អានតួអត្ថបទ

អ៊ុយក្រែន បើក”ផ្លូវសូត្រ”ថ្មី ទៅ អាស៊ីកណ្តាល និង ចិន ដោយឃ្វាងប្រទេសរុស្ស៊ី

“ជាលទ្ធផល​នៃ​កិច្ចចរចា ជាមួយ​អាស៊ែរបេដហ្សាន និង កាហ្សាក់ស្ថាន ជុំវិញ​តម្លៃ​ដឹក​ឆ្លង​កាត់​ប្រទេស​ទាំងនេះ នៅ​ថ្ងៃ​១៥​មករា​ខាង​មុខ អ៊ុយក្រែន​នឹង​ចាប់​ផ្តើម​ពិសោធន៍​មើល​ជើង​បើកបរ នៃ​រថភ្លើង​ខ្លួន​ដឹក​ទំនិញ​តាម​ខ្សែ​ផ្លូវដែក អ៊ុយក្រែន-ហ្ស៊កហ្ស៊ី- អាស៊ែរបេដហ្សាន- កាហ្សាក់ស្ថាន លុះ​រហូត​ដល់​ប្រទេស​ចិន” - សេចក្តី​នេះ ត្រូវ​បាន​ប្រកាស ដោយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល ថ្ងៃ​ពុធ​ម្សិលមិញ។

នាយក​រដ្ឋមន្រ្តី​អ៊ុយក្រែន​លោក​ Arseny Yatseniuk ប្រកាស​បើក​ផ្លូវ​ដឹក​ទំិនិញ​ថ្មី បង្វៀង​រុស្ស៊ី
នាយក​រដ្ឋមន្រ្តី​អ៊ុយក្រែន​លោក​ Arseny Yatseniuk ប្រកាស​បើក​ផ្លូវ​ដឹក​ទំិនិញ​ថ្មី បង្វៀង​រុស្ស៊ី REUTERS/Andrew Kravchenko/Pool
ផ្សាយពាណិជ្ជកម្ម

ជើងបើកបរតាមផ្លូវដែកថ្មីនេះ នឹង​ប្រព្រឹត្ត​ទៅ គឺ​ដោយ​ប្រើ​ទាំង​សាឡាង​ឆ្លងកាត់ សមុទ្រ​ពីរ គឺ​សមុទ្រ​ខ្មៅ​ផង សមុទ្រ​Caspienne ផង។

 
ជើងរថភ្លើង​ថ្ងៃមុខ ដែល​មាន​លក្ខណៈ​បង្ហាញ​ឲ្យ​គេ​ស្គាល់ នឹង​ក្លាយ​ទៅ​ជា​ការបើក​ផ្លូវ​ដែល​ជា​ជម្រើស​ថ្មី សម្រាប់​ដឹក​ទំនិញ​ចេញ​ពី​អ៊ុយក្រែន ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ី​កណ្តាល។ រថភ្លើនេះ នឹង​ចេញ​ដំណើរ​តាម​សាឡាង​លើ​ផ្ទៃ​ទឹក​មាត់​សមុទ្រ​ខ្មៅ នៅថ្ងៃ​១៥​មករា គឺ ពី​ក្រុងផែ Ilichevsk នៃ​ខេត្ត​អូដេស្សា អ៊ុយក្រែន លុះ​រហូត​ដល់​ក្រុង​ផែ​ឈ្មោះ Batoumi របស់​ហ្ស៊កហ្ស៊ី នៅ​មាត់​សមុទ្រ​ខ្មៅ​ដែរ។

បន្ទាប់មក រថភ្លើងនេះ នឹង​លូន​តាម​ដែនដី​ហ្ស៊កហ្ស៊ី ឆ្លង​ចូល​ដែនដី​អាស៊ែរបេដហ្សាន ហើយ ដើម្បី​ទៅ​ដល់​កាហ្សាក់ស្ថាន គឺ​ត្រូវ​ឆ្លង​សាឡាង​មួយ​លើក​ទៀត កាត់​តាម​សមុទ្រ Caspienne។

តាមការពន្យល់បំភ្លឺនៃ លោកប្រមុខរដ្ឋាភិបាល​អ៊ុយក្រែន អារសេនី យ៉ាត់សេញុក គឺ​ដោយ​មកពី​បម្រាម​ហាម​មិន​ឲ្យ​ទំនិញ​អ៊ុយក្រែន​ដឹក​ឆ្លងកាត់​ដែនដី​រុស្ស៊ី​ទៀត​ឡើយ បាន​ជា​ក្រុង​គៀវ ស្វែង​រក​ផ្លូវថ្មី​សម្រាប់​ដឹក​ទំនិញ​ខ្លួន ទៅ​កាន់​ទីផ្សារ​ណា ដែល​អ៊ុយក្រែន​នៅ​តែ​បន្ត​ចាត់ទុក ជា​របស់​ខ្លួន​ដដែល។

ពួកអ្នកត្រាយផ្លូវថ្មីនេះ សង្ឃឹមថា វានឹង​ក្លាយ​ទៅ​ជា “ផ្លូវ​សូត្រ” សម័យ​ថ្មី ដើរតួ​ជំនួស​ផ្លូវ​ដែល​កាលពី​មុន ធ្លាប់​តែ​កាត់​តាម​ដែនដី​រុស្ស៊ី ក្នុង​ឋានៈ​ជា​ច្រក​នាំ​ទំនិញ​អ៊ុយក្រែន​ចេញ​ទៅ​ក្រៅ។

ជាការកត់សម្គាល់ រុស្ស៊ី​អនុវត្ត​បម្រាម​នេះ គឺ​ក្រោយ​ពី កិច្ចព្រមព្រៀង​ស្តី​អំពី​ការភ្ជាប់ខ្លួន​របស់​អ៊ុយក្រែន ទៅ​នឹង​លំហ​ពាណិជ្ជកម្ម​សេរី របស់​សហភាព​អឺរ៉ុប ចូល​ជា​ធរមាន តាំងពី​ថ្ងៃ ទី​១​មករា ឆ្នាំ២០១៦​នេះ​មក៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ