អានតួអត្ថបទ
បារាំង-រវ៉ាន់ដា

បារាំង​ទម្លាយ​ឯកសារ​សម្ងាត់​​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា​ដើម្បី​តម្លាភាព​និង​ការ​ពិត

នៅ​ថ្ងៃខួប​២១​ឆ្នាំ​នៃ​ការ​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា ប្រទេស​បារាំង​បាន​​ចុះ​ហត្ថលេខា​​ នៅ​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ បញ្ចេញ​ឯកសារ​សម្ងាត់របស់​ប្រធានាធិបតី​ ពី​ឆ្នាំ​១៩៩០-១៩៩៤ ឱ្យ​សាធារណជន​ចូល​អាន​។ ជា​សេចក្តី​សម្រេច​ចិត្ត​មួយ ដែល​​ត្រូវ​បើក​ទម្លាយ​​ឱ្យ​ឃើញ​ច្បាស់​អំពី​នយោបាយ​បារាំង​ ក្នុង​អំឡុង​ពេល​នោះ​ ព្រោះ​ប្រធានាធិបតី​រវ៉ាន់ដា​ នៅ​តែ​បន្ត​ចោទ​ប្រកាន់​​ប៉ារីស​ថា​ជា​អ្នក​រួម​គំនិត​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍។

ទាហាន​បារាំង​ នៅ​រវ៉ាន់ដា កាលពី​ថ្ងៃ​ទី ៣ កក្កដាឆ្នាំ ១៩៩៤
ទាហាន​បារាំង​ នៅ​រវ៉ាន់ដា កាលពី​ថ្ងៃ​ទី ៣ កក្កដាឆ្នាំ ១៩៩៤ HOCINE ZAOURAR / ARCHIVES / AFP
ផ្សាយពាណិជ្ជកម្ម

ឯកសារ​ដែល​វិមាន​ប្រធានាធិបតី​ បញ្ចេញ​ឱ្យ​សាធារណជន​អាច​សុំ​​អាន​បាន គឺ​ជា​ឯកសារ​ដឹកនាំ​ប្រទេស នៅ​រវាង​ពី​ឆ្នាំ​១៩៩០-១៩៩៤ ដែល​មាន​លោក​ហ្វ្រង់ស័រ មីតេរ៉ង់ ជា​ប្រធានាធិបតី។ ឯកសារ​ទាំង​អស់​នោះ​មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​រវ៉ាន់ដា។ ជា​ឯកសារ​ផ្សេងៗ​ទាក់ទង​នឹង​ការងារ - ​​របស់​​ទីប្រឹក្សាការ​បរទេស​ និង​ ​យោធា​បារាំង​ ព្រមទាំង​របាយការណ៍​​នៃ​ជំនួប​ប្រជុំ​ផ្សេង របស់​ក្រុម​ប្រឹក្សា​ការពារជាតិ​របស់​ប្រធានាធិបតី​ ឬ​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី។

 
​ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​ព្រមព្រៀង​​រវាង​អគ្គលេខា​របស់​វិមាន​ប្រធានាធិបតី និង​អតីត​រដ្ឋមន្ត្រីទទួល​បន្ទុក​រក្សា​ឯកសារ​សម្ងាត់​​ប្រធានាធិបតី​ មីតេរ៉ង់ អ្នក​ស្រាវជ្រាវ និង​សមាគម​​ជន​រងគ្រោះ​រវ៉ាន់ដា អាច​មាន​សិទ្ធ​អាន​ឯកសារ​ទាំង​អស់​នោះ​បាន។ សម្រាប់​លោក​ហ្វ្រង់ស័រ​ ហូឡង់ ការ​ទម្លាយ​ឯកសារ​បែប​នេះ  គឺ​ជា​រួម​ចំណែកសម្រួល​ដល់​ក្រុមការងារ​ដែល​ចង់​ចង​ក្រង​ប្រវត្តិសាស្ត្រ​ និង​ជាពិសេស​បារាំង​ចង់​បង្ហាញ​អំពី​តម្លាភាពនៃ​ការ​ដឹកនាំ និង​ការពិត ! សេចក្តី​សម្រេច​ចិត្ត​នេះ គឺ​ជា​លទ្ធផល​នៃ​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ហូឡង់ តាំង​ពី​មួយ​ឆ្នាំ​មក​ហើយ !

ប៉ុន្តែ​ឯកសារ​ទាំង​អស់​នេះ គ្មាន​ពាក់​ព័ន្ធ​នឹង​សំណុំ​ឯកសារ​ ដែលតុលាការ​ក្រុង​ប៉ារីស​កំពុង​អង្កេត​និង​កាត់​ក្តី​​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ របស់​ អតីត​មេកើយ​រវ៉ាន់ដា​ទេ។ ជនជាប់​ចោទ​ម្នាក់​ជា អតីតអង្គរក្ស​ប្រធានាធិបតី​រវ៉ាន់ដា​ ​ ​ត្រូវ​បាន​តុលាការ​ក្រុង​ប៉ារីស​កាត់ទោស​ឱ្យ​ជាប់​​ពន្ធនាគារ​២៥​ឆ្នាំ។ តុលាការ​ក៏​នឹង​ត្រូវ​​បើក​សវនការ​ដែរ​​ លើ​សំណុំ​រឿង​ជន​ជាប់​ចោទ​រវ៉ាន់ដា​ពីរ​នាក់​ទៀតនៅ​ខែ​ឧសភា ឬ​មិថុនា​ឆ្នាំ​២០១៦ ខាង​មុខ។
 
ដើមហេតុ​នៃ​ការ​សង្ស័យ​ថា​បារាំង​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា

អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ជាង ៨​សែន​នាក់ ក្នុង​រយៈ​ពេល​តែ​១០០​ថ្ងៃ​នេះ បាន​ផ្ទុះ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ភេរវកម្ម​​បាញ់​សម្លាប់​ ប្រធានាធិបតី​រវ៉ាន់ដាលោក Habyarimana ជា​ជាតិ​ពិន្ធុ​ ហ៊ូទូ នៅថ្ងៃ​ទី ៦ មេសា ១៩៩៤។ ក្រុម​អ្នក​ជ្រុល​និយម​ហ៊ូទូ ដែល​ជា​អ្នក​កាន់​អំណាច បាន​ចោទ​ភ្លាម​ថា​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ទុតស៊ី។ ក្នុង​រយៈ​ពេល​មិន​ដល់​២៤​ម៉ោង​ផង ការ​កាប់​សម្លាប់​គ្នា​ក៏​បាន​កើត​ឡើង​ ដោយ​ប្រើ​កាំបិត​ពូថៅ ឬ​ដុត​សម្លាប់​គ្នា​ស្រស់ៗ។ កង​កម្លាំង​ឆ័ត្រ​យោង​បារាំង​ក៏​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ ជម្លៀស​​ពលរដ្ឋ​ បស្ចឹម​ប្រទេស និង​ជន​ភៀស​ខ្លួន​ចូល​ជ្រក​ក្នុង​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​ គីហ្កាលី​ រួច​មក​ក្រុង​ប៉ារីស ក្នុង​នោះ​ក៏​មាន​រូប​ភរិយា​អតីត​ប្រធានាធិបតី​ដែល​ស្លាប់​ក្នុង​ភេរវកម្ម​ និង​តំណាង​សាសនា​ជាតិ​ហ៊ូទូ​មួយ​ចំនួន។

ហើយ​គួរ​​ចម្លែក​បន្តិច គឺ​ស្ថាន​ទូត​បារាំង​ពេល​នោះ បាន​ក្លាយ​​ជា​កន្លែង​ជួបប្រជុំ​លើក​ដំបូង​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន ដែល​សុទ្ធ​សឹង​ជា​ក្រុម​ជនជាតិ​ហ៊ូទូ។ បី​សប្តាហ៍​ក្រោយ​ប្រធានាធិបតី​បារាំង ​លោក​ ហ្វ្រង់ស័រ​ មីតេរ៉ង់ បាន​ទទួល​​ជួប​មេ​ដឹកនាំ​រវ៉ាន់ដា​ដ៏​មាន​ឥទ្ធិពល​ពីរ​នាក់ទៀត។

នៅ​អំឡុង​ពេល​នេះ បារាំង បដិសេធ​មិន​និយាយ​ពាក្យ​ថា​ “ប្រល័យ​ពូជសាសន៍” ដោយ​យល់​ថា​ ពួក​ហ៊ូទូ និងទុតស៊ី កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅមក​ដូច​គ្នា។​ រហូត​ដល់​ថ្ងៃ​ទី ២២​មិថុនា ១៩៩៤ ក្រោយ​ពីមាន​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិ​ ទើប​ទាហាន​បារាំង​២៥០០​នាក់ បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​​មនុស្ស​ធម៌ បាន​ជួយ​សង្គ្រោះជនជាតិទុតស៊ី​ពី​ការ​កាប់​សម្លាប់។ ប៉ុន្តែ​សម្រាប់​ពួក​ឧទ្ទាម​​របស់​ប្រធានាធិបតី​ កាហ្កាមេ ​ភាព​យឺត​យ៉ាវ​របស់​បារាំងក្នុង​ការ​បញ្ចេញ​សកម្មភាព​ ​ទំនង​ជា​បាន​ជួយ​ពួក​ឧក្រិដ្ឋជន​ហ៊ូទូ​ឱ្យ​រត់​ភៀស​ខ្លួន​ទាន់។ អំពើ​ប្រល័យ​ពូជសាសន៍​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី ៥កក្កដា ១៩៩៤ នៅ​ពេល​កម្លាំងទុតស៊ី​​របស់​លោក​កាហ្កាមេ​វាយ​យក​ទីក្រុង​គីហ្កាលី​បាន។

តាំង​ពី​នោះ​មក​ បារាំង​និង​រវ៉ាន់ដា មិន​ដែល​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នាទេ និង​ត្រូវ​កាត់​ផ្តាច់​ស្ទើរ​ទាំង​ស្រុង​នៅ​រវាង​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០០៩។ ប្រធានាធិបតី​រវ៉ាន់ដា លោក ប៉ូល កាហ្កាមេ  ដែល​កាន់​អំណាច​តាំង​ពី​អំពី​ប្រល័យ​ពូជ​សាសន៍​បាន​បញ្ចប់​មក តែង​តែ​​ចោទ​ប្រកាន់​ប្រទេស​បារាំង​ ថា​ជា​អ្នក​ផ្សំ​គំនិត​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា។ កាលពី​ឆ្នាំ​ទៅ ប្រធានាធិបតី​រវ៉ាន់ដា បាន​ចោទ​ប្រកាន់​ច្បាស់ៗ ថា​បារាំង មាន​តួនាទី​​ផ្ទាល់​​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​និង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។ នៅ​ខែ​កុម្ភៈកន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ប្រធានាធិបតី​រវ៉ាន់ដា បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​​ទីក្រុង​ប៉ារីស ក្នុង​ក្របខ័ណ្ឌ​ឯកជន។ លោក កាហ្កាមេ មិន​បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​អាជ្ញាធរ​និង​រដ្ឋាភិបាល​បារាំង​ណា​ម្នាក់​ទេ ក្រៅ​អំពី​លោក​នីកូឡា សាកូហ្ស៊ី។ បារាំង​ ក្រោម​អាណត្តិ​របស់​លោក​នីកូឡាសាកូហ្ស៊ី ធ្លាប់​បាន​ទទួល​ស្គាល់​ថា​មាន​ ការ​ខុស​ឆ្គង​នយោបាយ ប៉ុន្តែ​គណៈកម្មការស៊ើប​អង្កេត​រឿង​នេះ តែង​​​​បដិសេធ​ជា​និច្ច​ថា​បារាំងមិន​​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា​ឡើយ។

ដូច្នេះ​សង្ឃឹម​ថាការ​​បើក​បង្ហាញ​ឯកសារ​ អាច​ជួយ​​​​បំភ្លឺ​ការ​ពិត​ ! លោក​កាហ្កាមេ ផ្ទាល់​ក៏​បាន​សម្តែង​ការ​អប​អរ​​ភ្លាម​ដែរ នៅ​ពេល​បាន​ទទួល​ដំណឹង​​ពី​វិមាន​ប្រធានាធិបតី​បារាំង​ម្សិលមិញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ