អានតួអត្ថបទ
គុយបា-វ៉ាទីកង់

ប្រធានាធិបតី​គុយបា បំពេញ​ទស្សនកិច្ច​​នៅបុរី​វ៉ាទីកង់​

នៅ​ថ្ងៃអាទិត្យ​ទី ១០​ឧសភា​នេះ លោក​ រ៉ាអ៊ូល កាស្ត្រូ ប្រធានាធិបតី​គុយបា បាន​អញ្ជើញ​ទៅ​ដល់​បុរីវ៉ាទីកង់ តាំងពី​ព្រលឹម​ ដើម្បីចូល​ជួប​សម្តេច​ប៉ាប ហ្វ្រង់ស័រ។ ក្នុង​ឱកាស​​ជា​ទស្សនកិច្ច​ ប្រកប​ដោយ​អត្ថន័យនេះ​ប្រធានាធិបតី​គុយបា បាន​ជូន​ផ្ទាំង​គំនូរ​​ រូប​ជន​ភៀស​ខ្លួន​ដល់​សម្តេច​ប៉ាប​​ ព្រោះ​គុយបា​ចង់​ថ្លែង​អំណរគុណ​ដល់​វ៉ាទីកង់​ ដែល​បាន​ដើរ​តួនាទី យ៉ាង​សកម្ម​ជា​អន្តរការី ​​ ក្នុង​ការ​ចរចា​នយោបាយ​ ​ចង​ភ្ជាប់​គុយបា​និង​អាមេរិក​ឱ្យ​មាន​ទំនាក់ទំនង​ជា​ធម្មតា​នឹង​គ្នា​ឡើងវិញ។

ប្រធានាធិបតី​គុយបា លោក រ៉ាអ៊ូល កាស្ត្រូ និង​សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​បុរី​វ៉ាទីកង់ ថ្ងៃទី ១០ ឧសភា ២០១៥
ប្រធានាធិបតី​គុយបា លោក រ៉ាអ៊ូល កាស្ត្រូ និង​សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​បុរី​វ៉ាទីកង់ ថ្ងៃទី ១០ ឧសភា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ចរបស់​ប្រធានាធិបតីកុម្មុយនិស្ត​គុយបា​ នៅ​វ៉ាទីកង់​ថ្ងៃ​នេះ​ ប្រព្រឹត្ត​ទៅតែ​​​បួន​ខែ​មុន​ការ​​​និមន្ត​ទៅក្រុង​ឡាហាវ៉ានរបស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ។

 
សម្តេច​ប៉ាប ហ្វ្រង់ស័រ បាន​ទទួល​ជួប​លោក រ៉ាអ៊ូល កាស្ត្រូ​ នៅ​បុរី​វាទីកង់ ជា​លក្ខណៈ​ឯកជន​បំផុត​។ ប្រធានាធិបតី​គុយបា​មុន​ដែល​ជា​បង​ប្រុស ធ្លាប់​បាន​អញ្ជើញ​មក​វ៉ាទីកង់​នៅ​ឆ្នាំ​១៩៩៦ ដើម្បី​រៀប​ចំ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​ ហ្សង់ប៉ូល​២ នៅ​គុយបា​ឆ្នាំ​១៩៩៨ និង​ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ទំនាក់ទំនង​​ជាមួយ​វិហារ​កាតូលិក​និង​រដ្ឋ​គុយបា​ឡើង​វិញផង និង​រវាង​គុយបា​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ដូច​យ៉ាង​អាមេរិក​ផង។

​វ៉ាទីកង់​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​វិបត្តិ​ផ្ទៃក្នុង​គុយបា។ សូម​បញ្ជាក់​ថាវិហារ​កាតូលិក​គុយបា ​ធ្លាប់ចេញ​មុខ​ប្រឆាំង​នឹង​​​រដ្ឋាភិបាល​កុម្មុយនិស្ត របស់​លោក ​ហ្វីដែលកាស្រ្តូ ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ និង​​រួម​រស់​យ៉ាង​ត្រដាប​ត្រដួស​​នៅ​ក្នុង​សង្គម​គុយបា នៅ​រវាង​ពី​ទសវត្ស​ឆ្នាំ​ ៧០-៨០-៩០។ វិហារ​កាតូលិក ជា​ស្ថាប័ន​ក្រៅ​ផ្លូវការ​ តែ​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាលចាប់ផ្តើម​មាន​មុខ ក្លាយ​​គូ​សន្ទនា​ជាមួយ​របប​កុម្មុយនិស្ត ​និង​ចូល​រួម​ចំណែក​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ជាតិ ចាប់​ពី​ឆ្នាំ​២០១០​ប៉ុណ្ណោះ។

ផ្នែក​ទំនាក់ទំនង​​អន្តរជាតិ វ៉ាទីកង់​បន្ត​​ខ្នះខ្នែង​ឥត​ដាច់ នៅ​ឆ្នាំ​២០១២ ​សម្តេច​ប៉ាប បឺណ័រ​ទី ១៦ បាន​និមន្ត​ទៅ​ឡាហាវ៉ាន​​ដែរ ដោយ​​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គុយបាគោរព​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព និង​ថ្កោលទោស​ទណ្ឌកម្ម​អាមេរិក។ នៅ​ខែ​តុលា​ឆ្នាំ​២០១៤ ​​​ សម្តេច​ប៉ាប​ហ្វ្រង័ស័រ​ បាន​សរសេរ​លិខិត ជា​លក្ខណៈ​បុគ្គល​​ទៅ​លោក រ៉ាអ៊ូល កាស្ត្រូ និង​ទៅ​លោក​បារ៉ាក់​អូបាម៉ា​ ឱ្យ​ប្រមុខ​ដឹកនាំ​ទាំង​ពី​រ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​រួម។ វ៉ាទីកង់​ បាន​​ទទួល​ប្រតិភូ​អាមេរិក​និងគុយបា​ ឱ្យ​ចូល​តុ​ចរចា ដោយ​ស្ងាត់ៗ ដែល​លទ្ធផល​ ​ជា​ប្រវត្តិសាស្ត្រ​ បង្ខិត​អាមេរិក​និង​គុយបា​ឱ្យរាប់​អាន​គ្នា​វិញ ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​ទាំងពីរ​ក្នុង​ពេល​​តែ​មួយ កាលពី​ចុង​ឆ្នាំ២០១៤ ក្រោម​ក្រសែ​ភ្នែក​​ភ្ញាក់​ផ្អើលរបស់​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ