អានតួអត្ថបទ
រុស្ស៊ី

ខួប​មួយ​ឆ្នាំ​នៃការ​កាត់​ទឹកដី​គ្រីមេ​ពី​អ៊ុយក្រែន​ទៅ​ភ្ជាប់​នឹង​ប្រទេស​រុស្ស៊ី

ថ្ងៃ១៨មីនា គម្រប់១ឆ្នាំគត់ តាំងពី​ទឹកដី​គ្រីមេ ត្រូវបាន​​លោក​ពូទីន​កាត់យក​ពី​អ៊ុយក្រែន​មក​ភ្ជាប់​នឹង​ប្រទេស​រុស្ស៊ី។ សន្ធិសញ្ញា​ស្តី​អំពី​ការ​ភ្ជាប់​នេះ ត្រូវ​បាន​ចុះហត្ថលេខា​យ៉ាង​ឧឡារឹក នៅ​វិមាន ក្រេមឡាំង​ថ្ងៃ​១៨​មីនា​ឆ្នាំ​២០១៤ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​មេ​ដឹកនាំ​គ្រីមេ យោង​ទៅ​លើ​លទ្ធផល​ប្រជាមតិ​នៅ​ទៀប​កោះ​នោះ គឺ​បន្ទាប់ពី​សំណូមពរ​សុំ​ភ្ជាប់​នេះ បាន​ទទួល​ការអនុម័ត ដោយ​សភា​ទាំងពីរ​ថ្នាក់​នៃ​រដ្ឋសភា​រុស្ស៊ី។ ប៉ុន្តែ បស្ចិមលោក ចោទ​រុស្ស៊ី​ថា រំលោភ​លើ​បូរណភាព​ដែនដី​អ៊ុយក្រែន និង​ច្បាប់​អន្តរជាតិ ហើយ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី រហូត​មក​ទល់​សព្វ​ថ្ងៃ។ ក្រុង​ម៉ូស្គូ​ពី​ចំណែក​ខ្លួន ផ្អែក​លើ​ធម្មនុញ្ញ​អ.ស.ប. ស្តីអំពី សិទ្ធិ​ស្វ័យកំណត់ របស់​ប្រជាជន។

ទាហាន​ជើង​ទឹក​រុស្ស៊ី​ដង្ហែ​ក្បួន​អបអរ​ខួប​លើក​ទី​មួយ​នៃ​ការ​ភ្ជាប់​គ្រីមេ​ជា​រុស្ស៊ី
ទាហាន​ជើង​ទឹក​រុស្ស៊ី​ដង្ហែ​ក្បួន​អបអរ​ខួប​លើក​ទី​មួយ​នៃ​ការ​ភ្ជាប់​គ្រីមេ​ជា​រុស្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹក​អំពី​លទ្ធផល​ប្រជាមតិ​នៅ​ទៀប​កោះ​គ្រីមេ ដែល​បាន​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ ១៦​មីនា​ឆ្នាំ​២០១៤  ៖ បណ្តាជន​ទៀប​កោះ​នេះ ដល់​ទៅ​៩៦,៧៧% បាន​បោះឆ្នោត​គាំទ្រ​ដល់​ការ​ដក​ខ្លួន​ចេញ​ពី​រដ្ឋ​អ៊ុយក្រែន ហើយ​ភ្ជាប់​ទឹកដី​នេះ មក​នឹង​រុស្ស៊ី​វិញ ក្រោយ​ពី​វា​ត្រូវ​បាន​អំណាច សូវៀត​ផ្តាច់​ចេញ​ពី​ប្រទេស​កំណើត​រុស្ស៊ី អស់​៦០​ឆ្នាំ ទៅ​នៅ​ជាមួយ​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដ៏​មហោឡារឹក​នោះ​ថា ៖
-ដួង​ចិត្ត​ប្រជាជន​រស់​នៅ​គ្រីមេ គឺ​តែង​ដក់​ជាប់​ជានិច្ច​ទៅ​ដោយ​មនោសញ្ចេតនា​ដែល​ថា​គ្រីមេ ជា​ភាគ​មួយ​មិន​អាច​ផ្តាច់​ចេញ​បាន​ពី​ប្រទេស​រុស្ស៊ី ហើយ​ប្រជាមតិ​ដែល​បាន​ប្រព្រឹត្ត​ទៅ ដោយ​សុចរិត ក្នុង​តម្លាភាព​ពេញ​ទី ស​ឲ្យ​ឃើញ​ថា​អ្នក​ស្រុក​គ្រីមេ ចង់​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។
-ប្រទេស​រុស្ស៊ី​ទាំងមូល កោត​ស្ញើប​នឹង​ភាព​ក្លាហាន របស់​បណ្តាជន​គ្រីមេ អារ​កាត់​វាសនា​ខ្លួន។
-គោលជំហរ​រឹង​មាំ​នៃ​នយោបាយ​ក្រៅ​ប្រទេស​រុស្ស៊ី  គឺ​ផ្អែក​លើ​ភាព​ប្តេជ្ញា​របស់​មនុស្ស រាប់​លាន​នាក់ នៃ​ទៀប​កោះ​នោះ រួមរស់​ក្នុង​ឯកភាព​ធ្លុង​មួយ​ទូទាំង​ជាតិ​រុស្ស៊ី។
-ប្រាកដ​ណាស់​ដែល​រុស្ស៊ី នឹង​ប៉ះទង្គិច ជាមួយ​ការប្រឆាំង​នៃ​កម្លាំង​នៅ​ក្រៅ ប៉ុន្តែ​រុស្ស៊ី​ត្រូវ​ហ៊ាន​សម្រេច តើ​ខ្លួន​ត្រៀម​ឬ​ទេ ការពារ​យ៉ាង​ខ្ជាប់​ខ្ជួន​ផលប្រយោន៍​ជាតិ​របស់​ខ្លួន ឬ​មួយ ត្រូវតែ​​ចុះ​ញ៉ម​រា​ថយ ទាំង​មិន​ដឹង តើ​រា​ថយ​ដល់​ទី​ណា​ឡើយ - លោក​ពូទីន​គូស​បញ្ជាក់។

ថ្ងៃនេះ ពួក​អ្នក​តំណាងរាស្ត្រ​នៃ​សភា​ឌូម៉ា សម្រេច​ថា​បិទ​សម័យ​ប្រជុំ​ពេញ​អង្គ នៅ​ម៉ោង​ ៤​រសៀល ទៅ​ហើយ ដើម្បី​ប្រញាប់​ទៅ​ចូលរួម ក្នុង​ការសំដែង​សិល្បៈ នៅ​លើ​ទីលាន​ក្រហម មុខ​វិមាន​ក្រេមឡាំង ក្រោម​បាវចនា​ថា យើង​រួមរស់​ជាមួយ​គ្នា ឧទ្ទិស​ដល់​ខួប​១​ឆ្នាំ នៃ​ការភ្ជាប់​ទឹកដី​គ្រីមេ មក​នឹង​រុស្ស៊ី​វិញ។

ក្នុង​ឱកាស​ខួប​នេះ ក្រសួង​ការបរទេស​ស.រ.អា. ចេញ​សេចក្តី​ថ្លែងការណ៍​ថា ទណ្ឌកម្ម​ទល់​នឹង​រុស្ស៊ី​នឹង​បន្ត​គ្មាន​ទី​បញ្ចប់​ឡើយ ដរាប​ណា​ដែល​រុស្ស៊ី មិន​បង្វែរ​គ្រីមេ ទៅ​ឲ្យ​អ៊ុយក្រែន​វិញ​ទេ។

វិមាន​ក្រេមឡាំង តាមរយៈ​អ្នក​នាំ​ពាក្យ​ខ្លួន បាន​ប្រតិកម្ម​ថា គ្រីមេ​ជា​ដែនដី​រុស្ស៊ី ហើយ​មិន​បណ្តោយ​ឲ្យ​នរណា​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រុស្ស៊ី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ