អានតួអត្ថបទ
អង់គ្លេស

​បោះឆ្នោត​សភាអង់គ្លេស ៖ យុទ្ធនាការ​ឃោសនា​ចប់ ការ​ចរចា​ចង​សម្ព័ន្ធភាព​ស្ងាត់ៗ​បាន​ចាប់ផ្តើម

ការ​បោះឆ្នោត​សភា​អង់គ្លេស​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៧ ឧសភា ស្អែក​នេះ។ នៅក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រមុខ​​ដឹកនាំ​បក្ស​នយោបាយ​ធំៗ បាន​សម្រុក​ចេញ​បង្អួត​បង្ហាញ​កម្មវិធី​នយោបាយ​របស់ខ្លួន​ពេញផ្ទៃ​ប្រទេស ក្នុង​ក្តី​សង្ឃឹម​​​ទាក់ទាញ​សំឡេង​ពលរដ្ឋ​ឱ្យ​បាន​ច្រើន​បំផុត​តាម​តែ​អាច​។ បើតាមការ​ស្ទង់​មតិ គណបក្ស​អភិរក្ស​របស់​នាយករដ្ឋមន្ត្រី​កាន់​អំណាច និង​គណបក្ស​ពលករ​​ (ឆ្វេងនិយម) ដែល​ជា​គូប្រជែង​នឹង​គ្នា​រាប់​ទសវត្សរ៍​មក​ហើយ បាន​ទទួល​សំឡេង​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​បំផុត ម្នាក់ៗ​ប្រមាណ​តែ​៣៣% តាំង​ពី​បី​ខែ​មុន​មក។

នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ David Cameron
នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ David Cameron REUTERS/Peter Macdiarmid
ផ្សាយពាណិជ្ជកម្ម

បេក្ខជន​បក្ស​នីមួយៗ បាន​បង្ហាញ​ស្ទីល បញ្ចេញ​អស់​នូវ​អំណះអំណាង​ដែល​មាន ក្នុង​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​បោះឆ្នោត​នេះ។

 

សុន្ទរកថា​របស់​លោក ដេវីត កាមឺរោន នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​នៃ​បក្ស​អភិរក្ស​និយម មាន​លក្ខណៈ​វាយ​វ័ត​ខ្លាំង​ណាស់​ ដែល​ធ្វើ​ឱ្យ​គេ​គិត​ថាជា​ដង្ហើម​ចុង​ក្រោយ អស់​អី​លោត​ទៀត​ហើយ។ នៅ​ថ្ងៃអង្គារ​ម្សិលមិញ ពេល​ចុះ​ឃោសនា​​ពី​ចុង​ប៉ូច​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ មកដល់​ទីក្រុង​ឡុងដ៍ លោក ដេវីត កាមឺរោន បាន​ព្រមាន​ជា​ថ្មី អំពី​គ្រោះ​ថ្នាក់​នៃ​សម្ព័ន្ធភាពដឹកនាំ​ប្រទេស​​រវាង​បក្ស​ពលករ​ និង​បក្ស​ជាតិនិយម​អេកូស ថា​អាច​នឹង​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​អង់គ្លេស​ហិនហោច។

ជា​ចម្លើយ​តប ​លោក អេដ ម៉ីលីបេន Ed Miliband នៃ​បក្ស​ពលករ ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​បក្ស​អភិរក្ស​ បាន​វាយ​បក​វិញ​ថា​គណបក្ស​ឆ្វេង​និយម​របស់​លោក​នឹង​ស្រោច​ស្រង់​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​ ដែល​កំពុង​ត្រដាប​ត្រដួស​។ ចំណែក​បេក្ខជន​នៃ​បក្ស​សេរី​ប្រជាធិបតេយ្យ លោក នីក ក្លេក Nick Clegg ដែល​កំពុង​ចង​សម្ព័ន្ធ​ភាព​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ផុត​អាណត្តិ​វិញ បាន​បិទ​បញ្ចប់​យុទ្ធនាការ​ ២០០០​គីឡូម៉ែត្រ បាន​​​អះអាង​ថា មាន​តែ​បក្ស​របស់​លោក​មួយ​គត់​ដែល​អាច​ធានា​ស្ថិរភាព​ឱ្យ​មាន​និង​ក្នុង​រង្វង់​រដ្ឋាភិបាល​ចម្រុះ​ និង​ដែល​បញ្ចៀស​បាន​ការ​ជាប់​គាំង​ រួច​រៀប​ចំ​ការ​បោះឆ្នោត​ម្តង​ទៀត​បាន។

សម្តី​របស់​អ្នក​សេរីប្រជាធិបតេយ្យ​នេះ​មិន​ខុស​ទេ ! គ្រប់​គណបក្ស​នយោបាយ​ បាន​ចាប់​ផ្តើម​ចរចា​នៅ​ក្រៅ​ឆាក​​រួច​ទៅ​ហើយ អំពី​លទ្ធភាព​នៃ​ការ​ចង​សម្ព័ន្ធភាព​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ព្រោះ​បើ​តាមការ​ស្ទង់​មតិ គណបក្ស​អភិរក្ស និង​ពលករ ជា​គូ​ប្រជែង​​​ធំទាំង​ពីរ​ កំពុង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​។ គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​គ្មាន​គណបក្ស​ណាមួយ​អាច​ទទួល​បាន​សំឡេង​គាំទ្រ​​ដាច់​ខាត​ សម្រាប់​ដឹកនាំ​ប្រទេស​តែ​ម្នាក់​ឯង​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ