អានតួអត្ថបទ
បារាំង-ភេរវកម្ម

ជនសង្ស័យ​មេ​គំនិត​ភេរវកម្ម​នៅ​ប៉ារីស ​ត្រូវ​បាញ់​សម្លាប់ ​តែ​បារាំង​បន្ត​ពន្យា​ភាព​អាសន្ន

ការ​ឡោមព័ទ្ធ​ចាប់​បណ្តាញ​ក្រុម​ភេរវករ ​ ដែល​ជា​ជន​ដៃ​ដល់​រៀបចំ​ភេរវកម្ម​ដ៏​សាហាវ​ នៅ​ក្រុង​ប៉ារីស ​បាន​ធ្វើឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​ទី​ ១៨​ ដោយ​នគរបាល​បារាំង​ បាន​ចាប់​បាន​មនុស្ស​៨ ​នាក់ ​និង​បាន​បាញ់​សម្លាប់​មនុស្ស​២​នាក់។ ទើប​តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ ដោយ​យោង​ទៅ​លើ​លទ្ធផល​ធ្វើ​កោសល្យវិច្ច័យ ​លោក​រដ្ឋ​អាជ្ញា​ក្រុង​ប៉ារីស ​បាន​ប្រកាស​ថា​ សាកសព​ភេរវជន​ដែល​ស្លាប់ ​គឺ​មាន​ម្នាក់​ ជា​សាកសព​របស់​ អាប់ឌែលហាមីដ ​អាបាអ៊ូដ។ ជន​នេះ​ត្រូវ​បាន​នគរបាល​សង្ស័យ​ថា​ ជា​មេ​ក្លោង​រៀបចំ​ធ្វើ​ភេរវកម្ម​ កាល​ពី​ថ្ងៃទី​១៣ ​វិច្ឆិកា។

Photo non datée d'Abdelhamid Abaaoud publiée par le magazine en ligne du groupe Etat islamique Dabiq et diffusée sur les réseaux sociaux.
Photo non datée d'Abdelhamid Abaaoud publiée par le magazine en ligne du groupe Etat islamique Dabiq et diffusée sur les réseaux sociaux. REUTERS
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ ​ពេល​ការ​ឡោមព័ទ្ធ​ចាប់​ក្រុម​ភេរវជន ​នៅថ្ងៃ​ព្រហស្បតិ៍ ​នគរបាល​បារាំង ​បាន​ប្រកាស​ថា ​សាកសព​មួយ ​ក្នុង​ចំណោម​សាកសព​ទាំងពីរ​ដែល​បាន​ស្លាប់ ​គឺ​មាន​មួយ​ពិត​ជា​សាកសព​របស់ ​ភេរវជន​ឈ្មោះ អាប់ឌែលហាមីដ ​អាបាអ៊ូដ ពិត​ប្រាកដ​មែន។ នគរបាល​បារាំង ​បាន​ស្រាវជ្រាវ​ឃើញ​ភ្លាមៗ​ថា ​ជន​ឈ្មោះ ​អាប់ឌែលហាមីដ ​អាបាអ៊ូដ ​នេះ ​គឺ​ទំនង​ជា​មេក្លោង​ដឹកនាំ​ការ​ធ្វើ​ភេរវកម្ម​ កាល​ពី​ថ្ងៃ​ទី ​១៣ វិច្ឆិកា។ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ ​មិន​ធ្លាប់​មាន​សម្រាប់​បារាំង ​ដែល​បាន​សម្លាប់​ជីវិត​ជន​ស្លូត​ត្រង់ ​១២៩​នាក់ ​និង​របួស​ជាង​៣០០​នាក់។

 
ការ​ឡោមព័ទ្ធ​ បាញ់​តដៃ​គ្នា ​រវាង​ក្រុម​ភេរវករ​ និង​នគរបាល​ពិសេស​បារាំង ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ​ ធ្វើ​ឲ្យ​កក្រើ ​ផ្អើល​ពេញ​តំបន់​ Saint-Denis​ ភាគ​ខាង​ជើង​ក្រុង​ប៉ារីស។ តាម​ការ​ឲ្យ​ព័ត៌មាន​ពី​សាក្សី ​បាន​ប្រាប់​នគរបាល​បារាំង​ថា ​ជន​មេក្លោង​ភេរវកម្ម ​ឈ្មោះ ​អាប់ឌែលហាមីដ ​អាបាអ៊ូដ ​ពិត​ជា​កំពុង​សំងំ​លាក់ខ្លួន​ នៅ​​ក្បែរ​ក្រុង​ប៉ារីស ​ក្រោយ​ពី​បាន​បញ្ជាឲ្យ​បក្ស​ពួក​របស់​ខ្លួន ​ចេញ​ធ្វើ​ភេរវកម្ម។ ការ​ឡោមព័ទ្ធ​ចាប់ ​បាន​ធ្វើ​ទៅ​ដោយ​ជោគជ័យ​ ហើយ​ជន​នេះ ​បាន​ស្លាប់ ​ក្រោម​គ្រាប់​កាំភ្លើង​របស់​នគរបាល​ពិសេស​បារាំង។ ជន​ឈ្មោះ ​អាប់ឌែលហាមីដ ​អាបាអ៊ូដ ជា​ជន​ជាតិ​ប៊ែលហ្សិក ​មាន​អាយុ​២៨​ឆ្នាំ។ ជន​នេះ ​ ធ្លាប់​បាន​ចេញ​ចូល​ទៅ​ស៊ីរី ​ ហើយ​ធ្លាប់​ត្រូវ​បាន​នគរបាល​សំងាត់​អាមេរិក​​តាម​ដាន​ផង​ដែរ ​ថា​មាន​ជាប់​ពាក់ព័ន្ធ ​និង​ក្រុម​ភេរវនិយម។

ដោយឡែក ​លោក​រដ្ឋមន្ត្រី​មហា​ផ្ទៃ​បារាំង ​បាន​ថ្លែង ​ក្នុង​សន្និសីទ​កាសែត​ថា ​នៅ​មាន​ភេរវជន​ដ៏​សំខាន់​ម្នាក់​ទៀត ​ដែល​កំពុង​តែ​សំងំ​លាក់​ខ្លួន ​ហើយ​អាជ្ញាធរ​កំពុង​តែ​តាម​ចាប់។ គឺ​ជន​ឈ្មោះ ​សាឡាហ ​អាប់ដេស្លាម ​អាយុ​២៦​ឆ្នាំ ដែល​ជា​ជន​ដៃដល់​បាញ់​រះ​សម្លាប់​មនុស្ស​ នៅ​ក្នុង​ភោជនីដ្ឋាន ​នៅ​ក្រុង​ប៉ារីស ​កាល​ពី​យប់​ថ្ងៃ​ទី ​១៣។ តាម​រយៈ​សារ​នេះ ​អាជ្ញាធរ​បារាំង ​បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ទូទៅ ​ព្រោះ​ក្រុម​ភេរវជន​ អាច​មាន​គ្នា​ច្រើន​ជាង​នេះ ​ ហើយ​ថា​មិន​ត្រូវ​ ពួក​គេ​អាច​នឹង​កំពុង​រៀបចំ​ភេរវកម្ម​ថ្មី​ថែម​ទៀត។

យ៉ាង​ណាមិញ ​លោក​នាយករដ្ឋមន្ត្រី​បារាំង ​បាន​ថ្លែង​បញ្ជាក់ ​នៅ​មុខ​សភា​បារាំង​ពី​គ្រោះថ្នាក់ ​ ដែល​ថា​ក្រុម​ភេរវជន​ អាច​នឹង​ប្រើ​អាវុធ​ ដែល​ផ្សំ​ពី​ជាតិ​ពុល​គីមី ​ដើម្បី​ធ្វើ​ភេរវកម្ម​ថ្មី​ផ្សេង​ទៀត។ បើ​ទោះ​បី​ជា​គ្មាន​អ្វី​សំអាង​ឲ្យ​ពិត​ប្រាដក​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បារាំង ​សម្រេច​ចិត្ត​ធ្វើ​ការ​ប៉ាន់ស្មាន ​ ដើម្បី​ត្រៀម​ធ្វើការ​ប្រុង​ប្រយ័ត្ន។ ឱសថដ្ឋាន​នានា ​ត្រូវ​បាន​អនុញ្ញាតិ ​ឲ្យ​លក់​ថ្នាំ​បន្សាប​ផ្សេងៗ ​ ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​អាក្រក់ ​រឺ​បង្កា​ការពារ​ពី​ជាតិ​ពុល​គីមី។

ចំណែក​សភា​បារាំង​ ទើប​តែ​បាន​បោះឆ្នោត​សម្រេច ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដែរ ​ ថា​នឹង​ពន្យា​ស្ថានភាព​បណ្តោះ​អាសន្ន​ រហូត​ដល់​រយៈពេល​៣ខែ ​រហូត​ដល់​ខែ​កុម្ភៈ។ ការ​ដាក់​ប្រទេស ​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន ​និង​អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​បារាំង​ មាន​សិទ្ធិ​ប្រើ​កម្លាំង ​ ដើម្បី​ចេញ​ប្រតិបត្តិការ ​ ឡោមព័ទ្ធ ​ ឆែកឆេរ ​ ចាប់​ជន​សង្ស័យ​ដាក់​ឃុំ​រយៈ​ពេល​វែង​ និង​ធ្វើការ​ត្រួត​ពិនិត្យ​ចរាចរ​ ចេញ​ចូល​ស្រុក​បារាំង​ ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ