អានតួអត្ថបទ
ភេរវកម្ម

ប៉ូលិស​Interpol​ទាញ​សញ្ញា​​អាសន្ន​ក្រោយ​អ្នកទោសរាប់រយនាក់​​លួច​រត់ចេញ​ពីគុក

អន្តរប៉ូលិស​Interpol បាន​ជូនដំណឹង នៅល្ងាច​ថ្ងៃ​សៅរ៍ ម្សិលមិញ ដល់​សមាជិក​ប្រទេស​ទាំង​១៩០​របស់​ខ្លួន ឲ្យ​ធ្វើការប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ហែកគុក លួចរត់​គេចចេញ ជាបន្តបន្ទាប់​របស់​អ្នកទោសរាប់រយ​នាក់ ក្នុង​រយៈពេល​មួយខែ​ចុងក្រោយនេះ។

ក្រុមតាលីបង់​បាន​បន្លំ​ខ្លួន​ជាប៉ូលិស​ចូល​ទៅ​បំផ្លាញ​គុក នៅ​ប៉ាគីស្ថាន ដែល​បាន​ធ្វើ​ឲ្យ​អ្នកទោស​ជាង ២០០​នាក់​លួចរត់គេច​ចេញ​ពីគុក
ក្រុមតាលីបង់​បាន​បន្លំ​ខ្លួន​ជាប៉ូលិស​ចូល​ទៅ​បំផ្លាញ​គុក នៅ​ប៉ាគីស្ថាន ដែល​បាន​ធ្វើ​ឲ្យ​អ្នកទោស​ជាង ២០០​នាក់​លួចរត់គេច​ចេញ​ពីគុក © REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

អ្នកទោស​ទាំងនោះ​ភាគច្រើន​ជា​ភេរវករ​ដែល​លួច​រត់​ចេញ​ពី​គុក​ចំនួន ៩ ដែល​នៅក្នុងនោះ​មាន​ប្រទេស​ប៉ាគីស្ថាន អ៊ីរ៉ាក់ និង​លីប៊ី។ ប៉ូលិស​ Interpol​សង្ស័យ​ថា គឺ​ក្រុមអាល់កៃដា ដែល​បាន​ចូលរួម​ក្នុង​ការជួយ​រំដោះ​អ្នកទោស​ទាំងនោះ។ នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ ប៉ូលិស​ Interpol​អះអាង​ថា ការលួចរត់គេច​ពីគុក​របស់​អ្នកទោស​កើតមាន​ជាបន្តបន្ទាប់គ្នា ហើយ​អ្នកទោស​ដែល​ជា​ជនឧក្រិដ្ឋ និង​ភេរវករ​រាប់រយ​នាក់​បាន​លួច​រត់គេច​ចេញ​ពី​គុក។ Interpol ​បាន​ស្នើ​ដល់​ប្រទេស​សមាជិក​ឲ្យ​ផ្តល់​ព័ត៌មាន​បន្ថែម ដើម្បី​កំណត់​ថា តើ​ការលួចរត់គេច​ជា​បន្តបន្ទាប់​របស់​អ្នកទោស​មាន​ជាប់​ពាក់ព័ន្ធ​គ្នា នឹង​បណ្តាញ​អាល់កៃដា ដែរឬទេ។

អង្គការ​ Interpol ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​លីយ៉ុង​របស់​ប្រទេស​បារាំង បាន​សំណូមពរ​ផងដែរ​ដល់​ប្រទេស​សមាជិក​ឲ្យ​ជូនដំណឹង​ភ្លាម នៅពេល​គេ​រកឃើញ​ទីតាំង​លាក់​ខ្លួន​របស់​អ្នកទោស​ដែល​បាន​លួច​រត់គេច​ចេញពីគុក។ ធ្វើដូច្នោះ គឺ​ដើម្បី​ជៀសវាង​ការវាយប្រហារ​របស់ក្រុម​ភេរវករ។

ប៉ូលិស​ Interpol​បាន​រំលឹកថា ​សីហា គឺ​ជា​ខែ​សំខាន់ សម្បូរ​កើតមាន​អំពើ​ភេរវកម្ម និង​ការវាយប្រហារ​ដ៏​ហិង្សា​របស់​ក្រុមភេរវករ ទៅលើ​ប្រទេស​រុស្ស៊ី ឥណ្ឌា និង​ឥណ្ឌូនេស៊ី។ សប្តាហ៍​ទីមួយ​របស់​ខែ​សីហា​នេះ ក៏​ជា​ខួប​១៥​ឆ្នាំ នៃ​ការវាយប្រហារ​ជាបន្តបន្ទាប់​គ្នា​របស់​ពួកភេរវករ ទៅលើ​ស្ថានទូត​អាមេរិក នៅក្នុង​ប្រទេស​កិនយ៉ា និង​តង់ហ្សានី។

នៅ​ថ្ងៃ​ទី ៧​សីហា ឆ្នាំ ១៩៩៨ ការបំផ្ទុះគ្រាប់បែក​ភេរវកម្ម​បាន​កើតមាន​ផ្ទួនៗ​គ្នា​ទៅលើ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី និង​ដារ៉េ សាឡឹម ដែល​បាន​សម្លាប់​មនុស្ស​ជាង ២០០​នាក់ ដែល​ពួកគេ​ភាគច្រើន​ជា​ជនជាតិ​អាហ្រ្វិក។

គេមិន​បាន​ដឹងថា តើ​អ្នកទោស​ដែល​ជា​ក្រុមភេរវករ និង​ដែល​លួចរត់គេច​ពី​គុក ទាំងនេះ មាន​ពាក់ព័ន្ធ​នឹង​ផែនការ​ធ្វើភេរវកម្ម​របស់​ក្រុមអាល់កៃដា ដែរ ឬ​យ៉ាងណា​ទេ។ ប៉ុន្តែ កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​អាសន្ន​ស្តី​ពី​ការគំរាមកំហែង​ធ្វើភេរវកម្ម​របស់​អាល់កៃដា​ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​អាមេរិក នៅ​តំបន់​ដើមបូព៌ា និង​នៅ​អាហ្វ្រិក​ខាងជើង។ ស្ថានទូត និង​កុងស៊ុល​អាមេរិក​នៅក្នុង​តំបន់​ទាំងពីរ ជាង ២០​ត្រូវ​តម្រូវ​ឲ្យ​បិទ​ទ្វារ នៅ​ថ្ងៃ​អាទិត្យនេះ។ ចំណែក​សេចក្តី​ប្រកាស​អាសន្ន​របស់​អាមេរិក​ស្តីពី​អំពើភេរវកម្ម នឹង​ត្រូវ​មាន​សុពលភាព​រហូត​ដល់​ដំណាច់ខែ​សីហា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ