អានតួអត្ថបទ

តើ​​ដ្រូន​ដែល​តួកគី​បាញ់​ទម្លាក់ក្បែរ​ព្រំដែន​ស៊ីរី​​ជា​របស់​រុស្ស៊ី​មែន​ឬ ?

យន្តហោះ​ប្រដេញ​របស់​តួកគី បាន​បាញ់​ទម្លាក់​ដ្រូន​មួយ​គ្រឿង ដែល​បាន​ហោះ​រំលោភ​ចូល​ដែន​អាកាស​តួកគី ជាប់​ព្រំដែន​ជាមួយ​ស៊ីរី។ ក្នុង​ពេលភ្លាមនេះ (​ល្ងាច​ថ្ងៃ​សុក្រទី​១៦​តុលា​នេះ) តួកគី​​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ថា​ជា​របស់​ប្រទេស​ណានៅ​ឡើយទេ។ ប៉ុន្តែបើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ដ្រូន​នោះ​គឺ​ជា​របស់​រុស្ស៊ី។ ចំណែក​ខាង​​ម៉ូស្គូ​វិញ ​គ្រាន់​តែ​បានឮ​សេចក្តី​ប្រកាស​របស់​យោធា​តួកគី​ភ្លាម ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា រាល់​គ្រប់​យាន​ហោះ​របស់​រុស្ស៊ី​ បាន​ត្រលប់​ចូល​លេនដ្ឋាន​​វិញ​អស់ ឯ​ដ្រូន​បន្ត​ធ្វើ​សកម្មភាព​ដូច​ធម្មតា។

យន្តហោះ​យោធា​​តួកគី​ បាញ់​ទម្លាក់​ដ្រូន​មួយ​គ្រឿង​នៅ​ក្បែរ​ព្រំដែន​ស៊ីរី
យន្តហោះ​យោធា​​តួកគី​ បាញ់​ទម្លាក់​ដ្រូន​មួយ​គ្រឿង​នៅ​ក្បែរ​ព្រំដែន​ស៊ីរី REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ព្រមាន​បី​លើក​មិន​ស្តាប់ នៅ​ទីបំផុតយោធា​អាកាស​តួកគី​ក៏​បាន​ប្រើ​សិទ្ធិស្របច្បាប់​ បាញ់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក ដ្រូន​ មួយ​គ្រឿង​ ដែល​ហោះ​ចូល​ដែន​អាកាស​តួកគី​ ឱ្យ​ធ្លាក់​ ! ទូរទស្សន៍​​តួកគី បានបរិយាយ​ថា​ ដ្រូន​បាន​ធ្លាក់​ក្នុង​ទឹក​ដី​តួកគី​ប្រមាណ​បី​គីឡូម៉ែត្រពី​ព្រំដែន​ជាមួយ​ស៊ីរី និង​បាន​បង្ហាញ​រូបភាព​ទាហាន​កំពុង​ត្រួតពិនិត្យ​ទីតាំង​ធ្លាក់​ដ្រូន។

អាជ្ញាធរ​តួកគី មិន​បាន​បញ្ជាក់​ថាតើ​​ដ្រូន​នេះជា​របស់​ប្រទេស​ណា​ទេ ប៉ុន្តែអ្វី​ជា​ការ​កត់​សម្គាល់ គឺ​គ្រាន់​បាន​ឮ​ដំណឹង​នេះ​ភ្លាម ក្រសួង​ការពារជាតិ​រុស្ស៊ី ស្រាប់​តែ​បាន​ស្រែក​អះអាង​យ៉ាងទាន់​ហន់ ថា​គ្រប់​យន្តហោះ​របស់​រុស្ស៊ី បាន​បក​ចូល​លេនដ្ឋាន​គ្រប់​ចំនួន ហើយ ដ្រូន​រុស្ស៊ី មាន​ដំណើរ​ជា​ធម្មតា​ទាំង​អស់។

 
រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​នៅ​ប្រទេស​ស៊ីរី តាំង​ពី​ចុង​ខែ​កញ្ញា​មក ដៅ​វាយប្រហារ​ទម្លាក់​គ្រាប់​បែក​​លើ​ទីតាំង​របស់​ពួក​ភេរវនិយម​ នៅ​ស៊ីរី​ រាប់​ទាំង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ពួក​ឧទ្ទាម​អ៊ីស្លាម​មិន​ជ្រុល​និយម​ ជា​អ្នក​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ដាម៉ាសផង។ ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ក្រុង​អង់ការ៉ា ចាត់​ទុក​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ និង​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ម៉ូស្គូ​និងតួកគី មាន​ភាព​តាន​តឹង​ដាក់​គ្នា​យ៉ាង​ខ្លាំង ព្រោះ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ ​បាន​រំលោភ​ចូល​ដែន​អាកាស​តួកគី ជា​ញឹកញយ ​​រហូត​មាន​ការ​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សា​ពី​សំណាក់​ក្រុង​អង់ការ៉ា។ កាលពី​ថ្ងៃ​ទី ៣ តុលា យោធា​អាកាស​តួកគី​បានពើប​ប្រទះ​នឹង​យន្តហោះ​ប្រដេញ​រុស្ស៊ី​ ក្នុង​ដែន​អាកាស​ខ្លួន ដោយ​ជាក់​ស្តែងតែ​ម្តង ​ទើប​ទាហាន​រុស្ស៊ី ​បង្ខំ​ចិត្ត​បក​ក្រោយ​វិញ ក្រោម​ហេតុផល​ថា​អាកាសធាតុ​មិន​ល្អ​ មើល​ព្រំដែន​មិន​ច្បាស់។

តួកគី ជា​សមាជិក​អូតង់ ក៏​បាន​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​ កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​ដែរ។ ក្រុង​អង់ការ៉ា ធ្លាប់​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​យ៉ាង​​ច្បាស់​លាស់ និង​បាន​ទទួល​បញ្ជា​យ៉ាង​ដាច់ណាត់ ​ ពី​អគ្គមេបញ្ជាការ​យោធា​ជាតិ ឱ្យ​បាញ់​ទម្លាក់​រាល់​គ្រប់​យាន​យន្ត ឬ សូម្បី​តែ​សត្វ​ស្លាប​ណា ​ដែល​ហ៊ាន​ហោះ​រំលោភ​ដែន​អាកាស​តួកគី។ នេះ​ជា​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​តួកគី កាល​ពី​ថ្ងៃ​ទី ៥ តុលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ