អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់ ផ្តើម​សមយុទ្ធ​ថ្មី នៅ​ក្បែរ​ព្រំដែន​​ពាយ័ព្យ​ប្រទេស​រុស្ស៊ី

លំហាត់​សឹក​ថ្មី​របស់​បក្ស​សម្ព័ន្ធ​អូតង់ ចូលរួម​ដោយ​យោធា ៦.០០០​នាក់ រថក្រោះ​ធុន Abrams និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុន​ធ្ងន់ B-52 បាន​ចាប់ផ្តើម ថ្ងៃ​ចន្ទ ទី ១​មិថុនា នៅ​តាម ៣​ប្រទេស​បាល់ត៍ និង ប៉ូឡូញ ដើម្បី​ផ្តល់​ភាពកក់ក្តៅ ដល់​រដ្ឋ​ទាំងនេះ ដែល​ព្រួយ​បារម្ភ​នឹង​មហិច្ឆតា ពី​ខាង​មហាប្រទេស​ជិត​ខាង​រុស្ស៊ី តាំងពី​នៅ​អ៊ុយក្រែន​មាន​ផ្ទុះ​ឡើង ជាវិបត្តិ អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ទ័ព​អាកាស​ន័រវេស​និង​អ៊ីតាលី ហោះ​ឆ្វែល​ក្នុង​បេសកកម្ម​អូតង់​នៅ​ជិត ប្រទេស​លីទុយអានី​
ទ័ព​អាកាស​ន័រវេស​និង​អ៊ីតាលី ហោះ​ឆ្វែល​ក្នុង​បេសកកម្ម​អូតង់​នៅ​ជិត ប្រទេស​លីទុយអានី​ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រទេស​រុស្ស៊ី បាន​បង្កើន​វត្តមាន​យោធា​នៅ​តំបន់​មាត់​សមុទ្រ​បាល់ទិក ជាទី​ដែល​មាន ប្រទេស​លីទុយអានី ឡេតូនី អេស្តូនី ស្ថិតនៅ ជាពិសេស បង្កើន​ក្នុង​លំហ​អាកាស​របស់​គេ ហេតុ​ដែល​ដាស់​ស្មារតី​គេ​ឲ្យ​ភិតភ័យ​និង​ខ្វល់ខ្វាយ​ជា​ថ្មី ក្រោយ​ពី​គេ​ធ្លាប់​បាន ខា​ឃាំង ដោយ រនាំងដែក សហភាព​សូវៀត លុះ​មក​ទល់​ឆ្នាំ​១៩៩០។

 
ពួកប្រទេសសមាជិក​អូតង់ បាន​នាំគ្នា​ឆ្លើយ​តប​នឹង​ភាព​សកម្ម​នៃ​វត្តមាន​នេះ​របស់​រុស្ស៊ី ដោយ​ធ្វើ​កាន់​តែ​ញឹកញយ​លំហាត់​សឹក​នៅ​អឺរ៉ុប​ខាងកើត។

“សមយុទ្ធ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម សមយុទ្ធ​ធំៗ​បង្គួរ​ចាត់ចែង​ឡើង​នៅ​លីទុយអានី តាំងពី​ប្រទេស​នេះ បាន​ចូល​ជា​សមាជិក​អូតង់​ក្នុង​ឆ្នាំ​២០០៤​មក” - សេចក្តី​នេះ ថ្លែង​ទៅ​ពួក​អ្នកកាសែត នៅ​រដ្ឋធានី​ វិលញូស ដោយ​លោក​ឧត្តម​សេនីយ​លីទុយអានី Almantas Leika មេបញ្ជាការ​កងទ័ព​ជើង​គោក​លីទុយអានី។ គាត់​បន្ថែម​ថា ៖ វត្តមាន​ដ៏​ក្រាស់ក្រែល​នៃ​កងទ័ព​សម្ព័ន្ធមិត្ត ស ឲ្យ​ឃើញ ពី​សាមគ្គីភាព​អូតង់​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់ ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី។
ជាសរុប មាន​១៣​ប្រទេស​នៃ​បក្ស​អាត្លង់ទិក​ខាងជើង ចូលរួម​ក្នុង​សមយុទ្ធ​ឈ្មោះ “Saber Strike ឆ្នាំ​២០១៥“ ដែល​ចាត់ចែង​ឡើង ក្រោម​ការ​ឧបត្ថម្ភ​របស់ ស.រ.អា.។

លីទុយអានី ឡេតូនី អេស្តូនី ដែល​ត្រូវ​បាន​បញ្ចូល​ទាំង​បង្ខំ ទៅ​ក្នង​សហភាព​សូវៀត នៅ​ចន្លោះ​ពី​កណ្តាល​ទសវត្សរ៍​ទី​៤០ គឺ​ពី​ពេល​ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទី​២ លុះ​រហូត​ដល់​ឆ្នាំ​១៩៩១ ឆ្នាំ ដែល​គេ​បាន​ឯករាជ្យ ពី​សហភាព​សូវៀត​វិញ បច្ចុប្បន្ន​នាំ​គ្នា​ភ័យ​ខ្លាច​មែនទែន ខ្លាច​ក្រែង​រុស្ស៊ី​ពាំនាំ​អស្ថិរភាព​ដល់​ស្ថានការណ៍​ផ្ទៃក្នុង​ប្រទេស​គេ ម៉្លោះ​ហើយ​បានជា ក្នុង​ខែ​មុន គេ​ទទូច​សុំ​ឲ្យ​ពួក​យោធា​អូតង់ វត្តមាន​ជា​អចិន្ត្រៃយ៍​ជាច្រើន​ពាន់​នាក់​តែម្តង នៅ​ត្រង់​តំបន់​នោះ។

ប៉ុន្តែ អ្នកនាំពាក្យផ្លូវការ របស់​ក្រសួង​ការពារជាតិ លីទុយអានី​លោក Mindaugas Neimontas បាន​ថ្លែង​ទៅ AFP ថា “អូតង់​នៅ​មិនទាន់​ឆ្លើយ​តប​នៅ​ឡើយ នឹង​សំណូម​ពរ​នេះ​របស់​គេ”។

លំហាត់សឹក “Saber Strike ឆ្នាំ២០១៥” ដែល​នឹង​ពន្យារ​ទៅ​រហូត​ដល់​ថ្ងៃ ១៩​មិថុនា មាន​ន័យ ជា​ចម្លើយ​ម្យ៉ាង​តប​នឹង​សមយុទ្ធ​ឥត​ប្រកាស​ឲ្យ​ដឹង​ជាមុន​នៅ​រុស្ស៊ី ក្នុង​សប្តាហ៍​កន្លង​ទៅ ដែល​ត្រូវបាន​ចូលរួម​ដោយ​យោធា​ដល់ ១២.០០០​នាក់ និង យន្តហោះ​២៥០​គ្រឿង​ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ