពី​មួយ​ពេល​ទៅ​មួយ​ពេល ដោយ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដែល​នៅ​តែ​ចង​គំនុំ ទល់​នឹង​ពួក​យោធា​រុស្ស៊ី តាំង​ពី​រង្វង់​ទសវត្សរ៍​ទី ៩០ ម៉្លេះ សម័យ​នៃ​ប្រតិបត្តិការ​កងទ័ព​រុស្ស៊ី បង្ក្រាប​រលក​ទាមទារ​ផ្តាច់​ទឹកដី​ខេត្ត​ទាំងនោះ ចេញ​ពី​សហព័ន្ធ​រុស្ស៊ី ដើម្បី​បង្កើត​ឡើង​ជា អាណាចក្រ​អ៊ីស្លាម ប្រចាំ​តំបន់​ភ្នំ​កូកាស។

 
“គណៈកម្មាធិការ​រុស្ស៊ី​ខាង​អង្កេត” ហៅកាត់​ថា SKR ស្រដៀង​នឹង FBI នៅ​ស.រ.អា. ក្រោយពី ពិនិត្យ​មើល សាកសព​ភេរវជន​បី​នាក់​នោះ សំអាង​លើ​ក្រយៅ​ម្រាមដៃ​របស់​ពួក​គេ​ជាដើម បាន​ប្រកាស​ថា ពួក​គេ​នោះ គឺ​ជា​អ្នក​ស្រុក​នៃ​ឃុំ​មួយ​នៅ​ជិត​ខាង ដែល​ធ្លាប់​បាន​ត្រូវ​តុលាការ​កាត់​ទោស​ទៅ​ហើយ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​គេ​បាន​ប្រព្រឹត្ត។

អភិបាលខេត្ត Stavropol លោក Vladimir Vladimirov ដោយ​ចាត់ទុក​ការវាយ​ប្រហារ​នោះ ថា​ជា​វិច្ឆេទកម្ម​បាន​ចេញ​បទ​បញ្ជា ឲ្យ​បង្កើន​ការការពារ​ទាំង​រាល់​អគារ​នៃ​អង្គការ​រដ្ឋអំណាច ទាំង​មតេយ្យ​សាលា សាលារៀន និង មន្ទីរពេទ្យ។

តបនឹង​សំនួរ តើ​ការ​វាយប្រហារ​នេះ ជា​ចម្លើយ​ឬ​ទល់​នឹង​ជោគជ័យ​នៃ​ប្រតិបត្តិការ កងអាកាស រុស្ស៊ី​នៅ​ស៊ីរី អ្នកនាំ​ពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ថ្លែងថា ដើម្បី​សន្និដ្ឋាន តើ​វា​ជា​អំពើ​ភេរវកម្ម ឬ ជា​ទង្វើ​ពួក​ចោរ​ព្រៃ គឺ​ត្រូវ​តែ​ដឹង​សិន តើ​វា​មាន​នរណា​ឈរ​នៅ​ពី​ក្រោយ?

គួររំលឹកថា កាលពី​ចុង​ខែ​មីនា​កន្លង​ទៅ នៅ​លើ​ដែនដី​ខេត្ត Daguestan មាន​ការបំផ្ទុះ​គ្រាប់បែក ផ្ទួនៗ​ដែល​សម្លាប់​ប៉ូលិស​អស់​ពីរ​នាក់ ហើយ​កាលណោះ បាន​ចេញ​មុខ ថ្លែង​ទទួល​ខុសត្រូវ គឺ​អង្គការ​ភេរវនិយម​”រដ្ឋ​អ៊ីស្លាម”​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ