អានតួអត្ថបទ
បារាំង

ប្រមុខ​ដឹកនាំ​ប្រទេស​ជាង​៤០​រូប ចូល​រួម​ដង្ហែក្បួន​ប្រឆាំង​ភេរវនិយម និង​ដើម្បី​សេរីភាព នៅ​ប៉ារីស

ថ្ងៃ​អាទិត្យ​ទី ១១​មករា នេះ ប៉ារីស​បាន​ក្លាយ​ជា​​ទី​​ណាត់​ជួប​គ្នា របស់​ពិភពលោក ដើម្បី​បរិហារ​​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ! គេ​រំពឹង​ថាមនុស្ស​ម្នា​ប្រមាណ​ជាង​មួយ​លាន​នាក់ ដោយ​រួមមាន​ទាំង​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល មកពី​ជិត​​៥០​ប្រទេស នឹង​ត្រូវ​មកចូល​​រួម​ដង្ហែ​ក្បួន​ ក្បែរ​​ប្រធានាធិបតី​​បារាំង​ លោក​ហ្វ្រង់ស័រ​ហូឡង់។ ជា​ការ​ដង្ហែក្បួន​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាពិសេស និង​ប្រកប​ដោយ​អត្ថន័យ​ អាច​កត់​ត្រា​បាន​ក្នុង​ប្រវត្តិសាស្ត្រ។

ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​ជិត​៥០​រូប​បាន​មក​ចូល​រួម​ដើរ​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ១១ មករា ២០១៥
ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​ជិត​៥០​រូប​បាន​មក​ចូល​រួម​ដើរ​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ១១ មករា ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ការ​ដង្ហែ​ក្បួន​ដែល​​គ្មាន​ផ្អាក​សញ្ញា គ្មាន​បដា គ្មាន​ជ័យឃោស ត្រូវ​បាន​រៀប​ចំ​ឡើង​បន្ទាប់​មាន​ការ​បាញ់​ប្រហារ​សម្លាប់​អ្នក​កាសែតរបស់​ ទស្សនាវដ្តី​Charlie Hebdo ការ​បាញ់​សម្លាប់​ប៉ូលិស​នៅ​កណ្តាល​ថ្នល់ និង​ការ​ចាប់​ចំណាប់​ខ្មាំង​​នៅ​ហាង​លក់​ទំនិញ​ជ្វីហ្វ... ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ ពី​ថ្ងៃពុធ​ដល់​ថ្ងៃ​សុក្រល្ងាចម៉ោង​៥ ម៉ោង​ដែល​ប៉ូលិស​កម្ចាត់​ភេរវជន​ជីហាត​ទាំង​បី​នាក់​បាន មនុស្ស​១៧នាក់​បាន​ស្លាប់​ ... 

ដើម្បី​ការពារ​សេរីភាព​ សិទ្ធ​នៃ​ការ​បញ្ចេញ​មតិ លទ្ធិ​ប្រជាធិបតេយ្យ ប្រឆាំង​នឹង​ដាច់​ខាត​អំពើ​ភេរវនិយម ​ពលរដ្ឋ​រាប់​លាន​នាក់​បាន​នាំគ្នា​ក្រោក​ឈរ​ឡើង​ ចុះ​ដើរ​ដង្ហែ​ក្បួន​ តាម​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​បារាំង និង​នៅ​រដ្ឋធានី​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​លើ​លោក មាន​ជាអាទិ៍​ នៅ​ញូវយ៉ក វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាណាដា និង​ក្រុង​ជា​ច្រើន​ទៀត​របស់​អឺរ៉ុប​ អាហ្វ្រិក​ ឬ​អាស៊ី។

ជា​ការ​ប្រមូល​ផ្តុំ​ និង​ដង្ហែ​ក្បួន​​ដែល​មាន​​ទ្រង់ទ្រាយ​និង​លក្ខណៈ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ទាំង​ផ្នែកបរិមាណ​ និង​ទម្រង់ ៖ មិន​ដែល​មាន​ប្រធានាធិបតី​ណា​ចុះ​ធ្វើ​បាតុកម្ម​ទេ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក​ ឬ​ថា​នេះ​ជា​លើក​ទីពីរ​ហើយ ដែល​បារាំង​មាន​ប្រធានាធិបតី​ចុះ​ថ្នល់​ជាមួយ​ពលរដ្ឋ គិត​ចាប់​សង្គ្រាម​លោក​លើកទីពីរ​មក។ គេ​នៅ​ចាំ​បាន​ថា​កាលពីថ្ងៃ​១៤ឧសភា ១៩៩០ លោក​ហ្វ្រង់ស័រ មីតេរ៉ង់ ជា​ប្រធានធិបតី​​បារាំង​ទី​មួយ​​ដែល​ចុះ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍។

អ្នក​ចូល​រួម​ដង្ហែក្បួន

ម្យ៉ាង​ទៀត ក្រៅ​អំពី​មាន​ចំនួន​ពលរដ្ឋ​ចូល​រួម​ច្រើន សមាជិក​រដ្ឋាភិបាល​ទាំង​មូល​ តំណាង​សភាព្រឹទ្ធសភា គណបក្ស​នយោបាយ​ គ្រប់ព៌ណ​របស់​បារាំង ព្រមទាំង​សហគមន៍​សាសនា​ផ្សេងៗ នៅ​មាន​ឥស្សរជន​នយោបាយបរទេស​ ជិត​៥០​រូប​ផ្សេងទៀត នឹង​មក​បំប៉ោង​ក្បួន តាម​ដង​ផ្លូវ​ កណ្តាល​ក្រុង​ប៉ារីស ​ឱ្យ​កាន់​តែ​ធំ។

ប្រមុខ​ដឹកនាំ​រដ្ឋ​ រដ្ឋាភិបាល​​បរទេស​ ក្នុង​ក្បួន​ ​៖ លោកស្រី ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ លោក ដេវីត កាមឺរោន នាយក​រដ្ឋមន្ត្រី​អង់គ្លេស ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី អេស្ប៉ាញ ប្រធាន​គណៈកម្មាការ​អឺរ៉ុប លោក Jean-Claude Juncker។ ប្រធានាធិបតី​អាមេរិក បារ៉ាក់​អូបាម៉ា​ គ្មានវត្តមាន​នាពេល​នេះ មែន​តែ​បាន​បញ្ជូន​តំណាង​ពិសេស​គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ព្រះមហាក្សត្រ​និង​មហាក្សត្រីយានី​ហ្ស័កដានី​ ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មក​ពី​ទ្វីប​អាហ្វ្រិក៦​រូប និង​ជាពិសេស ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។
វត្តមាន​របស់​លោក នេតាន់យ៉ាហ៊ូ និង​ប្រធាន​ដែន​ដី​ប៉ាឡេស្ទីន មះមូត​អាបាស ទាំង​ពីរ​នាក់​នៅ​ក្នុង​ក្បួន​បាតុកម្ម គឺ​ពិត​ជា​មាន​តម្លៃ​ជា​និមិត្ត​រូប​ខ្លាំងណាស់ !

កម្មវិធី​និង​ការ​ដើរ​ដង្ហែ​ក្បួន

 

@Prefecture de Police

តាំង​ពីព្រឹក​ លោក​ហ្វ្រង់ស័រហូឡង់ បាន​ទទួល​ជួប​តំណាង​សហគមន៍​ជ្វីហ្វ ព្រោះ​ការ​ចាប់​ចំណាប់​ខ្មាំង​នៅ​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​មាន​លក្ខណៈ​រើងអើង​ប្រឆាំង​នឹង​សហគមន៍​នេះ។ បន្ទាប់​មក​ លោក​ប្រធានាធិបតី​បាន​បើក​ជំនួប​ប្រជុំពេញ​អង្គ​​ដ៏​ធំ​មួយ ដែល​មាន​វត្តមាន​សមាជិក​រដ្ឋាភិបាល​ទាំង​អស់ អតីត​ប្រធានាធិបតីជា​​ប្រធានបក្ស​ប្រឆាំង​ លោក នីកូឡា សាកូហ្ស៊ី អតីត​នាយក​រដ្ឋមន្ត្រី​ទាំង​អស់ ​ព្រមទាំងគ្រប់​​តំណាងស្ថាប័ន​ក្រុមប្រឹក្សារដ្ឋ​​​ធម្មនុញ្ញ សភា​ និង​ព្រឹទ្ធ​សភា នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ។ ចំណែក​ឯ​ប្រមុខ​ រដ្ឋ និង​រដ្ឋាភិបាល​បរទេស នឹង​ត្រូវ​​ទទួល​ស្វាគមន៍​នៅ​វិមាន​ប្រធានាធិបតី វេលា​ម៉ោង ១ -២ ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា រួច​ទើប​​​ជិះរថយន្ត​ក្រុង​ធំ​មួយ​រួម​គ្នា​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​សាធារណរដ្ឋ ដើម្បី​ចុះ​ដើរ​ដង្ហែក្បួននៅម៉ោង​បី​រសៀល។ ការ​ដើរ​ហែ ដែល​អាច​មាន​រយៈ​ពេល​តែ ១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ​ សម្រាប់​ក្រុម​ប្រមុខ​​ដឹកនាំ​ប្រទេស។

ប្រវែង​ផ្លូវ​ដែល​ក្បូន​ត្រូវ​ដើរ ពី​ទីលាន​សាធារណរដ្ឋ​ទៅ​ទីលាន​ជាតិ មាន​ប្រវែង ៣​គីឡូម៉ែត្រ។ យោល​ទៅ​ចំនួន​ពលរដ្ឋ​ចូល​រួម​​​សន្ធឹក​សន្ធាប់​  ក្បួន​ដង្ហែ​មាន​បំបែក​ជា​ពីរ​ខ្សែ មួយ​ដើរ​ត្រង់​ មួយ​ទៀត​ដើរ​ព័ទ្ធ​ វាង​បន្តិច សំដៅ​ទិស​តែ​មួយ។

វិធានការ​សន្តិសុខ​ និង​ជំនួប​កំពូល​អឺរ៉ុប​ប្រឆាំង​ភេរវនិយម​

មាន​កម្លាំង​ប៉ូលិស ទាហាន​ មិន​តិច​ជាង​ពីរ​ពាន់​ពីរ​រយ​នាក់​ទេ​ ដែល​ត្រូវ​ដាក់​ពង្រាយ​ការពារ​តាម​ដង​ផ្លូវ​ដែល​ក្បួន​ជាតិ​ត្រូវ​ឆ្លង​កាត់ និង​ជាង​៥​ពាន់៥រយ​នាក់ សម្រាប់ការពារ​រដ្ឋធានី​និង​តំបន់​ជុំ​វិញ​ក្រុង​ប៉ារីស។

ហើយ​ឆ្លៀត​ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​អឺរ៉ុប​មាន​វត្តមាន​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ដើរ​ដង្ហែ​ក្បួន​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​បារាំង​បាន​រៀប​ចំ​ជំនួបកំពូល​អន្តរជាតិ​​មួយ​ថ្នាក់​រដ្ឋមន្ត្រី​មហាផ្ទៃ​អឺរ៉ុប និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​រវាង​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។

បញ្ហា​ភេរវនិយម ថ្វី​បើ​ពេល​នេះ បារាំង​រងគ្រោះ​ជាង​គេ​និង​ដោយ​ជាក់​ស្តែង​មែន ប៉ុន្តែ​ហានិភ័យ​​មិន​បញ្ឈប់​ត្រឹម​ព្រំដែន​បារាំង​ឡើយ។ អឺរ៉ុប​ទាំង​មូល​ក៏​មាន​គ្រោះ​​គំរាម​កំហែង​ភេរវកម្មដូចគ្នា។ បើ​តាម​ប្រភព​​មិន​បញ្ចេញឈ្មោះ របស់​ភ្នាក់ងារ​ស៊ើប​ការណ៍​អាមេរិក NSA ដែល​ចាប់​បាន​សំឡេង​ទាក់ទង​គ្នា​រវាង​មេ​កើយ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ថា​ភេរវកម្ម​នៅ​ប៉ារីស គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ការ​វាយប្រហារ​ភេរវកកម្ម​នឹង​មាន​ជា​បន្ត​បន្ទាប់​ទៀត នៅ​តាម​ក្រុង​ផ្សេងៗ​របស់​អឺរ៉ុប។

ជា​ឧទាហរណ៍​ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះទីស្នាក់ការ​កាសែត​អាល្លឺម៉ង់​មួយ បាន​រង​ការ​វាយប្រហារ​ ដោយ​អគ្គីភ័យ​ចេតនា​មួយ តែ​សំណាង​ល្អ គ្មាន​ជន​រង​គ្រោះ។ កាសែត​អាល្លឺម៉ង់​មួយនេះ បាន​ចុះ​ផ្សាយបន្ត​​ក្នុង​ទំព័រ​កាសែត​របស់​ខ្លួន រូប​ថ្លុក​ម៉ូហាម៉េត​របស់​ទស្សនាវដ្តី​Charlie-Hebdo។ កាសែត​អាល្លឺម៉ង់ Bild ក៏​បាន​បញ្ជាក់​ដែរ​ថា ពិ​តជា​​មាន​​ការ​គំរាម​កំហែង​ភេរវកម្ម​ថ្មី​ៗ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ