អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ បាត់បង់​នាវាអវកាស​ផ្ទុក​ស្បៀង​មួយ​គ្រឿង ដែល​ពុំ​បាន​ទៅ​ដល់​ទីដៅ​

គឺកាលពី​ថ្ងៃ​២៨​មេសា ដែល​នាវា​អវកាស​រុស្ស៊ី ធុន Progress M-27 M ផ្ទុក​ដោយ​ស្បៀង​ទម្ងន់ ២​តោន​កន្លះ បាន​ត្រូវ​បង្ហោះ​ចេញ​ពី​ផែនដី​ទៅ ដើម្បី​នាំ​វា​យក​ទៅ​ផ្គត់ផ្គង់​ដល់​តម្រូវការ​នៃ​ក្រុម​អវកាសយានិក​អន្តរជាតិ​​រុស្ស៊ី​-អាមេរិកាំង​-​អ៊ីតាលី មាន​គ្នា​៦​នាក់ ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​ស្រាវជ្រាវ ក្នុង ស្ថានីយ​អវកាស​អន្តរជាតិ SSI ហោះ នៅ​កំពស់ ៤២០គ.ម. ជុំវិញ​ផែនដី ប៉ុន្តែ​ដោយ​មកពី​មូលហេតុ​បច្ចេកទេស នាវា​នោះ​ពុំ​បាន​ទៅ​ដល់​ទីដៅ​ឡើយ។

នាវា​Progress ​ផ្ទុក​ស្បៀង​មួយ​បាត់​មិន​ទៅ​ដល់ស្ថានីយ៍​អវកាស​អន្តរជាតិ
នាវា​Progress ​ផ្ទុក​ស្បៀង​មួយ​បាត់​មិន​ទៅ​ដល់ស្ថានីយ៍​អវកាស​អន្តរជាតិ NASA
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​អវកាស​រុស្ស៊ី RosCosmos បាន​ឲ្យ​ដឹង​ថា គឺ​ថ្ងៃ​២៨​មេសា ដែល​យាន​អវកាស Progress M-27 M ផ្ទុក​ស្បៀង ត្រូវ​បាន​បង្ហោះ​ចេញ​ទៅ តាម​រយៈ​កាំជ្រួច ធុន Soyuz វេលា​ម៉ោង ១០ព្រឹក ហើយ​រំលង​៦​ម៉ោង​មក គឺ​នៅ​ម្តុំ​ម៉ោង ១៦ វា​ត្រូវ​ទៅ​ត​ភ្ជាប់​នឹង ស្ថានីយអវកាស អន្តរជាតិ SSI នៅ​កំពស់ ៤២០គ.ម. ប៉ុន្តែ ពេល​ដែល​ហោះ​ដល់​កំពស់​ទើប ២៧០គ.ម. វា​ស្រាប់​តែ វិលវល់​អណ្តែត ក្នុង​លំហ​អវកាស​ដ៏​ល្វឹងល្វើយ។

 
ការវិភាគធ្វើដោយ មជ្ឈមណ្ឌល​រុស្ស៊ី​ខាង​គ្រប់គ្រង​ការហោះហើរ​នៅ​អវកាស ស​ឲ្យ​ឃើញ​ថា មូលហេតុ​មកពី ពេល​ដែល​ម៉ូទ័រ​កាំជ្រួច នៃ​ផ្នែក​ទី​៣ ជា​ផ្នែក​ចុង​ក្រោយ​នៃ​កាំជ្រួច​Soyuz ត្រូវ​ច្រាន​នាវា Progress នោះ ឲ្យ​ដាច់​ចេញ​ពី​តួ​ចុង​ក្រោយ​នៃ​កាំជ្រួច ដើម្បី​ឲ្យ​នាវា​នោះ ហោះ​តម្រង់​ទៅ​ស្ថានីយ SSI តែ​ម្តង ហាក់បី​មាន​ការផ្ទុះ​ឆេះ បណ្តាល​ឲ្យ​បំណែក ដែល​គេ​រាប់​ទៅ​ឃើញ​ដល់ ៤៤​បំណែក​ឯណោះ នៃ​ផ្នែក​ចុង​ក្រោយ​របស់​កាំជ្រួច​នោះ បុក​ជាមួយ​នឹង​នាវា Progress ផ្ទាល់ ទាល់​តែ​រាំងស្ទះ​ដល់ ដំណើរ​ទៅ​មុខ​របស់​នាវា។

គួរនិយាយថា ការច្រានកាំជ្រួច ឲ្យហោះ​ឡើង ប្រព្រឹត្ត​ទៅ​ជា​ដំណាក់ៗ។ មុនពេល​នេះ ផ្នែក​២​ដំបូង​នៃ កាំជ្រួច ត្រូវ​បាន​ម៉ូទ័រ​កាំជ្រួច ច្រាន​ឡើង ក្នុង​របប​ប្រក្រតី​ធម្មតា។

អ្វីជាការកត់សម្គាល់ នាវា Progress បង្ហោះ​ចេញ​ទៅ​លើក​នេះ គឺ​ទន្ទឹម​នឹង​ស្បៀង បាន​ផ្ទុក​ទៅ ជាមួយ​ទាំង ទង់ជ័យជំនះ ឧទ្ទិស​ដល់​ខួប​៧០​ឆ្នាំ នៃ​ជ័យជំនះ​ប្រទេស​រុស្ស៊ី លើ​របប​ហ្វាស៊ីស​អាល្លឺម៉ង់ ក្នុង​មហា​សង្គ្រាម​ការពារជាតិ ដែល​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​៩​ឧសភា​ខាងមុខ។ រីឯ ក្នុង​ស្បៀង ២​តោន​កន្លះ​នោះ គឺមាន ទឹក​សម្រាប់​ហូប ៤២០​គីឡូក្រាម ខ្យល់​អុកស៊ីហ្ស៊ែន សម្រាប់​ដកដង្ហើម ៥០​គីឡូក្រាម និង ឥន្ធនៈ​៥០០​គីឡូក្រាម សម្រាប់​ស្ថានីយ SSI ផ្ទាល់។

តាមការប្រមាណឃើញ នៃ​ពួក​អ្នក​ឯកទេស​នាវា Progress ដែល​ខូច​ទៅ​ហើយ​នោះ នឹង​ធ្លាក់​មក​លើ​ផែនដី គឺ​នៅ​ចន្លោះ​ពី ថ្ងៃ ៥ ដល់​៧​ឧសភា​ខាងមុខ។ ហើយ​ពេល​ធ្លាក់​នោះ បំណែក​វា នឹង​ឆេះ​ខ្ទេច ក្នុង​ស្រទាប់​ក្រាស់​ឃ្មឹក នៃ​បរិយាកាស​ដែល​ព័ទ្ធ​ជុំវិញ​ផែនដី។ សម្រាប់​រដ្ឋ​រុស្ស៊ី ការខាតបង់​នេះ​ គឺ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ