អានតួអត្ថបទ
សហភាពអឺរ៉ុប-សេដ្ឋកិច្ច

ប្រធានាធិបតី​បារាំង​ចង់​ផ្តើម​គំនិត​រៀបចំ​រចនាសម្ព័ន្ធ​ទំបន់​ចាយ​លុយ​អឺរ៉ូ

វិបត្តិ​បំណុល​ក្រិក ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​រង្គោះរង្គើ​សហភាព​អឺរ៉ុប ​និង​ជា​ពិសេស​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ ​បាន​ជំរុញ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ​ឲ្យ​ចាប់​ផ្តើម​រិះរក​មធ្យោបាយ ​ដើម្បី​បញ្ចៀស​បញ្ហា​បែប​នេះ​ ទៅ​ថ្ងៃ​ក្រោយ។ លោក ​ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ​ ហូឡង់ ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ថា​បារាំង​កំពុង​ពិចារណា ​ដើម្បី​ស្នើ​ទៅ​កាន់​ប្រទេស​សមាជិក​តំបន់​ចាយ​លុយ​អឺរ៉ូ​ផ្សេង​ទៀត​ នូវ​ការ​រៀបចំ​បង្កើត​ជា​រចនា​សម្ព័ន្ធ​គ្រប់គ្រង​មួយ ​ដែល​រឹង​មាំ ​ដើម្បី​ការពារ​តំបន់​ចាយ​លុយ​អឺរ៉ូ ​មិន​ឲ្យ​រលំ​ខ្ចាត់ខ្ចាយ។

លោក​ប្រធានាធិបតី​បារាំង​ និង​លោក​នាយករដ្ឋមន្ត្រី​ក្រិក ពេល​ជំនូួប​កំពូលអឺរ៉ុប​ នៅ​ក្រុង​ Bruxelles​ ថ្ងៃទី​១២ កក្កដា ២០១៥
លោក​ប្រធានាធិបតី​បារាំង​ និង​លោក​នាយករដ្ឋមន្ត្រី​ក្រិក ពេល​ជំនូួប​កំពូលអឺរ៉ុប​ នៅ​ក្រុង​ Bruxelles​ ថ្ងៃទី​១២ កក្កដា ២០១៥ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

តើ​វិបត្តិ​បំណុល​ក្រិក ​បាន​ផ្តល់​ជា​មេរៀន​អ្វី​ខ្លះ ​ដល់​សហភាព​អឺរ៉ុប ​និង​ក្រុម​ប្រទេស​ចាយលុយ​អឺរ៉ូ?

ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ ថា​វិបត្តិ​បំណុល​ក្រិក​ ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​សហភាព​អឺរ៉ុប។ ​រង្គោះ​​រង្គើ​គឺ​ដោយសារ ​តែ​វា​បាន​ធ្វើឲ្យ​សាមគ្គីភាព​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ មាន​ភាព​ផុយ​ស្រួយ ​ដោយ​​មាន​ប្រទេស​ខ្លះ​​ចង់​ជួយ​ក្រិក ​ឯ​ប្រទេស​ខ្លះ​ទៀត ​មិន​ចង់​ជួយ​ក្រិក​ទេ។​ មួយ​វិញ​ទៀត ​ វា​ក៏​បង្ហាញ​ផង​ដែរ​ ពី​ចំណុច​ខ្សោយ​របស់​តំបន់​​ចាយ​លុយ​អឺរ៉ូ។
 
យោង​តាម​បទ​ពិសោធន៍​ ដែល​ទាញ​ចេញ​ពី​ការ​ដោះស្រាយ​វិបតិ្ត​បំណុល​របស់​ក្រិក ​យើង​ឃើញ​ថា ​តំបន់​ចាយ​លុយ​អឺរ៉ូ​ មាន​លក្ខណៈ​ស្មុគស្មាញ ​ហើយ​ពុំ​មាន​យន្តការ​មួយ​ ដែល​មាន​ប្រសិទ្ធិភាព​ ក្នុង​ការពារ​ រឺ​ក៏​ស្រោចស្រង់ ​សមាជិក​របស់​ខ្លួន​នោះ​ទេ។

លោក ដានីញែល កូអែន ​សាស្រ្តាចារ្យ ​នឹង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ម្នាក់​ បាន​ពន្យល់​ថា បើ​អឺរ៉ុប ​មិន​ចង់​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ ទៅ​ក្នុង​វិបត្តិ​ទេ ​ត្រូវ​ប្រញាប់ ​ធ្វើ​កំណែ​ទម្រង់ ​ព្រោះ​លោកយល់​ថា ​រចនា​សម្ព័ន្ធ​ដែល​អឺរ៉ុប ​មាន​សព្វ​ថ្ងៃ​សម្រាប់​តំបន់​ចាយ​លុយ​អឺរ៉ូ ​គឺ​វា​មិន​គ្រប់គ្រាន់​ទេ។ ពោល​គឺ​វា​មាន​ក្បាល​ពីរ ​ ម្ខាង​ជា​គណកម្មការ​អឺរ៉ុប ​ដែល​ព្យាយាម​សម្រប​សម្រួល​ការ​ចរចា ​ឯម្ខាង​ទៀត ​ជា​ប្រទេស​សមាជិក​ម្នាក់ៗ ​ដែល​ទាមទារ​ប្រយោជន៍​តែ​រៀងៗ​ខ្លួន ​ក្នុង​តុ​ចរចា។ លោក​ថា ​ដូច​ក្នុង​ពេល​ចរចា ​អំពី​កិច្ច​ព្រមព្រៀង​ស្តីពី​គំរោង​ជួយ​ក្រិក​អញ្ចឹង ​អ្នក​មក​ចូលរួម​ចរចា​ មាន​ច្រើន​នាក់​​ពេក ​ដល់​អញ្ចឹង​ទៅ​ និយាយ​អត់​ទៅ​មុខ​ទេ ​ព្រោះ​គ្មាន​នរណា​ស្តាប់​នរណា។ ដូច្នេះ​អ្វី​ដែល​ជា​មេរៀន​សំខាន់ ​សម្រាប់​អឺរ៉ុប ​គឺ​ធ្វើ​យ៉ាង​ណា​ បង្កើត​យន្តការ​ថ្មី ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ​ក្នុង​ការ​ការពារ​សេដ្ឋកិច្ច​នៃ​តំបន់​ចាយ​លុយ​អឺរ៉ូ ​ក៏​ដូច​ជា​ការ​ដោះស្រាយ​វិបត្តិ។

បង្កើត​អង្គការ​គ្រប់គ្រងមួយ ​សភា​មួយ​ ជាមួយ​នឹង​កញ្ចប់​ថវិកា​ពិសេស៖
លោក​ប្រធានាធិបតី​បារាំង ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍ ​ជូន​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​អាទិត្យ​ របស់​បារាំង ​បាន​បញ្ជាក់​ថា ​បារាំង​ត្រៀម​ខ្លួន​ជានិច្ច ​ក្នុង​ការ​ធ្វើ​ជា​មេ​គំនិត ​ដើម្បី​រៀបចំ​តំបន់​ចាយ​លុយ​អឺរ៉ូ​ ឲ្យ​មាន​ភាព​រឹងមាំ។ លោក​ថា ​ថ្មីៗ​នេះ ​ក្នុង​បរិបទ​នៃ​ការ​ដោះស្រាយ​វិបត្តិ​ក្រិក ​យើង​ឃើញ​ថា ​បារាំង ​និង​អាល្លឺម៉ង់ ​បាន​ចាប់​ដៃ​គ្នា​យ៉ាង​ស្អិត ​ដើម្បី​ត្រិះរិះ ​ទម្រាំ​បាន​កិច្ច​ព្រមព្រៀង​មួយ ​ដែល​បាន​បញ្ចៀស​ មិន​ឲ្យ​ក្រិក​បែក​ខ្ទាច​ ​ចេញ​ពី​តំបន់​ចាយ​លុយ​អឺរ៉ូ។ តែ​លោក​ថា ​ប៉ុននេះ​ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ លោក​ចង់​ស្នើ ​ឲ្យ​បង្កើត​ជា​រចនា​សម្ព័ន្ធ​ថ្មី ​សម្រាប់​គ្រប់គ្រង​តំបន់​ចាយ​លុយ​អឺរ៉ូ ​ដោយ​យោង​ទៅ​តាម​យោបល់​ របស់​លោក ​ហ្សាក់ ឌឺល័រ​ អតីត​ប្រធាន​គណកម្មាធិការ​អឺរ៉ុប។

រចនា​សម្ព័ន្ធ​ទាំង​នោះ​ គឺ​អាច​ជា​ការ​បង្កើត ​ជា​អភិបាល​គ្រប់គ្រង់​មួយ​ ដើម្បី​គ្រប់គ្រង​ តំបន់​អឺរ៉ូ ​ព្រម​ជាមួយ​នឹង​សភា​មួយ ​ដើម្បី​ឃ្លាំមើល​ដំណើរការ​ នៃ​ការ​គោរព​លទ្ធិ​ប្រជាធិតេយ្យ​របស់​រដ្ឋាភិបាល​នេះ។ មាន​ស្ថាប័ន​ទាំង​ពីរ​នេះ ​គឺ​ត្រូវ​មាន​កញ្ចប់​ថវិកា​ពិសេស ​ដើម្បី​ឲ្យ​វា​អាច​ដំណើរ​ការ​ទៅ​បាន។

តំបន់ អឺរ៉ូ មានលក្ខណៈស្មុគស្មាញ ការគ្រប់គ្រងគ្មានប្រសិទ្ធិភាព៖
គួរ​រំលឹក​ផង​ដែរ​ថា ​សហភាព​អឺរ៉ុប ​ដែល​យើង​គ្រប់គ្នា​ស្គាល់​ហ្នឹង គឺ​មាន​ប្រទេស​សមាជិក​ទាំងអស់​២៨ ដែល​មាន​ស្ថាប័ន​​ចាត់ចែង​ ដូចជា​ក្រុម​ប្រឹក្សា​អឺរ៉ុប ​គណកម្មាធិការ​អឺរ៉ុប​ និង​សភាអឺរ៉ុប។ ចំណែក​ តំបន់​អឺរ៉ូ ​រឺ​ក៏​ក្រុម​ប្រទេស​ចាយ​​លុយ​អឺរ៉ូ​វិញ ​មាន​តែ​១៩​ប្រទេស​ទេ ​ដែល​ជា​សមាជិក។ ពោល​គឺ​ជា​បណ្តុំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​​ចាយ​លុយ​អឺរ៉ូ​តែ​មួយ។ ប្រទេស​ទាំង​២៨ ​របស់​សហភាព​អឺរ៉ុប ​មិន​មែន​ចាយ​លុយ​អឺរ៉ូ​ទាំង​អស់​គ្នា​ទេ។ តួយ៉ាង​ដូច​ជា​អង់គ្លេស ​រឺ​ដាណឺម៉ាក​ រដ្ឋាភិបាល​គេ​បាន​ជ្រើសរើស​អត់​ចាយ​លុយ​អឺរ៉ូ ​ដូច​បារាំង​ រឺ​អាល្លឺម៉ង់​ទេ។ ហើយ​ប្រទេស​ផ្សេងទៀត​ ដែល​ចង់​ចាយ​លុយ​អឺរ៉ូ ​ តែ​មិន​អាច​ចាយ​បាន ​ដោយសារ​​តែ​សេដ្ឋកិច្ច​នៅ​មិន​ទាន់​ មាន​ភាព​រឹងមាំ​គ្រប់គ្រាន់។ បច្ចុប្បន្ន​នេះ ​តំបន់​ចាយលុយ​អឺរ៉ូ​នេះ ​ គឺ​គ្រប់គ្រង ​ដោយ​សា្ថប័ន​រួម​ របស់​សហភាព​អឺរ៉ុប ​ដែល​មាន​ក្រុមប្រឹក្សា​អឺរ៉ុប ​គណកម្មការ​អឺរ៉ុប ​និង​ធនាគារ​កណ្តាល​របស់​អឺរ៉ុប។

ដូច្នេះ​ បើ​តាម​សម្តី​របស់​លោក​ហ្វ្រង់ស័រ​ ហូឡង់ ​ដោយ​បាន​ស្រង់​គំនិត ​របស់​លោក ​ហ្សាក់ ឌឺល័រ ​គឺ​គាត់​ចង់​បង្កើត​ជា​ស្ថាប័ន​ពិសេស​ថ្មី​ដាច់​ដោយ​ឡែក ​ សម្រាប់​តែ ​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ​តែម្តង។ គំនិត​នេះ វា​ប្រហាក់​ប្រហែល​នឹងអ្វី​​ ដែល​​ លោក​ ដានីញែល កូអែន​បាន​លើក​ឡើង​ដែរ ព្រោះ​ថា ​រាល់​ថ្ងៃ​នេះ ​ការ​ចរចេ​សម្រេច​សេចក្តី​ផ្សេងៗ​ គឺ​ធ្វើ​ជុំគ្នា​ទាំង​អស់​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ។ ដូច្នេះ ​បើ​សិន​ជា​មាន​ស្ថាប័ន​គ្រប់គ្រង ​ដាច់​ដោយឡែក​ ក្នុងការ ​ចាត់​វិធានការ​ផ្សេងៗ ​វា​ហាក់​ដូច​ជា​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ​ មាន​មេ​មាន​កើយ​ត្រឹមត្រូវ ​មិនមែន​ម្នាក់ៗ ​យកតែ​រួចខ្លួន​ ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

កសាង​ឆន្ទៈរួម ​នៃ​សាមគ្គីភាព​ និង​ការ​ជួយ​យក​អាសារ​គ្នា ក្នុង​គ្រួសារ​អឺរ៉ូ៖
ឆ្លង​កាត់​ការ​ដោះស្រាយ​វិបត្តិ​នៅ​ក្រិក ​យើង​ឃើញ​ថា ​គ្រួសារ​អឺរ៉ុប ​សឹងតែ​បែកខ្ញែក​ ព្រាត់​ប្រាស​គ្នា​ទៅ​ហើយ។ ក្រិក សឹង​តែ​ត្រូវ​គេ​បណ្តេញ​ចេញ ​ឈប់​ឲ្យ​ចាយ​លុយ​អឺរ៉ុប។ យ៉ាង​ណា​មិញ ​មាន​ថ្នាក់ដឹក​នាំមួយ​ចំនួន​ នៅ​តែ​ទាមទារ​ថា​ឲ្យ​ក្រិក​ចេញ​ពី​តំបន់​ចាយ​លុយ​អឺរ៉ូ។ មូលហេតុ​អ្វី ​បាន​ជា ​មាន​អ្នក​មិន​ចង់​ជួយ​ក្រិក ​គឺ​ដោយសារ​តែ​គេ​យល់​ថា បើ​ទុក​ក្រិក ​គេ​នឹង​មាន​បន្ទុក ​ត្រូវ​ស្រាក់​លុយ​គ្នា​យក​ទៅ​ជួយ​ក្រិក។ ចំណុច​នេះ​ហើយ ​ដែល​រដ្ឋាភិបាល​បារាំង ​ព្យាយាម​ប្រយុទ្ធ​តស៊ូ ​ព្រោះ​ថា​សម្រាប់​បារាំង​ ប្រទេស​តំបន់​ចាយ​លុយ​អឺរ៉ូ​ទាំង​អស់ ​ជិះទូក​ជា​មួយ​គ្នា ​គេ​មិន​អាច​ឲ្យ​នរណា​ម្នាក់​ ធ្លាក់​ទឹក​បាន​ទេ។ មុន​នឹង​ឡើង​ជិះទូក​ជុំគ្នា ​ទាំង​អស់​គ្នា​បាន​សន្យា​ហើយ​ថា ​ត្រូវ​ចេះ​ជួយ​ យក​អាសារ​គ្នា។

ដើម្បី​កសាង​គ្រួសារ​មួយ​ឲ្យ​រឹងមាំ ​ទាល់តែ​យើង​សាង​សង់​ផ្ទះ​មួយ​ឲ្យ​រឹងមាំ​ និង​មាន​មេ​គ្រួសារ​ដែល​រឹងប៉ឹង​ ចេះ​គិត​វែង​ឆ្ថាយ ​ជា​មុន​សិន​ ទើប​កូន​ចៅ​ វា​មិន​បែក​ខ្ញែក​គ្នា ​ម្នាក់​ទៅ​ឆ្វេង​ ម្នាក់​ទៅ​ស្តាំ។ ដូច​គ្នា​ដែរ ​គំនិត​លោក​ហ្វ្រង់ស័រ​ហូឡង់ ​ដែល​ចង់​បង្កើត​ជា​រចនាសម្ព័ន្ធ​គ្រប់គ្រង​នេះ ​គឺ​វា​ប្រៀប​ដូច​ជា​ការ​កសាង​ផ្ទះ ​និង​មេ​គ្រួសារ​អញ្ចឹង។ ដូច្នេះ ​តែ​កាល​ណា ​យើង​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ ​​វា​នឹង​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​សម្រុះ​សម្រួល ​ក៏​ដូច​ជា​បង្កើត​ឲ្យ​មាន​គំនិត​ស្រលាញ់​ ជួយ​យក​អាសារ​គ្នា​ ទៅវិញ​ ទៅ​មក​ នៅ​ក្នុង​គ្រួសារ​ អឺរ៉ុប។

វិបត្តិក្រិក ​ជា​កំហុស​មួយ​ផ្នែក​ធំ​ របស់​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ៖
តាម​ការពិត  ​វិបត្តិ​ក្រិក ​​មិនមែន​ជា​កំហុស​របស់​ក្រិក​ទាំង​ស្រុង ​រឺ​ក៍​ជា​កំហុស​របស់​សហភាព​អឺរ៉ុប​ទាំងស្រុង​ដែរ។ កំហុស​មួយ​ចំណែក ​ដែល​គេ​ទទួល​ស្គាល់ ​គឺ​ជា​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ ដោយសារ​តែ ​មូលនិធិ​នេះ ជា​អ្នក​ផ្តល់​កម្ចី​ ទៅ​ឲ្យ​ក្រិក ​ទាំង​គ្មាន​យន្តការ​មួយ​ច្បាស់​លាល់ ​ដើម្បី​បញ្ចៀស​ក្រិក​ កុំ​ឲ្យ​វ័ន​ក។ មូលនិធិ​នេះ​ខ្លួន​ឯង ថែម​ទាំង​បាន ​ទទួល​ស្គាល់​ទៀត​ផង ​ថា​មិន​គួរ​ ទុក​រឿង​ឲ្យ​ធ្ងន់ធ្ងរ​ ដល់​ថ្នាក់​នេះ​ទេ​។ អញ្ចឹង​ហើយ ​បាន​មូល​និធិនេះ​ បាន​សំណូមពរ​ថា ​បើ​ចាំបាច់​ គេ​សុខចិត្ត​លប់​ចោល​បំណុល ​និង​កាប្រាក់​ខ្លះ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ក្រិក។
ដំណោះស្រាយ​ ដោយ​ការ​លប់​បំណុល ​មួយ​ចំណែក ​និង ​ពន្យា​ពេល​សង​នេះ ​ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច ​ភាគ​ច្រើន​​យល់​ស្រប ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​អឺរ៉ុប​ ដែល​មាន​អាល្លឺម៉ង់​ជា​មេ​នាំ​អាទិ៍​ទៅ​វិញទេ ​ ដែល​បាន​បដិសេធ​ដាច់​អហង្ការ ​ដោយសារ​អី្វ ​គឺ​ដោយសារ​មានះ ​ចង់​យក​ឈ្នះ​រដ្ឋាភិបាល​ក្រិក។

ចរិក​មានះ​នយោបាយ​របស់​អាល្លឺម៉ង់ ​យក​ឈ្នះ​លើ​តថភាព​សេដ្ឋកិច្ច​របស់​ក្រិក៖
ថ្ងៃ​អាទិត្យ ទៅ ១៩ កក្កដា ​លោក ដូមីនីក ស្រ្តូស្កាន់ ​អតីត​អគ្គនាយក ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​សរសេរ​​​អត្ថបទ​មួយ ​សរសើរ​បែប​ចំអក​ ស្តីពី​ជោគជ័យ​របស់​អឺរ៉ុប​ ក្នុងការ​បញ្ចុះបញ្ចូល​ក្រិក ​ឲ្យ​ព្រម​ទទួល​យក​សំណើរ​​កំណែ​ទម្រង់។ យោង​តាម​អ្វី​ដែល​លោក​សរសេរ ​លោក​ថា ​បញ្ហា​ក្រិក​ ជា​បញ្ហា​ពីរ​ ទីមួយ​គឺ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ និង​ទីពីរ​គឺ​បរិបទ​នយោបាយ។ ប៉ុន្តែ​ក្នុង​ការលៈទេសៈ​នេះ​ អាល្លឺម៉ង់​ បាន​មានះ ​យក​ឈ្នះ​លើ​រដ្ឋាភិបាល​ក្រិក ក្នុង​ន័យ​វាយ​ប្រហារ​នយោបាយ ​ជា​ជាង​ចង់​ជួយ​សេដ្ឋកិច្ច​ក្រិក។ គ្មាន​នរណា​សង្ឃឹម​ទេ ថា​គម្រោង​​កំណែ​ទម្រង់​ថ្មី ​ដែល​អឺរ៉ុប​ដាក់​សង្កត់​ទៅ​លើ​ក្រិក ​នឹង​អាច​ជួយ​ក្រិក​ បាន​នោះ​ទេ ​ព្រោះ​វា​ប្រៀបបី​ដូច​ ជា​ដាក់​ប្រទេស​ក្រិក​ទាំងមូល ទៅ​បញ្ចាំ​នៅ​ធនាគារ​អញ្ចឹង។

ដូច្នេះ​បើ​សរុប​មក​វិញ ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​ គឺ ​តំបន់​ចាយលុយ​អឺរ៉ូ​ ត្រូវតែ​ធ្វើ​កំណែ​ទម្រង់ ​ព្រោះ​អ្វី​ដែល​កើត​ឡើង​កន្លង​មក​នេះ ​បញ្ជាក់​ថា​ម្នាក់ៗ​គ្មាន​នរណា​ស្តាប់​នរណា​ទេ។ ប៉ុន្តែ​កំណែ​ទម្រង់​របៀប​ណា​ក៏​ដោយ ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា ​បង្កើត​យន្តការ​ឲ្យ​មាន​ប្រសិទ្ធិភាព ​ដើម្បី​ធានា​ទំនុក​ចិត្ត ​ព្រមទាំង​ការ​សាមគ្គី​គ្នា ​រវាង​ប្រទេស​សមាជិក​ មិនមែន​ជា​ការ​សម្រេច​របស់​អាល្លឺម៉ង់ ​រឺ​បារាំង​តែ​ម្នាក់ឯង​នោះ​ទេ។ ចូរ​កំភ្លេច​ថា ​វិបត្តិ​ក្រិក ​នៅ​មិន​ទាន់​ដោះស្រាយ​ បាន​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ ​ស្រួស​មិន​ស្រួល​ បន្តិច​ទៀត ​ក្រិក​កាន់​តែ​ផុង​ខ្លួន ​ហើយ​ត្រូវ​ដើរចេញ​ពី​តំបន់​អឺរ៉ូ ​នៅ​ថ្ងៃ​ខាង​មុខ​ ក៏​ថា​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ