អានតួអត្ថបទ

បារាំង ៖ អ្នក​មើល​ថែក្មេងម្នាក់​ត្រូវ​ជាប់​ចោទ​ដោយ​បាន​​អង្រួន​កូន​គេ​ដល់​ស្លាប់

ប្តី​ប្រពន្ធ​​អ្នក​មើល​ថែ​ក្មេង​មួយ​គូ ត្រូវ​ជាប់​ចោទ និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តុលាការ ​បន្ទាប់​ពី​មាន​ជាប់​​សង្ស័យ​ថា​បាន​អង្រួនក្បាល​​ទារក​អាយុ​១០​ខែ​ ខ្លាំង​ជ្រុល រហូត​ក្រឡក​ខួរ ​ហូរ​ឈាម​ក្នុង​ក្បាល​ដល់​ស្លាប់។ ការ​អង្រួន​ក្បាល​ ជា​កាយ​វិការ​ស្រាល​សម្រាប់​មនុស្ស​ចាស់ តែ​ផ្តល់​ផលវិបាក​មិន​អាច​ស្តារ​បានឡើយ​ចំពោះ​កុមារ។

ការ​លើក​កញ្ឆក់​ទារក​ដល់​គ្រវី​ក្បាល​ងក់ងើៗ ជា​កាយ​វិការ​ដ៏​គ្រោះថ្នាក់
ការ​លើក​កញ្ឆក់​ទារក​ដល់​គ្រវី​ក្បាល​ងក់ងើៗ ជា​កាយ​វិការ​ដ៏​គ្រោះថ្នាក់
ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​​សង្គ្រោះ​បន្ទាន់​ ​នៃ​មន្ទីរ​ពេទ្យកុមារ​ក្រុង​ប៉ារីស បាន​ទទួល​ត្រួត​ពិនិត្យ​និង​ព្យាបាលទារក​អាយុ​១០​ខែនោះ​​ភ្លាម នៅ​ពេល​ស្ត្រី​មើល​ថែ​ក្មេង​ ដឹក​យក​ទៅ​ពេទ្យ ដោយ​អះអាង​ថា​​ក្មេង​មាន​អាការៈ​មិន​ស្រួលខ្លួន។

ប៉ុន្តែ​នៅ​ពេល​ឪពុក​ម្តាយ​បង្កើត​មក​ដល់ ទើប​ក្រុម​គ្រូពេទ្យ​បាន​​ពន្យល់​អំពី​អាការៈ​រោគ​សញ្ញា ថា​បង្ក​ឡើង​ដោយ​ការ​អង្រួន​ក្បាល​ខ្លាំង​។ ការ​វះ​កាត់​ ពុះ​លលាដ៏​ក្បាល​ ដើម្បី​បូម​ឈាម​ ដែល​ហូរ​ធ្លាយ​ក្នុង​ខួរ​ក្បាល ព្រមទាំង​ការ​ព្យាបាលសម្រុក​​ទាំង​យប់​ទាំង​ថ្ងៃ ជា​ច្រើន​ថ្ងៃ​ នៅ​តែ​មិន​អាច​ជួយ​សង្រ្គោះ​ជីវិត​កុមារ​​១០​ខែ​នេះ​បាន​ឡើយ។

ពេល​នេះ ស្ត្រី​អ្នក​មើល​ថែ​ក្មេង​ អាយុ​៥៤​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ទារក​ដ្ឋាន​​របស់​សាលា​ក្រុង និង​ប្តី​អាយុ​៦៥ឆ្នាំ​ ត្រូវ​រង​បទ​ចោទ​ប្រកាន់​ និង​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តុលាការ ជា​ថ្នូ​រ​នឹង​បណ្តឹង​សុំ​ដាក់​ឃុំ​ឃាំង​ជា​បណ្តោះអាសន្ន ស្នើ​ឡើង​ដោយ​ក្រុមគ្រួសារ​កុមារ​រង​គ្រោះ។ ស្ត្រី​រូប​នេះ​មាន​បទ​ពិសោធន៍​ការងារ និងបាន​ទទួល​សិទ្ធិ​មើល​ថែកុមារ (ទារកដ្ឋាន​តាម​ផ្ទះ) តាំង​ពី​ឆ្នាំ​១៩៩០​មក​ មិន​ដែល​មានឈ្មោះ​មិន​ល្អ​ក្នុង​បញ្ជី​ប៉ូលិស​ទេ។ ទាំង​ប្តី ទាំង​ប្រពន្ធ សុទ្ធ​តែ​បាន​បដិសេធ​ ថា​មិនបាន​អង្រួន​ក្មេង​ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​ក្មេង​បាត់​ស្មារតី​ដួល​សន្លប់​ទេ។ ប្រសិន​ដូច​ការ​ចោទ​ប្រកាន់​មែន នោះ​​ប្តីប្រពន្ធ​អ្នក​មើល​ថែក្មេង​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១៥​ឆ្នាំ ពីបទ​ហិង្សា​លើ​ក្មេង​មិន​ទាន់​ពេល​វ័យ។

សូម​បញ្ជាក់​ថា ការ​ចាប់​អង្រួន​ក្មេង មួយ​វឹង​ដោយ​កំហឹង ឬ​ដោយ​មិន​ប្រុង​ប្រយ័ត្ន ជា​ទង្វើ​ស្រាល​សម្រាប់​មនុស្ស​ចាស់ ប៉ុន្តែ​សម្រាប់​ក្មេង​ក្រោម​បី​ឆ្នាំ និង​ពិសេស​ទារក​ មួយ​វឹង​មនុស្ស​ចាស់ អាច​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​ជីវិត ឬ​ធ្វើ​ឱ្យ​ក្មេង​ពិការភ្នែក​​អស់​មួយ​ជីវិត និងមាន​ការលូត​លាស់ខួរ​ក្បាល​​មិន​ប្រក្រតី រៀន​មិន​សូវ​ចេះ​ចាំ។ ការចាប់​អង្រួន​ ធ្វើ​ឱ្យ​ក្បាល​ក្មេង​ងក់ងើៗ អាច​ធ្វើ​ខួរក្បាល​ក្រឡក ទៅ​បុកប៉ះ​ផ្ទៃ​លលាដ៏​ក្បាល រួច​បង្ក​ឱ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ខ្ទាំឬ​ហើម​ខួរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ