អានតួអត្ថបទ
រុស្ស៊ី-អាមេរិក-ស៊ីរី

ប្រមុខ​ការទូត​រុស្ស៊ី​និង​អាមេរិក​ព្រមាន​ទល់​នឹង​ការ​”បំពុល​លំហ​ព័ត៌មាន”​ដោយ​រឿង​មិន​គោរព​តាម​បទ​​ឈប់បាញ់​នៅ​ស៊ីរី​

ជាទូទៅបទឈប់​បាញ់​នៅ​ស៊ីរី​ដែល​​ចូល​​ជាធរមាន​​បាន​​ជាង​​២​ថ្ងៃ​ហើយ​ ត្រូវ​​សាមី​​ភាគី​គោរព​​តាម​ទោះបី​​នៅ​​តាម​​កន្លែង​​ខ្លះ​​នៅ​មាន​​ការ​ផ្ទុះ​​អាវុធ​​មួយ​ដង​មួយកាល​ក្តី​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​ការ​​ចោទ​គ្នា​​ទៅ​​វិញ​​ទៅ​​មក។​ ម៉្លោះហើយ​បាន​​ជា​រដ្ឋមន្ត្រី​​ការបរទេស​​រុស្ស៊ី​យប់មិញ​ បាន​ទូរស័ព្ទ​​ទៅ​​សមភាគី​​អាមេរិក​​ក្នុង​ឋានៈ​​ជា​សហ​ប្រធាន​​នៃ”ក្រុម​អន្តរជាតិ​​គាំទ្រ​ស៊ីរី”​ ដើម្បី​ផ្លាស់​ប្តូរ​​មតិ​គ្នា​ជុំវិញ​​ដំណើរ​​បំពេញ​​តាម​កិច្ច​ព្រមព្រៀង​​ដែល​​ស្តី​អំពី​​ការ​បញ្ឈប់​យុទ្ធនាការ​​នៅ​​លើ​ដី​​ស៊ីរី។ 

លោក​John Kerry (ស្តាំ) និងលោក Serguei Lavrov
លោក​John Kerry (ស្តាំ) និងលោក Serguei Lavrov REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ជូនដំណឹង​នៃ​ក្រសួងការបរទេស​រុស្ស៊ី មាន​និយាយ​ថា ៖ ពេល​សន្ទនាគ្នា តាម​ទូរស័ព្ទ លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ និង លោក ឆន ឃេរី បាន​បញ្ជាក់ពី​សារៈសំខាន់​នៃ​ការ សម្រប​សម្រួល​គ្នា​តាម​កាណាល់​យោធា​រវាង​រុស្ស៊ី​និង​អាមេរិក ក្នុង​ឋានៈ​ជា​សហប្រធាន​នៃ​”ក្រុមអន្តរជាតិ​គាំទ្រ​ស៊ីរី”។ ទាំង​ប្រមុខ​ការទូត​រុស្ស៊ី​ទាំង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក សុទ្ធ​តែ​កត់សម្គាល់​ដូចគ្នា​ថា “ជាការ​មិនអាច​បណ្តោយ​ឲ្យមាន​ទៅ​កើត​ឡើយ ការ​គ្រវែង​ទៅ​បំពុល លំហព័ត៌មាន​រឿង​មិនគោរព​ស្អីណា​តាម​បទឈប់បាញ់។

 
ជាការរំលឹក​មួយ​ថ្ងៃ​មុន លោក​រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ី សាអ៊ូឌីត Adel al Jubeir ដោយ​ថ្លែង​​​ក្នុង​សន្និសីទ​កាសែត បាន​ចោទ​កង​អាកាស​រុស្ស៊ី​និង​ស៊ីរី ថា​រំលោភ​លើ​បទ​ឈប់បាញ់។ តាម​​សម្តី​គាត់​ការគោរព​តាម​បទឈប់បាញ់​គឺ​ជាទ្រនិច​សំខាន់​ចង្អុល​ឲ្យ​ឃើញ​ពី​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី​ឲ្យ​វិបត្តិ​ស៊ីរី​តាម​រយៈ​ការបង្កើត​ជា​របប​គ្រប់គ្រង​អន្តរកាល​និង​ការ​ផ្ទេរ​អំណាច​​ពី​ដៃ​លោក​អាសាដ​ទៅ​ឲ្យ​រដ្ឋបាល​បណ្តោះអាសន្ន​នេះ។ ពុំនោះសោត​ទេ នៅ​មាន​ផែន​ការ “ B “ ដែល​ប្រមើល​ឲ្យ​លោក​អាសាដ​ចុះចេញ​ពីតំណែងឬ​មួយ​ដោយ​ស្ម័គ្រចិត្ត​ឬមួយ​តាម​​ផ្លូវ​យោធា​បង្ខំ​ឲ្យ​គាត់​ចុះចេញ។

ចំណែកលោក​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Mikhail Bogdanov ប្រតិកម្ម​ថា​សេចក្តី​ថ្លែង​ការណ៍​​​របស់​ប្រមុខការទូត​អារ៉ាប៊ីសាអ៊ូឌីត គឺ​បញ្ច្រាស​ទាំងស្រុង​នឹង​សេចក្តីសម្រេច​ចេញ​​ដោយ​ក្រុម​ប្រឹក្សា​​សន្តិសុខ​អ.ស.ប. ហើយ​អនុម័ត​ជាឯកច្ឆន្ទ​ស្របនឹង​ការ​យោគយល់គ្នា​ទៅវិញទៅមក​ដែល​​មាន​សម្រេច​បាន​នៅ​ក្រុង Vienne ទាំង​មាន​ការ​ចូល​រួម​របស់​អារ៉ាប៊ីសាអ៊ូឌីត​ផ្ទាល់​ទន្ទឹម​នឹង ស.រ.អា. រុស្ស៊ី តួកគី។

រីឯ នាយក​មជ្ឈមណ្ឌល​រុស្ស៊ី​ខាង​ផ្សះផ្សា​ភាគី​បដិបក្ខ​នៅ​ស៊ីរី លោក​ឧត្តមសេនីយ Serguei Kouralenko បាន​ថ្លែង​ថា​ក្នុង​១​ថ្ងៃ​១​យប់​កន្លង​ទៅ ក្រោយពី​បទឈប់បាញ់​ចូល​ជា​ធរមាន មាន​​កត់ត្រា​ឃើញ តែ​៩​ករណី​ប៉ុណ្ណោះ​នៃ​ការ​រំលោភ​លើ​បទ​ឈប់បាញ់ ប៉ុន្តែ ជា​ទូទៅ​របប​ឈប់​បាញ់​ត្រូវ​សាមី​ភាគី​បំពេញ​តាម​ទេតើ។

ការឈប់បាញ់​នេះ គឺ​បើក​ផ្លូវ​ឲ្យ​អ.ស.ប. ដឹក​ក្នុង​៥​ថ្ងៃ​ចំពោះមុខ នូវ​ជំនួយ​មនុស្សធម៌​សំខាន់ ជា​អាយុ​ជីវិត​ទៅ​ផ្គត់ផ្គង់​ដល់​បណ្តាជន​ស៊ីរី​ជាង ១​សែន​៥​ម៉ឺន​នាក់​ដែល​រស់​នៅ​ក្នុង​តំបន់ ឡោមព័ទ្ធ​ជាប់​ហើយ​ក្នុង​ត្រីមាស​ទី១​នេះ​ គឺ​សម្រាប់​ជួយ​ដល់​អ្នកស្រុក​ស៊ីរី​ដល់​ទៅ​១​លាន​៧សែន​នាក់​ដែល​ជាប់​គាំង​ក្នុង​តំបន់​បែប​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ