អានតួអត្ថបទ
អេស្ប៉ាញ

ជ័យជំនះ​របស់​គណបក្ស​ឯករាជ្យ ​នៅ​តំបន់​កាតាឡូញ ​អាច​ជា​គ្រោះថា្នក់​របស់​អេស្ប៉ាញ

ការ​បោះឆ្នោត​សភា​តំបន់​នៃ​តំបន់​កាតាឡូញ​ ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ ​បាន​បង្ហាញ​ពី​ជោគជ័យ​ របស់​គណបក្ស​បី​ ដែល​ជា​ក្រុម​អ្នក​ឯករាជ្យ​និយម ​ដែល​មាន​បំណង​ទាមទារ​ផ្តាច់ខ្លួន​តំបន់​នេះ ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ ការ​បោះឆ្នោត​សភា​ជាតិ​ ទូទាំង​អេស្ប៉ាញ​ក៏​ខិត​ជិត​មក​ដល់ ​ហើយ​ជោគជ័យ​របស់​ ក្រុម​អ្នក​ផ្តាច់​ខ្លួន​នា​ពេល​នេះ ​ អាច​ជា​គ្រោះថ្នាក់​ធំ​ សម្រាប់​រដ្ឋាភិបាល​អេស្ប៉ាញ ​ព្រម​ទាំង​ឯកភាព​ជាតិ​ទាំង​មូល ​របស់​អេស្ប៉ាញ​តែ​ម្តង។

ក្រុមអ្នកគាំទ្រ​ការបំបែក​ខ្លួន​របស់​តំបន់​កាតាឡូញ​ នាំ​គ្នា​លើក​ទង់​អបអរ​ជ័យជំនះ​របស់​ក្រុម​គណបក្ស​​ឯករាជ្យ​និយម
ក្រុមអ្នកគាំទ្រ​ការបំបែក​ខ្លួន​របស់​តំបន់​កាតាឡូញ​ នាំ​គ្នា​លើក​ទង់​អបអរ​ជ័យជំនះ​របស់​ក្រុម​គណបក្ស​​ឯករាជ្យ​និយម REUTERS/Andrea Comas
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ឯករាជ្យ​និយម​នៅ​តំបន់​ កាតាឡូញ​ចំនួន​បី ​បាន​ទទួល​ជោគជ័យ​​គួរ​ឲ្យ​ជា​ទី​មោទន​ ក្នុង​ពេល​បោះឆ្នោត​សភា​តំបន់ ​នៅ​តំបន់​កាតាឡូញ ​ជា​តំបន់​​នៅ​ភាគ​ឦសាន​អេស្ប៉ាញ ​ជាប់​នឹង​ព្រំដែន​បារាំង ​ដោយ​បាន​ទទួល​អាសន្នៈ​សរុប​ក្នុង​សភា​តំបន់​នេះ ​ចំនួន​៧៧ ​ក្នុង​ចំណោម ​១៣៥​អាសនៈ។ មេ​ដឹកនាំ​គណបក្ស​ទាំង​បី​នេះ ​បាន​សន្យា​ប្រហាក់​ប្រហែល​គ្នា ​ក្នុង​ន័យ​តែ​មួយ​ គឺ​បន្ត​ទាមទារ​ស្វ័យភាព​តំបន់​កាតាឡូញ​បន្តិច​ម្តងៗ​ រហូត​ទាល់​តែ​បាន​ឯករាជ្យ​ ផ្តាច់​ខ្លួន​ចេញ​ពី​អេស្ប៉ាញ។

 
ចំនួន​អ្នក​មក​បោះឆ្នោត ​មាន​ច្រើន​រហូត​ដល់​ ជាង​៧៧% ​ដែលនេះ​ស​​បង្ហាញ​ថា ​មតិ​ប្រជាជន​តំបន់​កាតាឡូញ​ទូទៅ​ភាគ​ច្រើន​ បាន​ផ្តល់​ការ​គាំទ្រ​ ដល់​ក្រុម​បក្ស​ដែល​ចង់​ផ្តាច់​ខ្លួន​ពី​អេស្ប៉ាញ។ ​សម្រាប់​ក្រុម​នេះ ​ជ័យ​ជំនះ​នេះ ​គឺ​មាន​ន័យ​ថា ​ប្រជាជន​បាន​ផ្តល់​នូវ​ការ​ទុក​ចិត្ត ​ដល់​ក្រុម​ពួក​គេ ​ដើម្បី​ធ្វើការ​តស៊ូ​ទាមទារ​ឯករាជ្យ។

នេះ​អាច​ជា​គ្រោះថា្នក់​សម្រាប់​រដ្ឋាភិបាល​អេស្ប៉ាញ ​របស់​លោក​នាយករដ្ឋមន្ត្រី​ ម៉ារីយ៉ាណូ រ៉ាចយ និង​សម្រាប់​ឯកភាព​ជាតិ​អេស្ប៉ាញ​ទាំងមូល​តែម្តង ​ជា​ពិសេស​គឺ​ការ​បោះឆ្នោត​សភា​ជាតិ​អេស្ប៉ាញ ​នៅ​អាណត្តិ​ខាង​មុខ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ​បាន​ព្រមាន​ថា ​រដ្ឋាភិបាល​អេស្ប៉ាញ ​នឹង​មិន​លើក​លែង​ឲ្យ​ដល់​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ​និង​មាន​ចេតនា​បំផ្លាញ​ឯកភាព​ជាតិ​អេស្ប៉ាញ​ ជា​ដាច់​ខាត។

ប៉ុន្តែ​បើ​យើង​វិភាគ​ឲ្យ​បាន​ស៊ី​ជំរៅ​ជាង​នេះ ​ជ័យជំនះ​នេះ​មិនមែន​មាន​ន័យ​ថា ​ប្រជាជន​តំបន់​កាតាឡូញ​ភាគ​ច្រើន ​បាន​បោះឆ្នោត​ដើម្បី​ផ្តាច់​ខ្លួន​ចេញ​ពី​អេស្ប៉ាញ​ទេ ​ព្រោះថា​ថ្វី​បើ​ក្រុម​អ្នក​ឯករាជ្យ​និយម​ បាន​អាសនៈ​ភាគ​ច្រើន​មែន​ពិត ​ប៉ុន្តែ​បើ​និយាយ​ពី​សម្លេង​ឆ្នោត ​គឺ​មាន​ត្រឹម​តែ​៤៧,៨%​តែ​ប៉ុណ្ណោះ ​ពោល​គឺ​ស្មើ​នឹង​ ១លាន​៩សែន​នាក់ ​ក្នុង​ចំណោម​សម្លេង​ទាំង​អស់ ​៤លាន​នាក់។ ចង់​បាន​ឯករាជ្យ​ទៅ​ថ្ងៃ​មុខ ​គឺ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​ប្រជាមតិ​ទូទៅ​មួយ​​ ហើយ​គឺ​ត្រូវការ​ជា​ចាំបាច់​ នូវ​សម្លេង​ភាគ​ច្រើន​ដាច់​ខាត ​នៃ​សម្លេង​ឆ្នោត​ទាំង​អស់។

ទោះបី​ជា​យ៉ាងណា ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ​ចាប់​ពី​ពេលនេះ​ទៅ ​វាសនា​តំបន់​កាតាឡូញ ​និង​ឯកភាព​ជាតិ​អេស្ប៉ាញ ​នឹង​ត្រូវ​ជួប​ភាព​មិន​ប្រាកដ​ប្រជា ​ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​អេស្ប៉ាញ ​នៅ​មិន​ទាន់​ទាំង​ងើប​មុខ​ឡើង​វិញ ​បាន​ស្រួល​បួល​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ