អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ឈ្មួញ​មរណៈ​ Viktor Bout ជាប់ពន្ធនាគារ ២៥ឆ្នាំ

សាល​ក្រម​បែបនេះ​ នៅ​ទី​បំផុត​ត្រូវ​បាន​បំភ្លឺ​ឡើង​នៅ​ពេល​រសៀល​ថ្ងៃទី ៥​មេសា នៅ​​ក្រុង​​​ញូវយ៉ក​​ដែល​ត្រូវ​នឹង​កណ្តាល​អធ្រាត្រ​ទៅ​ហើយ​​ម៉ោង​នៅ​ម៉ូស្គូ​ដោយ​តុលាការ​អាមេរិក​ដែល​ប្រកាស​ថា​​ឈ្មោះ ​Viktor​ Bout​ អាយុ​៤៥​ឆ្នាំ​ជា​ពាណិជ្ជករ​ជាតិ​រុស្ស៊ី​ត្រូវ​ជាប់​គុក​២៥​ឆ្នាំ ចំពោះ បទពិរុទ្ធ ក្នុងការលក់អាវុធ ទៅឲ្យពពួកក្រុមភេរវនិយម ហេតុដែលជា គ្រោះថ្នាក់ដល់ ជីវិតជាតិអាមេរិកាំង។ ក្រសួង​ការបរទេស​រុស្ស៊ី ​មិន​ទទួល​ស្គាល់​សាលក្រម​នេះ​ទេ ហើយ​​បន្ត​ទាមទារ​​ពីស.រ.អា.​ឲ្យ​ប្រគល់​ពលរដ្ឋ​រុស្ស៊ី​នោះ​មក​ភាគី​រុស្ស៊ី​វិញ។​

Viktor Bout ពេលមកដល់តុលាការនៅបាងកក​៤តុលា​ ២០១០
Viktor Bout ពេលមកដល់តុលាការនៅបាងកក​៤តុលា​ ២០១០ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងទោស ២៥ឆ្នាំ តុលាការអាមេរិក ក៏តម្រូវឲ្យ សាមីជននោះ បង់ប្រាក់ពិន័យ ក្នុងទំហំ ១៥លានដុល្លារអាមេរិកទៅផង។ ប្រាក់នេះ នឹងត្រូវរឹបអូសយកពី ធនាគារណា ដែល លោក Viktor Bout អាចមានលុយផ្ញើទុក។

 
ប៉ុន្តែតាមសំដីភរិយាគាត់ ថ្លែងទៅពួកអ្នកកាសែតក្នុងក្រុង ញូវយ៉កក្រោយពីឮ សាលក្រមនោះ លុយច្រើនម៉្លឺងៗគ្រួសារគាត់មិនដែលមានទេ។ ស្ត្រីនោះ ក៏ថ្លែងដែរថា​ការ​កាត់​ទោស​២៥​ឆ្នាំ​នេះ​គឺជា​ជាជ័យជំនះ​សម្រាប់គ្រួសារគាត់ និង សម្រាប់ប្រទេសរុស្ស៊ី តែម្តង ទាំងកោតសរសើរ លោកស្រីចៅក្រម Shira Scheindlin ថា បានជ្រើសយក រយៈពេលខ្លីបំផុត គឺត្រឹម២៥ឆ្នាំ ឲ្យ
ប្តីគាត់ ជាប់គុក មិនមែនដល់មួយជីវិត ដូចការទាមទារនៃភាគី រដ្ឋអាជ្ញាឡើយ។

ដ្បិតលោកស្រី ចៅក្រមនោះ បានថ្លែងថា “គ្មានភស្តុតាងអ្វីណាដែលសឲ្យឃើញ ថា លោក Bout ពាក់ព័ន្ធ ទៅនឹង អង្គការភេរវនិយមឡើយ”។

តាមប្រពន្ធលោក Bout លោកស្រីចៅក្រមអាមេរិកាំង ដែល កាត់ទោសនោះ គឺទាំងបង្ខំក្នុងចិត្ត ទេតើ ដ្បិតត្រូវយោងទៅលើ បទវិនិច្ឆ័យចេញទៅហើយ ដោយ“ក្រុមជំនុំអមសាលាក្រុមចោទ” ដែលថា លោក Bout ពិតជាជាប់ទោសមែន ទៅតាមការចោទប្រកាន់៤ករណី ក្នុងនោះ មាន​ការ​ប៉ុនប៉ង លក់ រ៉ុកកែត សម្រាប់បាញ់យន្តហោះ ទៅឲ្យ”កងកម្លាំងបដិវត្តប្រដាប់អាវុធនៅ Columbie” ហៅកាត់ថា FARC ដែលត្រូវស.រ.អា. ចាត់ទុក ជាអង្គការភេរវនិយម ហើយ រ៉ុកកែត នោះ គឺ ទុក ធ្វើឃាតពួក Pilote អាមេរិកាំង តែម្តង។

គួររម្លឹកថា លោក Bout បានធ្លាក់ខ្លួន ជាប់ក្នុងអន្ទាក់អាមេរិកាំង នៅក្រុងបាងកក កាលពីខែ មិនា ឆ្នាំ២០០៨ ដោយថ្លោះការជួបជាមួយពួកភ្នាក់ងារអាមេរិក ដែលក្លែងខ្លួន ធ្វើជា​ម៉ូយ​ទិញ​អាវុធ​សម្រាប់ កងកម្លាំង FARC នោះឯង។ ២ឆ្នាំក្រោយមក នៅខែធ្នូឆ្នាំ២០១០ រូបគាត់ត្រូវ​បាន​​​អាជ្ញាធរថៃ ធ្វើបត្យាប័ន ប្រគល់ខ្លួន ទៅឲ្យស.រ.អា.ទៅ។

គឺក្រោយពីសហភាពសូវៀតរលាយទៅក្នុងឆ្នាំ ១៩៩១ដែលលោក Bout ជាអតីតនាយ​ទាហាន​​​​​សូវៀត ចេះច្រើនភាសា កាលណោះ អាយុទើប ២៤ឆ្នាំ បានបង្កើតឡើងជាក្រុមហ៊ុន មាន យន្តហោះ ធុនធំៗ​ដឹក​ជញ្ជូន​អាវុធសូវៀតនៅសេសសល់យ៉ាងច្រើន ទៅកាន់​ច្រកល្ហកប្លែកៗ នៃផែនដី មានទ្វីបអាហ្វ្រិកជាដើម។

ក្រសួងការបរទេសរុស្ស៊ី ព្រឹកមិញ បានចេញសេចក្តីថ្លែងការណ៍ថា ការកាត់ទោសពលរដ្ឋរុស្ស៊ី ដោយតុលាការអាមេរិកាំង គឺគ្មានតឹកតាងអ្វីជាមូលដ្ឋានសំអាងឡើយនិងលំអៀងជាមុន​ស្រេច​ ទៅខាងបម្រើផលប្រយោជន៍ មជ្ឈដ្ឋានជាក់លាក់នៅស.រ.អា. ហើយរុស្ស៊ី នឹងបន្ត​ទាមទារ ​ពីភាគីអាមេរិក ឲ្យប្រគល់ ពលរដ្ឋរុស្ស៊ីនោះ មកឲ្យភាគីរុស្ស៊ីវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ