អានតួអត្ថបទ

រដ្ឋាភិបាលរុស្ស៊ី ត្រៀមកាត់បន្ថយ១០% ខ្ទង់ចំណាយនៃថវិកា

រដ្ឋាភិបាលរុស្ស៊ី កំពុង​រៀបចំ​ខ្លួន​កាត់បន្ថយ​ដល់​ទៅ​១០% ខ្ទង់​ចំណាយ​នៃ​ថវិកា ដើម្បី​សម្រប​សេដ្ឋកិច្ច​ជាតិ​រុស្ស៊ី ទៅ​នឹង​ស្ថានការណ៍​បណ្តាល​មកពី​ការស្រុត​ចុះ​យ៉ាង​ខ្លាំង នៃ​តម្លៃ​ប្រេង​លើ​ទី​ផ្សារ​ពិភពលោក ដ្បិត​ដោយ​មកពី​ការធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ខ្ទង់​ចំណូល​របស់​ថវិកា​រុស្ស៊ី ចេះ​តែ​រួញ​ខើច​ទៅ - ដំណឹង​នេះ បង្ហើប​ឲ្យ​ដឹង​ដោយ​កាសែត​សេដ្ឋកិច្ច ក្រុង​ម៉ូស្គូ ឈ្មោះ Vedomosti លេខ​ថ្ងៃ​អង្គារ​ទី​១២មករា។

រុស្ស៊ី​កាត់​បន្ថយ​ថវិកា​១០% បន្ទាប់​ពី​តម្លៃ​ប្រេង​ និង​ទីផ្សារ​ភាគហ៊ុន​ដាំដូង​
រុស្ស៊ី​កាត់​បន្ថយ​ថវិកា​១០% បន្ទាប់​ពី​តម្លៃ​ប្រេង​ និង​ទីផ្សារ​ភាគហ៊ុន​ដាំដូង​
ផ្សាយពាណិជ្ជកម្ម

ការស្រុតចុះនៃតម្លៃ”មាសខ្មៅ” ដែល​បូក​ជាមួយ​ឧស្ម័ន គឺ​តែង​នាំ​ចំណូល​ក្រាស់ក្រែល​​ដល់​រដ្ឋ​រុស្ស៊ី បាន​បន្ត​អូសទាញ​ទៅ​ជាមួយ​វា​ក្នុង​ថ្ងៃ​អង្គារ​ម្សិលមិញ ទាំង​ទីផ្សារ​ហិរញ្ញវត្ថុ​រុស្ស៊ី នាំ​ឲ្យ​ទ្រនិច​លេខ​នៃ​ទីផ្សារ​ភាគហ៊ុន​ក្រុង​ម៉ូស្គូ RTS និង​អត្រា​ប្រាក់​រូប្ល​ធ្លាក់​យ៉ាង​គំហុក ដល់​កម្រិត ទាប​បំផុត បើ​គិត​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៤​មក។

 
ថវិកាឆ្នាំ២០១៦នេះ ត្រូវបាន​តាក់តែង​ឡើង ដោយ​រដ្ឋ​រុស្ស៊ី​គ្រោង​ថា តម្លៃ​ប្រេង​ក្នុង​១​ធុង គឺ ៥០​ដុល្លារ ប៉ុន្តែ​ឥឡូវ​ជាក់ស្តែង គឺ​តែ​ម្តុំ​៣០​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​លោក​ប្រធានាធិបតី​ពូទីន បាន​ដាក់​ទិស ឲ្យ​ទ្រទ្រង់​ឧនភាព​ថវិកា ក្នុង​ទំហំ​កុំលើស​សោះ​ឡើយ​ពី​៣%​នៃ​ផលិតផល​សរុប ក្នុង​ប្រទេស ហៅថា GDP ដើម្បី​ការពារ “ឯករាជ្យ​ហិរញ្ញវត្ថុ”​ប្រទេស​រុស្ស៊ី។

យោងទៅលើមន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ កាសែត​សេដ្ឋកិច្ច Vedomosti ចុះ ផ្សាយ​ថា ទៅ​ទល់​ថ្ងៃ​សុក្រ​ខាងមុខ ក្រសួង​ទាំងឡាយ​ត្រូវ​កំណត់ តើ​ដោយ​របៀប​ណា​ដែល​គេ​នឹង​បន្ថយ​១០% ខ្ទង់​ចំណាយ​នៃ​ថវិកា។

លោករដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ពី​ចំណែក​គាត់​លំអិត​ថា ការកាត់​បន្ថយ​ទាំងនេះ មិន​ត្រូវ​ប៉ះពាល់ ​ឡើយ ដល់​ប្រាក់ខែ​ពួក​មន្ត្រី​រដ្ឋការ និង​ពួក​យោធា។

គួរនិយាយថា កាលពីកណ្តាល​ឆ្នាំ​មុន នៅ​រុស្ស៊ី​មាន​លេចចេញ​មក​ជា​សញ្ញា នៃ​ស្ថិរភាព​សេដ្ឋកិច្ច លុះ​ទាល់​តែ​រដ្ឋាភិបាល ខំ​សង្ឃឹម​ថា​អាច​ងើប​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​រលក​បោកបក់ ហិរញ្ញវត្ថុ​ឥឡូវ​នេះ ស្រាប់តែ​នាំ​ឲ្យ​ខូច​ការ​ទៅ​ហើយ ដល់​សេណារីយ៉ូ ដែល​មាន​គ្រោង​ទុក។

ព្រមជាមួយនេះ រដ្ឋរុស្ស៊ីទើប​ប្រកាស​ធ្វើ​ជា​តូបនីយកម្ម ធនាគារ​ពាណិជ្ជជាតិ​រុស្ស៊ី ហៅ​កាត់ថា RNCB ជាធនាគារ​ដើរ​តួ​គន្លឹះ​សម្រាប់​សេដ្ឋកិច្ច​ទៀប​កោះ​គ្រីមេ ប៉ុន្តែ​ដែល​ជាប់​ក្នុង​ទណ្ឌកម្ម ស.រ.អា. មកពី​ត្រូវ​ក្រុងវ៉ាស៊ីនតោន ចោទ​អាជ្ញាធរ​រុស្ស៊ី ថា​ប្រើ​ធនាគារ​នេះ សម្រាប់​លេប​យក​ទឹកដី​គ្រីមេ។    
ធនាគារនេះ ជាប់ចំណាត់ថ្នាក់ទី៩០ ក្នុងបញ្ជីធនាគារចំនួន ៧០០ នៅរុស្ស៊ី ត្រូវបានបង្កើតឡើង នៅម៉ូស្គូ ក្នុងឆ្នាំ១៩៩០ ហើយរើទៅ​នៅ​គ្រីមេ​ភ្លាម ក្រោយពី​ទឹកដី​នេះ ចូល​មក​ក្នុង​សហព័ន្ធ​រុស្ស៊ី កាលពី ខែ​មីនាឆ្នាំ​២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ