អានតួអត្ថបទ
ចិន-IMF

IMFស្វាគមន៍​ចិន​ក្នុង​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី

គម្រោង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធអាស៊ី​ (BAII ឬ AIIB)បាន​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើនឡើងៗ។ នៅ​ថ្ងៃ​ចន្ទ​ទី ២៣​មីនា នេះ នា​ឱកាស​បំពេញ​ទស្សនកិច្ច​៥​ថ្ងៃ នៅ​ក្នុង​ប្រទេស​ចិន ​លោកស្រី​អគ្គនាយិកា​​អង្គការមូលនិធិ​រូបិយវត្ថុអន្តរជាតិ​ គ្រីស្ទីន ឡាហ្កាដ (Christine Lagarde)​ បាន​សម្តែងការ​ស្វាគមន៍​​នឹង​គំនិត​ផ្តួច​ផ្តើម​របស់​ចិន និង​ត្រៀមធ្វើ​សហប្រតិបត្តិការ​ជាមួយ​នឹង​​​ធនាគារ​​វិនិយោគ​ហេដ្ឋារច​នា​សម្ព័ន្ធ​អាស៊ីថ្មី​នេះ​​។ គម្រោង​បង្កើត​ធនាគារ​ដែលប្រទេសធំៗ​នៅអឺរ៉ុប​ប្រកាស​ចូល​ហ៊ុន តែ​​វ៉ាស៊ីនតោន​ បដិសេធ។

លោកស្រី​ Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នៅ​ក្នុង​វេទិកា​អភិវឌ្ឍន៍​ចិន​ នា​ទីក្រុង​ប៉េកាំង ថ្ងៃទី ២២ មីនា ២០១៥
លោកស្រី​ Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នៅ​ក្នុង​វេទិកា​អភិវឌ្ឍន៍​ចិន​ នា​ទីក្រុង​ប៉េកាំង ថ្ងៃទី ២២ មីនា ២០១៥ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

 

មិន​ត្រឹម​តែ​លើក​សរសើរ​អំពី កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​​នៅ​លើ​លោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើ​ពុក​រលួយ និង​ការ​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថាន​ទេ លោកស្រី​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថែម​ទាំង​បាន​សម្តែង​ការ​ស្វាគមន៍​ ចំពោះ​គំនិត​ផ្តួច​ផ្តើម​ផ្សេងៗ​ទៀត​​របស់​ចិន​ មាន​ជា​អាទិ៍​គម្រោង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី។ IMF រីករាយ​នឹង​ធ្វើការ​ជាមួយ​ធនាគារ​ថ្មី​នេះ។​ នេះ​ជា​ប្រសាសន៍​​លោកស្រី គ្រីស្ទីន ឡាហ្កាដ។

ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប រាប់​ទាំង​បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ឆន្ទៈ​ចង់​ចូល​​រួម​បង្កើត​ធនាគារ​នេះ ជាមួយ​ចិន កាលពី​សប្តាហ៍​មុន។ មាន​តែ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ប៉ុណ្ណោះ ដែល​​​បដិសេធ​ ដោយ​សំអាង​ថា​​រដ្ឋាភិបាល​ចិនអាច​ធ្វើ​ការ​ខ្ជីខ្ជា​​ ​ងាយ​ឱ្យ​ខ្ចី​ ​ និង​យល់​ថា​ជា​ធនាគារ​ដែល​​​ប្រជែង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី(ADB) និង​ជាមួយ​ធនាគារ​ពិភពលោក។ អាមេរិកថែម​ទាំង​បាន​ព្រមាន​បណ្តា​ប្រទេស​​​អឺរ៉ុបឱ្យ​គិត​គូរ​ឡើង​វិញមុន​នឹង​សម្រេចចិត្តដាក់​ទុន​បង្កើត​ធនាគារ​ដែល​មានប្រាក់​ដើម​៥០ពាន់​លាន​ដុល្លារ​ និង​ដែល​ចិន​មាន​ភាគ​ហ៊ុន​ពាក់​កណ្តាល។

​ធនាគារ​ពិភពលោក មិន​បាន​​ជំទាស់​នឹង​គំនិត​របស់​ចិន​ទេ​ លោកស្រី​អគ្គនាយិកា​ធនាគារ​ពិភពលោក ​បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​នេះ ​ថា​មាន​កង្វះ​ធំធេង​ណាស់​នៅក្នុង​វិស័យ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​អាស៊ី។ ដូច្នេះ​គេ​​​ត្រូវ​តែ​ស្វាគមន៍​រាល់​គំនិត​ផ្តួច​ផ្តើម​ដែល​អាច​ប្រមូល​ហិរញ្ញវត្ថុ​​ទៅ​បំពេញផ្នែក​ខ្វះ​ខាតនោះ។

ដោយ​ឡែក​ ឆ្លៀត​ពេល​​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​ចិន លោកស្រី​នាយិកាមូលនិធិ​រូបិយវត្ថុ​ បាន​ប្រកាស​ថា IMF នឹង​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​បញ្ចូល​ប្រាក់​យ័ន​ទៅក្នុង​​ចំណោម​រូបិយបណ្ណ​​​របស់​មូលនិធិ និង​បាន​​ចាត់​ទុក​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ទាប​​មិន​ធ្លាប់​មាន (៧,៥%) របស់​ចិន​ថា​ដំណឹង​​​​វិជ្ជមាន ព្រោះ​អាច​បញ្ជាក់​បាន​ អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ឱ្យ​មាន​លំនឹង មាន​តម្រូវការ​ក្នុង​ស្រុក។ បើ​តាម​លោកស្រី​ ​កំណើន​សេដ្ឋកិច្ច​តិច​តែ​ប្រាកដ​ និង​យូរ​អង្វែង​ ជា​ប្រការ​ល្អ​សម្រាប់​ចិន និង​ពិភពលោក​ទាំង​មូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ