អានតួអត្ថបទ
អាល្លឺម៉ង់

អាល្លឺម៉ង់​នឹង​ចំណាយ​ប្រាក់​៦ពាន់​លាន​អឺរ៉ូ​ក្នុង​វិស័យ​យោធា

កងទ័ព​អាល្លឺម៉ង់ បាន​ជួប​ប្រទះ​នូវការ​ខ្វះខាត​ជា​ខ្លាំង ​ជា​ពិសេស​ខាង​ផ្នែក​សម្ភារៈ​បរិក្ខា​ ព្រម​ទាំង​យាន​ដឹក​ជញ្ជូន​ផ្សេងៗ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ ​ទើប​បាន​ប្រកាស​ឲ្យ​ដឹង ​នៅ​ថ្ងៃ​សុក្រ ​ទី៧ ​សីហា​ថា ​រដ្ឋាភិបាល​អាល្លឺម៉ង់​ នឹង​ចំណាយ​ប្រាក់​ចំនួន​៦ពាន់​លាន​អឺរ៉ូ ​ដើម្បី​ទិញ​សម្ភារៈ ​​និង​យានយន្ត​បន្ថែម​ ដើម្បី​អនុញ្ញាត​ឲ្យ​កងទ័ព​ អាល្លឺម៉ង់ ​មាន​លទ្ធភាព ​និង​សមត្ថភាព​គ្រប់​គ្រាន់ ​ក្នុង​ការ​បំពេញ​បេសកកម្ម​នានា។

លោកស្រី​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាល្លឺម៉់ង់ Ursula von der Leyen ឈរ​ក្បែរ មេ​បញ្ជាការ​កងទ័ព​​អាល្លឺម៉ង់​ Gert-Jahannes Hagemann ក្នុង​ពេលទស្សនកិច្ច​ សាលា​នាយ​ទាហាន​ក្រុង Hammelburg
លោកស្រី​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាល្លឺម៉់ង់ Ursula von der Leyen ឈរ​ក្បែរ មេ​បញ្ជាការ​កងទ័ព​​អាល្លឺម៉ង់​ Gert-Jahannes Hagemann ក្នុង​ពេលទស្សនកិច្ច​ សាលា​នាយ​ទាហាន​ក្រុង Hammelburg REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សម្តី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ពី ៧​ទៅ​៨​ឆ្នាំ​ខាង​មុខ​នេះ ​​រដ្ឋាភិបាល​អាល្លឺម៉ង់ ​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ជា​ ៦ពាន់​លាន​អឺរ៉ូ ​ដើម្បី​ធ្វើ​ទំនើបកម្ម ​ក្នុង​វិស័យ​យោធា​អាល្លឺម៉ង់។ កាសែត ​Der Spiegel ​អាល្លឺម៉ង់ ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ​ដោយ​បាន​លើក​ឡើង​ពី​បណ្តុំ​​កម្មវិធី​ចំនួន ​១២០​ចំណុច​ ​ដែល​បាន​ដាក់​ចុះ​ដោយ​ Bundeswehr ​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់។ ក្នុង​ចំណោម​វិធាន​ទាំងនោះ​ មាន​ជា​អាទិ៍ ​ដូច​ជា​ ​ការ​រើស​បុគ្គលិក​ចូល​បំរើ​ការ​បន្ថែម ព្រម​ទាំង​ការបញ្ជា​​ទិញ​​សម្ភារៈ​បរិក្ខា​ទំនើប​ថ្មីៗ ​បន្ថែម​ទៀត។

 
សារព័ត៌មាន​ដដែល ​បាន​ចុះ​ផ្សាយ​ផងដែរ​ នូវ​សំណុំ​ឯកសារ​មួយ​ចំនួន​ របស់​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ ​ដែល​មានខ្លឹមសារ​ ធ្វើការសង្កេត​ទូទៅ​ទៅលើ​ការខ្វះ​ចន្លោះ ​និង​ការ​លំបាក ​របស់​កងទ័ព​អាល្លឺម៉ង់ ​ដោយសារ​តែ​ខ្វះ​សម្ភារៈ​។ ជា​ឧទាហរណ៍ ​ដូច​ជា​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ប្រភេទ​ NH90 ​ក្នុង​ចំណោម​៣៩​គ្រឿង ​មាន​តែ​៤​គ្រឿង​ប៉ុណ្ណោះ ​ដែល​ប្រើ​ការ​កើត។ ដូចគ្នា​ដែរ ការ​យឺតយ៉ាវ ​នៃ​ការ​ប្រគល់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ប្រភេទ ​A400M ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Airbus ​ក៏​រិតតែ​បង្ក​ការ​លំបាក​ ដល់​កង​ទ័ព​អាល្លឺម៉ង់ ​ក្នុង​ការ​បំពេញ​ការងារ ផងដែរ។

គួរ​រំលឹក​ផង​ដែរ​ថា​ នៅ​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ ​កងទ័ព​អាល្លឺម៉ង់ ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ​ទាក់ទិន​ទៅ​នឹង ​ឧបករណ៍​តម្រង់​គ្រាប់​កាំភ្លើង ​ពី​ចម្ងាយ ​ដែល​កាន់​តែ​ចាស់ ​ហើយ​មិន​អាច​តម្រង់​គ្រាប់​ ឲ្យ​ត្រូវ​១០០%។ លោកស្រី ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាល្លឺម៉ង់ ​ក៏​ធ្លាប់​ទទួល​ស្គាល់​ផង​ដែរ​ថា ​ កងទ័ព​អាល្លឺម៉ង់​ ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​បំពេញ​បេសកកម្ម​ របស់​អង្គការ​អូតង់​ទេ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​ការ​អភិវឌ្ឍន៍​វិស័យ​យោធា​របស់​អាល្លឺម៉ង់​ គឺ​ជា​ចំណុច​រសើប​មួយ ​ មិន​ថា​តែ​មតិ​សាធារណៈ​អាល្លឺម៉ង់ ​រឺ​ក៏​ប្រជាជន​អឺរ៉ុប​ផ្សេង​ទៀត​ទេ។ គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​ថា ​សង្រ្គាម​លោក​ដែល​បាន​កើត​ឡើង​ទាំង​ពីរ​លើក ​ គឺ​កងទ័ព​អាល្លឺម៉ង់​នេះ​ឯង​ហើយ​ ដែល​មាន​កម្លាំង​ខ្លាំងក្លា​ និង​សាហាវ​ ប្រយុទ្ធ​ទន្រ្ទាន​ពាសពេញ​អឺរ៉ុប​ទាំង​មូល។ ក្រោយ​ចាញ់​សង្រ្គាម​លោក​លើក​ទី​ពីរ ​កងទ័ព​អាល្លឺម៉ង់ ​ត្រូវបាន​គេ​រិតត្បិត ​មិន​ឲ្យ​មាន​សកម្មភាព​ច្រើន ​រឺ​ចេញ​ប្រតិបត្តិការ​នៅ​បរទេស​ទេ។ ការ​ពង្រឹង​វិស័យ​យោធា​អាល្លឺម៉ង់​ នៅ​ពេល​នេះ ​ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ថា វា​អាច​ជា​សញ្ញា​មួយ​មិន​ល្អ ​ដែល​បង្ហាញថា​មហិច្ឆិតា​យោធា​អាល្លឺម៉ង់ ​កំពុងតែ​ងើប​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ