អានតួអត្ថបទ

អង្គការ​សុខភាព​ពិភពលោក​ ៖ នឹង​មាន​អ្នក​ជំងឺ​ហ្ស៊ីកា (Zika) កើន​ដល់​៣​ទៅ​៤​លាន​នាក់​នៅ​អាមេរិក

ជំងឺគ្រុន​ហ្ស៊ីកា ជំងឺ​ស្រាល​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក​ឱ្្យ​ស្លាប់​ ឬកើត​មក​មាន​​ក្បាល​តូច​ខុស ប្រក្រតី​ អាច​នឹង​រាតត្បាត​ ដូច​លាជ​ផ្ទុះ​ ពេញ​ទ្វីប​អាមេរិក​​តែ​ម្តង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោកស្រី ម៉ាហ្ការែត​ ចាន់ អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក ដែល​ព្យាករ​ថា​នឹង​មាន​អ្នក​កើត​ជំងឺ​ហ្ស៊ីកាកើន​​ដល់​ទៅ​​៣​-​៤​លាន​នាក់ នៅ​ទ្វីប​អាមេរិក។

លោកស្រី​អគ្គ​នាយក​អង្គការ​សុខភាពពិភពលោក  Margaret Chan កោះប្រជុំ​បន្ទាន់​ នៅ​ចំពោះ​មុខ​ការ​រាត​ត្បាត​នៃ​ហ្ស៊ីកា
លោកស្រី​អគ្គ​នាយក​អង្គការ​សុខភាពពិភពលោក Margaret Chan កោះប្រជុំ​បន្ទាន់​ នៅ​ចំពោះ​មុខ​ការ​រាត​ត្បាត​នៃ​ហ្ស៊ីកា REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ប្រឈម​មុខ​នឹងស្ថានភាព​ធ្ងន់ធ្ងរ​​នៃ​ការ​រាតត្បាត​ជំងឺ​​ហ្ស៊ីកា អង្គការ​សុខភាពពិភពលោក បាន​កោះ​ប្រជុំ​​គណៈកម្មាធិការ​ជំនាញ​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ ដើម្បី​វាយ​តម្លៃ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ការ​រាតត្បាត​របស់​ហ្ស៊ីកា គំរាមកំហែង​​សុខភាព​សាធារណៈ​ និង​អន្តរជាតិ​បន្ទាន់​ប៉ុណ្ណា។

 

​វីរ៉ុស​ហ្ស៊ីកា ដែល​ទើប​ចេញ​មុខ​​ជា​ថ្មី នៅ​ប្រេស៊ីល​ កំពុង​​បន្ត​ការ​រាត​ត្បាត​យ៉ាងលឿន​ស្លេវ ឆ្លង​ទ្វីប ​កំរិត​ពិភពលោក។ មាន​ប្រទេស​ចំនួន​២៣​នៅ​ក្នុង​ទ្វីបអាមេរិក​ ​និង​នៅក្នុង​តំបន់​ កំពុង​រង​ការ​រាតត្បាត​ខ្លាំង រហូត​ទាញ​សញ្ញា​អាសន្ន​កំរិត​ខ្ពស់​បំផុត។ គិត​តឹម​ពី​ខែ​ធ្នូ​មក នៅ​ប្រទេស​ហុងឌុយរ៉ាស មាន​ករណី​កើត​ហ្ស៊ីកា​១ពាន់​នាក់។ ​ចំណែក​​ប្រេស៊ីល​ ​រង​គ្រោះ​ខ្លាំង​គេ ដោយ​មាន​អ្នក​ឆ្លង​ហ្ស៊ីកា ប្រមាណ​១លាន​៥​សែន​នាក់។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក ដែល​ព្យាករ​ថា​នឹងមាន​ករណី​ហ្ស៊ីកាឡើង​​ដល់​បី​បួន​នាក់​​នៅលើ​ទ្វីប​អាមេរិក នាពេល​ឆាប់ៗ​នេះ។

ក្រៅ​អំពី​អាច​ធ្វើ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ឬ​​កើត​មក​ក្នុងទម្រង់​មិន​ត្រឹម​ត្រូវ អង្គការ​សុខភាព​ពិភពលោក បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជាពិសេស ចំពោះភាព​ប្រឈម​របស់​​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់ទល់​នឹង​ហ្ស៊ីកា​​ ​ ខ្លាច​គ្មាន​ប្រព័ន្ធ​ការពារ​ខ្លួន​គ្រប់គ្រាន់​ប្រឆាំង​នឹង​​ចម្លង​វីរ៉ុស​ពី​ម៉ូស​ខ្លា និង​គ្មាន​ការ​វិភាគ​រោគ​សញ្ញា​បាន​ទាន់​ពេលវេលា។

បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោកស្រី​អគ្គនាយក​អង្គការ​សុខភាពពិភពលោក ស្ថានភាព​អាកាសធាតុ​ ប្រែប្រួល​ខ្លាំង​តាំង​ពី​​ឆ្នាំ​២០១៥មក​នេះ បាន​អនុគ្រោះ​ឱ្យ​មាន​ម៉ូស​កើត​ច្រើន និង​បន្ត​កើន​ឡើង​ទៀត​នៅ​ឆ្នាំ​២០១៦​នេះ។ គេ​ពុំ​ទាន់​អាច​​ពន្យល់​បាន​អំពី​មូលហេតុ​នៃ​វីរ៉ុសហ្ស៊ីកា​និង​ការ​លូត​លាស់​មិន​ប្រក្រតី​របស់​ទារក​ទេ ហេតុដូច្នេះ​ហើយ​បាន​ជា​​អង្គការ​នៅ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ​ដោយ​ត្រឹម​​ណែនាំ​​ឱ្យ​អាជ្ញាធរ​និង​ពលរដ្ឋ​ នាំ​គ្នា​កម្ចាត់​ម៉ូស​ និង​ប្រើ​ថ្នាំ​ការពារ​កុំ​ឱ្យ​ម៉ូស​ខាំ។ អង្គការ​កាកបាទ​ក្រហមវិញ បាន​ទាមទារ​ឱ្យ​វិធានការ​បន្ទាន់​ទប់​ស្កាត់​ការ​រាត​ត្បាត។ ក្រសួង​សុខាភិបាល​បារាំង​​បាន​ចេញ​សេចក្តី​ណែនាំ​ស្ត្រី​មាន​ផ្ទៃពោះ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់​អាមេរិក​ខាង​ត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ