អានតួអត្ថបទ
អ៊ុយក្រែន

២៤សីហា១៩៩១-២៤សីហា២០១១៖​ ខួប២០ឆ្នាំ​នៃឯករាជ្យ​រដ្ឋអ៊ុយក្រែន​

ឧទ្ទិសដល់​កាលបរិច្ឆេត​ដ៏​វិសេស​វិសាលនេះ​ក្នុង​ប្រវត្តិរដ្ឋ​ខ្លួន​ លោក​ យ៉ានូកូវិច​ ប្រធានាធិបតី​អ៊ុយក្រែន​សម្តែង​នូវ​ជំនឿជឿ​ជាក់​ថា ​ម្តុំ១០ឆ្នាំ​ទៀត​រដ្ឋអ៊ុយក្រែន​នឹងត្រូវ​ទទួល​ចូល​ជា​សមាជិក​ថ្មី​របស់​ សហភាព​អឺរ៉ុប។​ លោកប្រធាន​គណៈកម្មការ​អឺរ៉ុប​ Jose Manuel Barroso ​ពីចំណែក​ខ្លួនវិញ​គឺស្វាគម​ចំពោះ​បំណងនេះ​របស់​អ៊ុយក្រែន ​ប៉ុន្តែ​សុំឲ្យ​ទីក្រុង Kiev​ បញ្ជាក់​ពីភក្តីភាព​របស់ខ្លួន​ចំពោះ​ស្តងដារ​ជាគ្រឹះគន្លឹះ​របស់​សហភាព​ អឺរ៉ុប​បែបយ៉ាង​ការគោរព​សិទ្ធិមនុស្ស ​ ប្រកាន់​យក​លិទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​បញ្ចេញមតិ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ យ៉ានូកូវិច​
លោក​ប្រធានាធិបតី​អ៊ុយក្រែន​ យ៉ានូកូវិច​ © កែវ ឆាយា
ផ្សាយពាណិជ្ជកម្ម

ជាបឋម​ គួររំលឹក​ថា ​គឺ២០ឆ្នាំមុន​គត់​ថ្ងៃ២៤​សីហា​ឆ្នាំ១៩៩១​ ដែល​រដ្ឋសភា​អ៊ុយក្រែន​បាន​អនុម័ត​“សេចក្តី​ប្រកាស​ស្តីអំពី​ឯករាជ្យ​រដ្ឋអ៊ុយក្រែន”​ ជាទី​ដែលមាន​ចែងថា ​៖​ “ចាប់ពីអំណើះ​តទៅ​ នៅលើ​ដែនដី​អ៊ុយក្រែន​មានសុពលភាព​ដំណើរការ​ទៅកើត​គឺតែ​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន​ប៉ុណ្ណោះ​ មិនមែន​រដ្ឋធម្មនុញ្ញ​សូវៀត​ទៀតឡើយ”។​ សេចក្តី​ប្រកាសនេះ​ ធ្វើឡើង​គឺរំលង​តែ២ថ្ងៃ​ក្រោយពី​នៅរដ្ឋធានី​ម៉ូស្គូ​បាន​ធ្លាក់​ក្នុង​បរាជ័យ​ទៅ​រដ្ឋ​ប្រហារ​ដើម្បី​រក្សា​សហភាព​សូវៀត​ឲ្យនៅ​គង់វង់​ដដែល​តាមវិធី​ផ្តួល​លោកប្រធានាធិបតី​សូវៀត​ Gorbatchev ពីអំណាច។

 
តាមរយៈ​អត្ថបទ​មួយ​ពិសេស​ ចុះផ្សាយ​ក្នុង​ទស្សនាវដ្តី​ឈ្មោះ” កញ្ចក់​ប្រចាំ​សប្តាហ៍​ “ ឧទ្ទិស​ដល់​ខួប២០ឆ្នាំ​នៃឯករាជ្យ​រដ្ឋអ៊ុយក្រែន​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ យ៉ានូកូវិច​ សរសេរ​ជាអាទិ៍​ ៖​ រដ្ឋអ៊ុយក្រែន​សព្វថ្ងៃ​កំពុង​ដើរ​យ៉ាង​ខ្ជាប់ខ្ជួន​នៅលើផ្លូវ​ធ្វើ​កំណែ​ទម្រង់​និង​ទំនើបកម្ម​ ហើយជា​ផ្លែផ្កា​នៃ​នយោបាយ​នេះ​ ខ្ញុំជឿ​ជាក់ថា​ប្រមាណ​១០ឆ្នាំទៀត​អ៊ុយក្រែន​នឹង​ក្លាយ​ទៅជា​សមាជិកថ្មី​របស់​សហភាពអឺរ៉ុប​ដោយ​ព្រមជា​មួយនេះ​ចូលខ្លួន​ទៅសណ្ឋិត​នៅក្នុង​“គ្រួសារ​នៃ​ប្រទេស​លូតលាស់”​ តែម្តង។

ជម្រើស​អ៊ុយក្រែន​ជា​សមាជិក​សហភាព​អឺរ៉ុប​ គឺជាគ្រឹះ​មូលដ្ឋាន​នៃ​អត្តសញ្ញាណ​ សម្គាល់​នយោបាយ​ក្រៅ​ប្រទេស​អ៊ុយក្រែន។​ ចំណែក​ តម្លៃ​ផង​ទាំងឡាយ​ប្រកាន់​យក​ដោយ​សហភាព​អឺរ៉ុប​ គឺ​បម្រើ​ជាគ្រឹះ​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍន៍​រដ្ឋ​អ៊ុយក្រែន។

លោក យ៉ានូកូវិច​ ក៏​សង្កត់​ធ្ងន់​ថា​ ជាការ​ចាំបាច់​ដែល​ត្រូវចុះ​ជាកិច្ច​ព្រមព្រៀង​ស្តីអំពី​ការបង្កើត​ឡើង​ជា​”តំបន់​សេដ្ឋកិច្ច​សេរី “​នៅ​ទ្វីប​អឺរ៉ុប​តំបន់​ដែល​រួមក្តោប​ទាំងអ៊ុយក្រែន​ផង​ដើម្បី​ឲ្យអ៊ុយក្រែន​សមិទ្ធិ​បាន​ដូចចិត្ត​ “របប​លើក​លែង​ទិដ្ឋាការ”​ ជាមួយ​សហភាព​អឺរ៉ុប​ របប​ដែល​អ៊ុយក្រែន​នឹងចាប់​អនុវត្ត​នៅឆ្នាំ​២០១២​ខាងមុខ​គ្រាន់នឹង​សម្រួល​ដល់ការ​ធ្វើដំណើរ​នៃភ្ញៀវ​អឺរ៉ុប​មក​ទស្សនា​ការ​ប្រកួត​បាល់ទាត់​រើសជើងឯក​ទ្វីបអឺរ៉ុប​ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​អ៊ុយក្រែន​ផង​ ប៉ូឡូញ​ផង។

លោកប្រធាន​គណៈកម្មការ​អឺរ៉ុប​ Jose Manuel Barroso ក្នុងសារ​អបអរ​នៅឱកាស​ខួប២០ឆ្នាំ​នៃឯករាជ្យ​រដ្ឋអ៊ុយក្រែន​បានស្វាគម​ចំពោះ​បំណង​របស់​អ៊ុយក្រែន​ ប៉ុន្តែ​សុំឲ្យ​ទីក្រុង​ Kiev បញ្ជាក់​ពីភក្តីភាព​ស្មោះត្រង់​ចំពោះ​គោលការណ៍​និង​តម្លៃ​ណាជា​គ្រឹះគន្លឹះ ​របស់​សហភាព​អឺរ៉ុប​ ដូចយ៉ាង​ការគោរព​សិទ្ធិមនុស្ស​ គោរព​ឧត្តមភាព​នៃច្បាប់ ​ប្រកាន់យក​លិទ្ធិ​ប្រជាធិបតេយ្យ ​ សេរីភាព​បញ្ចេញមតិ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ