អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូ​ ព្រមាន​ផ្តាច់ការ​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​របស់រុស្ស៊ី​ ទៅ​អ៊ុយក្រែន​

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រុស្ស៊ី ​ថ្ងៃ​២៤​វិច្ឆិកា​នេះ ​បាន​ប្រកាស​ថា​ ម៉ូស្គូ​នឹង​ផ្តាច់​ ការ​បង្ហូរ​ឧស្ម័ន​ខ្លួន ​ទៅ​ផ្គត់ផ្គង់​ដល់​តម្រូវការ​ របស់​អ៊ុយក្រែន ​មក​ពី​ក្រុង​គៀវ​យឺតយ៉ាវ​ ក្នុង​ ការ​បង់​លុយ​ជា​មុន ​មក​ឲ្យ​រុស្ស៊ី ​ចំពោះ​ឧស្ម័ន​ក្នុង​បរិមាណ​ជាក់លាក់ ​ ដែល​អ៊ុយក្រែន​ចង់​បាន ​ពី​ រុស្ស៊ី។ មិន​តែ​ប៉ុណ្ណោះ ​រដ្ឋមន្ត្រី​រុស្ស៊ី ​ក៏​ថ្លែង​ដែរ​ថា ​ម៉ូស្គូ​អាច​ឈប់ ​បញ្ជូន​ធ្យូងថ្ម​ទៅ​អ៊ុយក្រែន​ ដើម្បី​ សងសឹក​ចំពោះ ​ការ​ដែល​អ៊ុយក្រែន​ផ្តាច់​ចរន្ត​អគ្គិសនី​ ទៅ​កាន់​កោះ​គ្រីមេ ​តាំង​ពី​យប់​ថ្ងៃ​សៅរ៏​មក។

អ្នកបច្ចេកទេស កំពុងត្រួតពិនិត្យ ក្បាលម៉ាស៊ីនបង្ហូួរ​ឧស្ម័ន នៅ​ក្នុងស្ថានីយឧស្ម័ន របស់ក្រុមហ៊ុន​ហ្គាសព្រុម របស់​រុស្ស៊ី
អ្នកបច្ចេកទេស កំពុងត្រួតពិនិត្យ ក្បាលម៉ាស៊ីនបង្ហូួរ​ឧស្ម័ន នៅ​ក្នុងស្ថានីយឧស្ម័ន របស់ក្រុមហ៊ុន​ហ្គាសព្រុម របស់​រុស្ស៊ី Reuters/路透社
ផ្សាយពាណិជ្ជកម្ម

“ ឫ​មួយ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ​ឫមួយ ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​ រុស្ស៊ី​នឹង​ឈប់​បង្ហូរ​ឧស្ម័ន​ខ្លួន​ ទៅ​ អ៊ុយក្រែន​ មក​ពី​ម៉ូស្គូ ​មិន​បាន​ទទួល​ប្រាក់​ដែល​ក្រុង​គៀវ​ត្រូវ​បង់​ជាមុន ​ ដើម្បី​ទទួល​ឧស្ម័ន​ ពី​រុស្ស៊ី ​តទៅ​ទៀត” - ​សេចក្តី​នេះ​ថ្លែង​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រុស្ស៊ី ​Alexandre Novak​ តាម​ការផ្សាយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ​Vesti​ ទាំង​លម្អិត​ថា ​ទោះ​យ៉ាង​ណា​ក្តី ​ក៏​សព្វ​ថ្ងៃ​ អ៊ុយក្រែន​ ប្រើ​ឧស្ម័ន​រុស្ស៊ី ​ក្នុង​បរិមាណ​តិច​ជាង​មុន​ឆ្ងាយ។

 
ជា​ការ​រំលឹក ​មូល​ហេតុ​ដែល​តម្រូវ​ឲ្យ​ក្រុង​គៀវ​បង់​ប្រាក់​ជាមុន​ ដើម្បី​ទទួល​បាន​ឧស្ម័ន​ពី​រុស្ស៊ី ​គឺ​មក​ពី​ជាង​១ឆ្មាំ​មុន ​ក្រោយ​ពី​អំណាច​នៅ​អ៊ុយក្រែន ​ធ្លាក់​ទៅ​ក្នុង​ដៃ ​ពួក​ដែល​បស្ចិម​លោក ​និយម ​ពួក​ដែល​ស្រាប់តែ​ក្អេងក្អាង​ កិកកុក ​មិន​ព្រម​សង​មក​រុស្ស៊ី ​នូវ​បំណុល​ចំពោះ ​ឧស្ម័ន​ ដែល​អ៊ុយក្រែន​បាន​ប្រើ​ទៅ​ហើយ​ ហើយ​ទម្រាំ​ដោះស្រាយ​រួច​ដោយ​ មាន​អន្តរាគមន៍​ពី​ខាង ​គណៈកម្មការអឺរ៉ុប ម៉្លោះ​ហើយ​បាន​ជា​សម្រាប់​រុស្ស៊ី​ ជា​មេរៀន​តែ​ម្តង​ លុះទាល់​តែ​ដាក់​ល័ក្ខខ័ណ្ឌ ​បែប​នេះ ​នៅ​ពី​មុខ​ក្រុង​គៀវ។ ប្រាក់​ដែល​អ៊ុយក្រែន​បាន​បង់​លើក​មុន ​គឺ​គ្រប់គ្រាន់​សម្រាប់​តែ ​រុស្ស៊ី ​បង្ហូរ​ឧស្ម័ន​ទៅ​អ៊ុយក្រែន ​រហូត​ដល់​ល្ងាច​នេះ ​ឫ ​ដល់​ព្រឹក​ស្អែក។

ដោយ​មក​ពី​ទៀប​កោះ​គ្រីមេ ​ដែល​កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន​ បាន​ឆ្លង​មក​ជា​ដែនដី​ឧបសម្ព័ន​ របស់​ រុស្ស៊ី ​ស្រាប់​តែ​ដាច់​ភ្លើង​លែង​ទទួល​ចរន្ត​អគ្គិសនី​ពី​អ៊ុយក្រែន​ តាំង​ពី​យប់​ថ្ងៃ​សោរ៏​មក ​ បន្ទាប់ ​ពី​ពួក​ជាតិ​និយម​ជ្រុល​នៅ​អ៊ុក្រែន​ បាន​បំផ្ទុះ​បង្គោល​នាំ​ចរន្ត​អគ្គិសនី​នោះ ​លោក​រដ្ឋមន្ត្រី​ក្រសួង ​ថាមពល​រុស្ស៊ី ​ក្នុង​បទ​អន្តរាគមន៍​ខ្លួន ​ក៏​ព្រមាន​ក្រុង​គៀវ​ថា ​ម៉ូស្គូ​​អាច​ឈប់​បញ្ជូន​ធ្យូងថ្ម ​សម្រាប់​ តម្រូវ​ការ​នៃ ​ស្ថានីយ​អគ្គិសនី​៦​កន្លែង​ នៅ​អ៊ុយក្រែន​ដែល​ដើរ​ដោយ​ធ្យូងថ្ម ​បើ ​អាជ្ញាធរ​អ៊ុយក្រែន ​មិន​ធ្វើ​នូវ​រាល់​អ្វីៗ​ ជា​ចាំបាច់​សម្រាប់ ​ស្តារ​ឡើងវិញ​នូវ​ការ​ផ្គត់ផ្គង់​ភ្លើង​ដល់​គ្រីមេ។ គួរ​និយាយ​ថា ​ដោយ​ទទួល​ភ្លើង​នេះ ​ពី​អ៊ុយក្រែន​ គ្រីមេ ​បង់​ក្នុង​១ឆ្នាំៗ ​ទៅ​ក្រុង​គៀវ ​គឺ​ទឹកប្រាក់​ ៥០០​លាន​ដុល្លារ។

តប​នឹង​សំនួរ​ស្តី​អំពី​វិធានការ​សងសឹក​ ជា​យថាហេតុ ​លោក​រដ្ឋមន្ត្រី​រុស្ស៊ី​ថ្លែង​ថា ​មាន​ជម្រើស ​ប្លែកៗ ​សម្រាប់​លើក​យក​មក​អនុវត្ត​ តាំង​ពី​ វិស័យ​នយោបាយ ​រហូត​ដល់​វិស័យ​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ