អានតួអត្ថបទ
បារាំង-រុស្ស៊ី

អង្គការ​OCDE ព្យួរ​ដំណើរការ​សុំ​ជា​សមាជិកភាព​របស់​រុស្ស៊ី

វត្តមាន​ទ័ព​រុស្ស៊ី នៅ​គ្រីមេ ក្នុង​ប្រទេស​អ៊ុយក្រែន​បានធ្វើ​ឲ្យ​រុស្ស៊ី​រងការដាក់​សម្ពាធ​កាន់តែខ្លាំង។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​ដើម្បី​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​OCDE បាន​ប្រកាស​ផ្អាក ព្យួរ​ដំណើរការ​ចុះឈ្មោះ​ជា​សមាជិកភាព​របស់​ប្រទេស​រុស្ស៊ី។ ទន្ទឹមគ្នានេះ អង្គការ​ OCDE​បាន​បង្ហាញ​ឆន្ទះ​ចង់​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អ៊ុយក្រែន។

អគ្គលេខាធិការ​អង្គការ​ OCDE José Angel Gurría បណ្ណាសារ
អគ្គលេខាធិការ​អង្គការ​ OCDE José Angel Gurría បណ្ណាសារ REUTERS/Grigory Dukor
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ផ្អាកព្យួរ​ដំណើរការ​ចុះឈ្មោះ​របស់​រុស្ស៊ី នៅក្នុង​អង្គការ​ OCDE មិនមែន​ជា​ដំណឹង​ល្អ​សម្រាប់​ទីក្រុង​ម៉ូស្គូ។ ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន រុស្ស៊ី​ទើប​តែ​រង​ការដាក់​​ទណ្ឌកម្ម និង​សម្ពាធ​ពី​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក​ដែល​បាន​ប្រកាស​ព្រមាន​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ក្នុង​ករណី​រុស្ស៊ី​មិន​ព្រម​ឈប់​ឈ្លានពាន​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន។

 
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ OCDE​ដែល​ចេញ​ជា​ផ្លូវការ កាលពី​ព្រហស្បតិ៍ អគ្គលេខាធិការ​របស់​ OCDE ដែល​បាន​ទទួល​សំណើ​ពី​ក្រុមប្រទេស​ជាសមាជិក នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា បាន​ជូន​ដំណឹង​ទៅ​ទីក្រុង​ម៉ូស្គូ​ថា អង្គការ​ OCDE​នឹង​លើក​ទៅពេល​ក្រោយ រាល់​ដំណើរការ​ទាក់ទង​នឹង​ការសុំ​ចុះ​ឈ្មោះ​របស់​រុស្ស៊ី ជា​សមាជិក​របស់​ OCDE។

ការសម្រេចផ្អាកព្យួរ​បេក្ខភាព​របស់​ OCDE​ធ្វើឡើង បន្ទាប់​ពី​រុស្ស៊ី​បាន​ពង្រាយ​ទ័ព នៅ​តំបន់​ស្វយ័ត​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន។ នៅ​ដើម​សប្តាហ៍នេះ សភា និង​រដ្ឋាភិបាល​រុស្ស៊ី​ទើប​បង្ហាញ​ការគាំទ្រ ដល់​ការសម្រេចចិត្ត​របស់​​សភា​គ្រីមេ ដែល​បាន​បោះឆ្នោត នៅ​ដើម​សប្តាហ៍នេះ ដើម្បី​ផ្តាច់​តំបន់​គ្រីមេ​ចេញពី​អ៊ុយក្រែន ទៅ​ភ្ជាប់​ជាមួយ​រុស្ស៊ី។ នៅថ្ងៃ​អាទិត្យ​ទី ១៦ ប្រជាជន​នៅ​តំបន់​គ្រីមេ​នឹង​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត​ប្រជាមតិ ដើម្បី​សម្រេច​ថា តើ​ត្រូវ​កាត់ផ្តាច់​គ្រីមេ​ពី​អ៊ុយក្រែន​ដែរឬទេ។

សូម​បញ្ជាក់ថា រុស្ស៊ី​ដែល​បាន​សហការ​ជាមួយ​អង្គការ​ OCDE​តាំង​ពី​ឆ្នាំ ១៩៩២ បាន​សុំ​ចុះឈ្មោះ​ជា​ផ្លូវការ​សមាជិក​របស់​ OCDE​នៅ​ឆ្នាំ ១៩៩៦។ ប៉ុន្តែ ប្រទេស​សមាជិក​របស់​អង្គការ​ OCDE​ទើប​តែ​ចាប់ផ្តើម​ពិភាក្សា និង​ចរចា​លើ​សំណើ​ចុះឈ្មោះ​របស់​រុស្ស៊ី នៅ​ឆ្នាំ ២០០៧​តែ​ប៉ុណ្ណោះ។ អង្គការ​ OCDEដែល​មាន​សមាជិក​ចំនួន ៣៤​ប្រទេស​ត្រូវ​បាន​បង្កើតឡើង ក្នុង​ទិសដៅ​ជួយ​រដ្ឋាភិបាល​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ជួយ​រក្សា​តុល្យភាព​ហិរញ្ញវត្ថុ របស់​ប្រទេស​សមាជិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ