អានតួអត្ថបទ
តួកគី-រុស្ស៊ី

រុស្ស៊ី​មិន​ប្រើ​អាវុធ​គ្រាប់​ផ្ទុះ​ដើម្បី​សងសិក​តួកគី​ទេ តែ​នឹង​ប្រើ​អាវុធ​សេដ្ឋកិច្ច

ពីរ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មួយ​គ្រឿង ​ត្រូវ​បាន​តួកគី​បាញ់​បំផ្លាញ​ នៅ​ស៊ីរី​ រុស្ស៊ី​បាន​ប្រកាស​ថា​គេ​នឹង​មិន​ប្រើ​អាវុធ​គ្រាប់ផ្ទុះ​ ដើម្បី​សងសិក​ទៅ​នឹង​ទង្វើ​របស់​តួកគី​ទេ ​តែ​គេ​នឹង​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​ ដើម្បី​ដាក់​ទារុណកម្ម​លើ​តួកគី។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ កំពុង​ថ្កោល​ទោស​តួកគី ​ថា​មាន​ចេត្តនា ​បង្ករ​រឿង ​និង​បង្អាក់​បេសកកម្ម​របស់​រុស្ស៊ី ​ក្នុង​ការ​កម្ទេច​ក្រុម​ជីហាដ ​នៅ​ឯ​ក្រុង​ម៉ូស្គូ ​ស្ថានទូត​តួកគី​ ត្រូវ​បាន​ក្រុម​បាតុករ ​យក​ដុំថ្ម​គុប ​និង​វាយ​កម្ទេច។ ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី ​នៅ​ស៊ីរី​ ធ្វើឲ្យ ​គេ​មើល​ឃើញ កាន់តែ​ច្បាស់​ អំពី​ភាព​ស្ទើរស្ទាក់​របស់​តួកគី ​ក្នុង​ការ​ចូលរួម​កម្ទេច ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។

ស្ថានទូត​តួកគី នៅក្រុងម៉ូស្គូ ត្រូវ​បាតុករគុប​បំផ្លាញ
ស្ថានទូត​តួកគី នៅក្រុងម៉ូស្គូ ត្រូវ​បាតុករគុប​បំផ្លាញ RFI/Moscou - Keo Chaya
ផ្សាយពាណិជ្ជកម្ម

វិមាន​ក្រិមឡាំង ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​២៦​ វិច្ឆិកា​ថា​ រុស្ស៊ី​កំពុង​ត្រៀម​អនុវត្ត​វិធាន​មួយ​ចំនួន​ ដើម្បី​ឆ្លើយតប​ឲ្យ​សម​នឹង​ទង្វើ​របស់​តួកគី។ ទង្វើ​តួកគី ​ដែល​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ចោទ​ប្រកាន់​ថា ​មេ​ដឹក​នាំ​តួកគី​ មាន​ចេត្តនា​បង្ករ​រឿង ​ ហើយ​ម្យ៉ាង​ទៀត ​​គឺវា​សរ​បញ្ជាក់​អំ​ពី​ចេត្ត​របស់​តួកគី ​ក្នុង​ការ​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ ដែល​ម្នាក់ៗ​កំពុង​ខ្នះខ្នែង​ បោស​សម្អាត​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ តែ​ផ្ទុយ​ទៅ​វិញ ​តួកគី​កំពុង​យក​ជើង​រា​ទឹក។

 
រុស្ស៊ី​រិតតែ​ក្តៅចិត្ត​ ព្រោះ​មក​ទល់​ពេល​នេះ​​ ខាង​តួកគី ​នៅ​មិន​ទាន់ ​សម្តែង​ការ​សុំទោស​ជា​សាធារណៈ ​រឺមួយ​ស្នើរ​សុំ​ចេញ​សង​ជម្ងឺ​ចិត្ត​ ​មក​ខាង​រុស្ស៊ី​ទេ។ យ៉ាង​ណាមិញ ​ លោក ​រដ្ឋមន្ត្រី​ការបរទេស​តួកគី ​បាន​បញ្ជាក់​ថា ​ គឺ​តួកគី ​គ្មាន​ថ្ងៃ​មក​សុំទោស​រុស្ស៊ី​ ជា​ដាច់​ខាត ​ក្នុង​រឿង​នេះ។

ក្រោម​ការ​បង្គាប់​ពី​ប្រធានាធិបតី​ពូទីន ​លោក​មិដ វេដេវ ​នាយករដ្ឋមន្ត្រី​រុស្ស៊ី ​បាន​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ ​ដើម្បី​ដាក់​ចុះ​នូវ​វិធានការ​មួយ​ចំនួន ​ដើម្បី​សងសឹក​តួកគី។ វិធានការ​ទាំង​នោះ ​មាន​ទាក់ទង​ដល់​វិស័យ​ជំនួញ​​ការ​នាំចេញ​នាំ​ចូល​របស់​ផលិតផល​តួកគី ​វិស័យ​ទេសចរណ៍ ​និង​​ការ​ដាក់​ទុន​វិនិយោគ​ជា​ដើម។ បុគ្គលិក​តួកគី ​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​រុស្ស៊ី ​ក៏​អាច​នឹង​ត្រូវ​បញ្ឈរ​ជើង​ផងដែរ។

ក្នុង​មួយ​ឆ្នាំៗ ​មាន​អ្នក​ទេសចរណ៍ ​រុស្ស៊ី​ដែល​ទៅ​កម្សាន្ត​លេង​នៅ​តួកគី​ ចំនួន​យ៉ាង​ហោច​ណាស់​៤លាន​នាក់។ ភ្លាមៗ​ ក្រោយ​ព្រឹត្តិការណ៍​បាញ់​ទំលាក់​យន្តហោះ ​រដ្ឋាភិបាល​រុស្ស៊ី ​ បាន​ហាម​ប្រាម​ មិន​ឲ្យ​អ្នក​ទេសចរណ៍​រុស្ស៊ី​ នាំ​គ្នា​ឈប់​ទៅ​លេង​នៅ​តួកគី​ទៀត។ ទាក់​ទិន​នឹង​វិស័យ​នាំចេញ​នំា​ចូល ​មាន​ផលិតផល​កសិកម្ម​ជាច្រើន​របស់​តួកគី ​ដែល​អាច​នឹង​ជួប​ការ​លំបាក។ ពន្ធ​នាំចូល​ ​ នឹង​ត្រូវ​តម្លើង ​​ចំណែក​លក្ខខណ្ឌ​អនាម័យ ​និង​សុខភាព ​នៃ​ផលិតផល​របស់​តួកគី​ ដែល​នាំ​ចូល​រុស្ស៊ី​ ​នឹង​ត្រូវ​គេ​ត្រួត​ពិនិត្យ​យ៉ាង​តឹងតែង។

ដោយឡែក ​គម្រោង​វិនិយោគ​ធំៗ ​ក្នុង​តម្លៃ​ទឹកប្រាក់ ​រាប់​ពាន់​លាន​ដុល្លារ​ អាច​នឹង​នៅ​នឹង​ថ្កល់ ​រឺ​ត្រូវ​លុប​ចោល​ផង​ក៍​ថាបាន។ នោះ​គឺ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​មួយ​ នៅ​តួក​គី ​ ដែល​រុស្ស៊ី​ជា​អ្នក​សាងសង់ ​និង​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ហ្គាស  ​ដែល​រុស្ស៊ី​ចង់​សង់​ឆ្លងកាត់​តួកគី​ ដើម្បី​បញ្ជូន​ហ្គាស​ទៅ​លក់​នៅ​អឺរ៉ុប។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ​ការ​ផ្អាក​ រឺ​លប់​ចោល​គម្រោង​ទាំង​នេះ ​ រុស្ស៊ី​ក៏​ប្រាកដ​ជា​ខាត​មិន​តិច​ដែរ។

ចំណែក​នៅ​ក្រុង​ម៉ូស្គូ ​បាតុកម្ម​តវ៉ា ​បាន​កើត​មាន​ឡើង​នៅ​ខាង​មុខ​ស្ថានទូត​តួកគី ​ប្រចាំ​រុស្ស៊ី។ ​បាតុករ​រាប់រយ​នាក់ ​នាំគ្នា​លើក​បដា​ថ្កោល​ទោស​ប្រធាធិបតី​តួកគី ​ដោយ​មាន​ខ្លះ​សរសេរ​ និង​បង្ហាញ​ពី​រូប​លោក ​អ៊ែកដូហ្គាន់​  ជា​ត្លុក​អាយ៉ង​របស់ ​ក្រុម​ជីហាដ​អ៊ីស្លាម​នៅស៊ីរី។ បាតុករ​បាន​យក​ដុំថ្ម ​ពងមាន់ ​ថ្នាំព័ណ​គុប​បំផ្លាញ​ជញ្ជាំង​ស្ថានទូត ​សឹង​តែ​មើល​លែង​ស្គាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ