អានតួអត្ថបទ

បារាំង​និង​អាល្លឺម៉ង់អំពាវនាវឱ្យ​រក្សា​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប

មួយ​ថ្ងៃ​មុន​បើក​ជំនួប​កំពូល​អឺរ៉ុប ដើម្បី​សម្រេច​ជោគវាសនា​អង់គ្លេស ថា​ត្រូវ​ដើរ​ចេញ ឬ​មិន​ដើរ​ចេញ​​ពី​សហភាព​អឺរ៉ុប ប្រមុខដឹកនាំ​ប្រទេសធំៗរបស់​សហភាព​ ជាពិសេស​និង​ប្រមុខ​​រដ្ឋាភិបាល បារាំង​និង​អាល្លឺម៉ង់ បាន​បង្កើនការពារ​អង់គ្លេស និង​កា​រអំពាវនាវ​ខ្លាំង​ឡើងៗ ឱ្យ​ប្រទេស​ជា​សមាជិក​​ទាំង​២៨ ព្រមទទួល​សំណើ​កំណែទម្រង់​ ដើម្បី​ទប់​អង់គ្លេស​កុំ​ឱ្យ​ដើរ​ចេញ​ពី​អឺរ៉ុប​បាន។

អឺរ៉ុប​រៀប​ចំ​បង្ហូត និង​លម្អ​ទង់ជាតិ​អង់គ្លេស ពេល​បើក​ជំនួប​កំពូល​​​នៅសភា​អឺរ៉ុប នា​ទីក្រុងព្រុចសែល
អឺរ៉ុប​រៀប​ចំ​បង្ហូត និង​លម្អ​ទង់ជាតិ​អង់គ្លេស ពេល​បើក​ជំនួប​កំពូល​​​នៅសភា​អឺរ៉ុប នា​ទីក្រុងព្រុចសែល © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​អង់គ្លេស​ដើរ​ចេញ​អឺរ៉ុប នោះ​ពិតរង​ការ​ឈឺ​ចាប់​បំផុត និង​មាន​រូបភាព​មិន​ល្អ​ទេ សម្រាប់​ក្រសៃ​ភ្នែក​ពិភពលោក ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ដែល​បាន​បង្ហាញ​ជំហរ​ជឿជាក់​ថា និង​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ទាំង​២៨​ព្រមទទួល​យក​​​កិច្ចព្រមព្រៀង​បឋម​ ធ្វើ​កំណែទម្រង់​ ស្រប​តាម​ឆន្ទៈ​របស់​អង់គ្លេស និង​ដើម្បី​រក្សា​អង់គ្លេស ឱ្យ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ជា​បន្ត​ទៀត។

ចំណែក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​វិញ បាន​អះអាង​ថា ការ​ទាមទារ​របស់​អង់គ្លេស​មួយ​ភាគ​ធំ ជា​សំណើ​សមហេតុផល និង​មិន​មែន​ដើម្បី​តែ​ប្រយោជន៍​អង់គ្លេស​​មួយ​ប៉ុណ្ណោះ តែ​កំណែទម្រង់​នេះ នឹង​ក្លាយ​ជា​ប្រយោជន៍​រួម​សម្រាប់​អឺរ៉ុប​ទាំង​មូល។ សម្រាប់​លោក​ស្រី​រក្សា​សមាជិកភាព​អង់គ្លេសដែល​ជា​ប្រទេស​ខ្លាំង នឹង​ធ្វើ​ឱ្យ​អឺរ៉ុប​នៅ​តែ​ខ្លាំង។

 
សូម​បញ្ជាក់​ថា  កាលពី២​កុម្ភៈ ​ក្រុមប្រឹក្សា​អឺរ៉ុប​ បានរក​ឃើញ​គម្រោង​កិច្ចព្រមព្រៀង​​បឋម​មួយ ធ្វើ​កំណែទម្រង់ ដែល​មាន​លក្ខណៈ​ស្រប​តាម​សំណើ​ចង់​បាន​របស់​អង់គ្លេស​ស្ទើរ​តែ​ទាំង​អស់ ជា​ថ្នូរ​នឹង​ការ​រក្សា​អង់គ្លេស​ក្នុង​សហភាព។ កិច្ចព្រមព្រៀង​បឋម​នេះ ត្រូវ​ដាក់​ជូន​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨ ​សម្រេចចិត្ត​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​នេះ។ ក៏​ប៉ុន្តែ រវាង​បញ្ហា​អន្តោប្រវេសន៍ បញ្ហា​បូរណភាព​ដែនដី អភិបាលកិច្ច​សេដ្ឋកិច្ច មាន​ចំណុច​ជា​ច្រើន​ដែល​សមាជិក​អឺរ៉ុប​​មិន​ព្រមតាម។

ប្រសិន​បើកិច្ចព្រមព្រៀង​បឋម​ អាច​កើត​ចេញ​ជា​កិច្ចព្រមព្រៀង​ពេញ​លេញ នោះនឹង​មាន​ការ​ធ្វើ​ប្រជាមតិ​នៅ​អង់គ្លេស នៅ​រដូវ​ក្តៅ​ខាងមុខ។ ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស លោក ដេវីត កាមឺរោន មាន​កាតព្វកិច្ច​ចេញ​​ឃោសនា​ភ្លាម​ការពារ​សមាជិកភាព​អង់គ្លេស​ក្នុង​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ