អានតួអត្ថបទ
អាមេរិក-បារំាង

សំណុំរឿងDSK បាន​បញ្ចប់​នៅ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​ញ៉ូវយ័ក តែ​ត្រូវ​បន្ត​នៅ​តុលាការ​ស៊ីវិល Bronx

នៅ​ថ្ងៃអង្គារ ទី២៣ សីហា​ម្សិលមិញ លោក​ចៅក្រម​អាមេរិក Michael Obus បាន​យល់ព្រម​ទទួល​យក​អនុសាសន៍​របស់​លោក​រដ្ឋអាជ្ញា​ក្រុងញ៉ូវយ័ក Cyrus Vance ឲ្យ​បោះបង់​ចោល​ទំាងស្រុង​នូវ​គ្រប់​ការ​ចោទប្រកាន់​លើ​លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) ហៅកាត់​ថា DSK អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ទាក់ទង​នឹង​រឿងអាស្រូវ​ជាមួយ​ស្រ្តីអ្នកបំរើ​សណ្ឋាគារ​ម្នាក់​ឈ្មោះ Nafissatou Diallo កាល​ពី​ថ្ងៃទី១៤ ឧសភា។ យោង​តាម​លោក​រដ្ឋអាជ្ញា ភស្តុតាង​ដែល​បង្ហាញ​ដោយ Nafissatou Diallo សុទ្ធ​តែ​ប្រឌិត​ឡើង​ដោយ​គ្មាន​ការ​ពិត។

លោក Dominique Strauss-Kahn អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ
លោក Dominique Strauss-Kahn អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​រវាង​លោក DSK និង​អ្នកស្រី Nafissatou Diallo បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃទី ១៤ ឧសភា នៅ​ក្នុង​បន្ទប់​លេខ ២៨០៦ នៃ​សណ្ឋាគារ Sofitel ក្នុង​ទីក្រុង​ញ៉ូវយ័ក។ Nafissatou Diallo បាន​ប្រកាស​ប្រាប់​ឲ្យ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បាន​លោក DSK ចាប់​រំលោភ នៅ​ពេល​ដែល​ចូល​ទៅ​បោសសំអាត​ក្នុង​បន្ទប់​របស់​លោក DSK។ ក្នុង​ថ្ងៃទី ១៤ ឧសភា​នោះ​ដដែល លោក DSK ដែល​កំពុង​ស្ថិត​ក្នុង​យន្តហោះ ដើម្បី​ធ្វើ​ដំណើរ​មក​ប្រទេស​បារំាង ក៏​ត្រូវ​បាន​ប៉ូលិស​ក្រុង​ញ៉ូវយ័ក​ឃាត់ខ្លួន​ភ្លាមៗ។ ក្រោយ​មក រូបភាព​របស់​លោក​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ជាមួយ​នឹង​ទឹកមុខ​ស្រពោន និង​ដៃជាប់ខ្នោះ​ត្រូវ​បាន​ទូរទស្សន៍​អាមេរិកំាង​ផ្សព្វផ្សាយ​ជា​ច្រើនថ្ងៃ​ជាប់ៗ​គ្នា។ បន្ត​មក​ទៀត លោក DSK ត្រូវ​បាន​រដ្ឋអាជ្ញា​ក្រុងញ៉ូវយ័ក​លោក Cyrus Vance ចោទប្រកាន់​ក្នុង​បទល្មើស​ចំនួន ៧ ពិសេស ការ​បំពារបំពាន​​ផ្លូវភេទ ការប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ការ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់។ តំាង​ពី​ពេល​នោះ​មក ដំណើរការ​ស៊ើបអង្កេត​ក៏​បាន​ចាប់​ផ្តើម ទំាង​នៅ​ខាង​ក្រុម​មេធាវី​របស់​លោក DSK ក៏​ដូច​ជា​ក្រុមមេធាវី​របស់​អ្នកស្រី Nafissatou Diallo។

គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ថ្ងៃអង្គារ ទី២៣ សីហា​ម្សិលមិញ និង​បន្ទាប់​ពី​មាន​និតិវិធី​អស់​ជាង ៣ខែ​មក ស្រាប់​តែ​រូប​រដ្ឋអាជ្ញា​ក្រុងញ៉ូវយ័ក​លោក Cyrus Vance បែរ​ជា​ប្រកាស​បោះបង់​ចោល​ទំាងស្រុង នូវ​គ្រប់​ការ​ចោទ​ប្រកាន់​លើ​លោក​ដូមីនិក ស្រ្តូសកាន់។ លោក Cyrus Vance បាន​ពន្យល់​បកស្រាយ​លំអិត​អំពី​មូលហេតុ​នៃ​សេចក្តីសម្រេច​របស់​លោក​នៅ​ក្នុង​របាយការណ៍​កម្រាស់ ២៥ទំព័រ។ មូលហេតុ​ដែល​សំខាន់​នោះ គឺ​ការ​និយាយ​ភូតភរ បោកប្រាស់​ជា​ច្រើនលើក ច្រើនសារ​របស់ Nafissatou Diallo។ យោង​តាម​លោក​រដ្ឋអាជ្ញា​ក្រុង​ញ៉ូវយ័ក គ្រាន់​តែ​នៅ​ក្នុង​សំណួរ​មួយ​ដែល​សួរ​ថា បន្ទាប់​ពី​មាន​រឿងរ៉ាវ​នៅ​ក្នុង​បន្ទប់​លេខ ២៨០៦ របស់​លោក DSK ភ្លាម តើ​អ្នកស្រី​បាន​ធ្វើ​ខ្លះ ?

Nafissatou Diallo បាន​ផ្តល់​ចម្លើយ​រហូត​ដល់​ទៅ​៣ ដែល​ខុស​គ្នា​ស្រឡះ។ ចម្លើយ​ទីមួយ Diallo ឆ្លើយ​ថា រត់​ចេញ​ពី​បន្ទប់ DSK លេខ ២៨០៦ ទៅ​ពួន​នៅ​កាច់ជ្រុង​មួយ​នៃ​ជាន់​ទី២៨។ ចម្លើយ​ទី២ Diallo ឆ្លើយ​ថា បាន​ទៅ​បោសសំអាត​នៅ​ក្នុង​បន្ទប់​មួយ​ផ្សេង​ទៀត លេខ ២៨២០ រីឯ​ចម្លើយ​ទី៣ Diallo បែរ​ជា​ឆ្លើយ​ថា បាន​ទៅ​បោសសំអាត​បន្ទប់លេខ ២៨២០ រួច​ហើយ ទើប​ចូល​ទៅ​ក្នុង​បន្ទប់លេខ ២៨០៦ របស់ DSK។ នេះ​ជា​ចំណុច​មិន​គួរ​ឲ្យ​ទុក​ចិត្ត​មួយ។

ចំណែក​ចំណុច​មិន​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ទៀត គឺ​ទាក់ទង​នឹង​រឿងរ៉ាវ​ពី​​អតីតកាល ពិសេស​នៅ​ក្នុង​ប្រទេស Guinée ដែល​ជា​ប្រទេស​កំណើត​របស់ Nafissatou Diallo។ យោង​តាម​លោក​រដ្ឋអាជ្ញា ការ​ដែល Nafissatou Diallo បាន​និយាយ​ថា ខ្លួន​ធ្លាប់​បាន​ទទួល​រងការ​ចាប់រំលោភ​ជា​លក្ខណៈ​សមូហភាព​នៅ​ក្នុង​ប្រទេស Guinée នោះ គឺ​ជា​រឿង​ប្រឌិត​ទំាង​ស្រុង គ្មាន​ការ​ពិត​បន្តិច​ណា​សោះ។ អ៊ីចឹង​ឃើញ​ថា ដោយ​យោង​ទៅ​តាម​ពាក្យ​ភូតភរ កុហក​របស់ Diallo និង​គ្មាន​សាក្សី​ណា​ផ្សេង ក្រៅ​ពី​រូប Diallo នោះ​ឯង ដែល​បាន​ជម្រុញ​ឲ្យ​លោក​រដ្ឋអាជ្ញា​សម្រេច​បញ្ឈប់​ការ​ចោទ​ប្រកាន់​ទំាង​ស្រុង​លើ​រូប​លោក DSK។

DSK មិន​ទាន់​រួច​ខ្លួន​ទំាងស្រុង ពី​តុលាការ​អាមេរិក​ទេ

បើ​គិត​តាម​ប្រព័ន្ធ​តុលាការ​អាមេរិក រឿងអាស្រូវ​របស់​លោក DSK ជាមួយ​នឹង​អ្នកស្រី Nafissatou Diallo មិន​ទាន់​អាច​ចប់​ត្រឹម​នេះ​ទេ។ មិន​ទាន់​ចប់ ពីព្រោះ​មាន​នីតិវិធី​ពីរ​ដាច់​ពី​គ្នា​ទាក់ទង​នឹង​រឿង​នេះ គឺ​នីតិវិធីព្រហ្មទណ្ឌ និង​និតិវិធីស៊ីវិល។ តើ​អ្វី​ទៅ ជា​ភាព​ខុសគ្នា​រវាង​នីតិវិធីព្រហ្មទណ្ឌ និង​នីតិវិធី​ស៊ីវិល ?
នីតិវិធី​ព្រហ្មទណ្ឌ គឺ​ជា​នីតិវិធី​មួយ​ដែល​កំណត់​តែ​ពី​ទម្ងន់ទោស​ដែល​ជនជាប់​ចោទ​ត្រូវ​ទទួល ឬ​ត្រូវ​រួច​ខ្លួន។ ចំណែក​នីតិវិធី​ស៊ីវិល គឺ​ជា​និតិវិធី​មួយ​ដែល​កំណត់​ពី​ចំនួន​ទឹកប្រាក់​សងជំងឺចិត្ត ដែល​តុលាការ​ត្រូវ​កំណត់​ឲ្យ​ជនជាប់ចោទ​បង់​ទៅ​ឲ្យ​ជនដើមចោទ។

បើ​និយាយ​ពី​នីតិវិធី​ព្រហម្មទណ្ឌ គឺ​​បាន​ចប់​ហើយ ដោយ​ចៅក្រម​បាន​សម្រេច​បោះបង់​ចោល​ទំាង​ស្រុង​នូវ​រាល់ការ​ចោទប្រកាន់​លើ​រូប​លោក DSK។ ក៏​ប៉ុន្តែ លោក DSK នឹង​ត្រូវ​ប្រឈម​មុខ​នឹង​នីតិវិធី​ស៊ីវិល​ម្តង​នា​ថ្ងៃ​ខាង​មុខ ពីព្រោះ​កាល​ពី​ថ្ងៃទី ៨ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ មេធាវី​របស់ Diallo បាន​ដាក់​ពាក្យ​ប្តឹង​លោក DSK នៅ​តុលាការ​ស៊ីវិល​ក្នុង​សង្កាត់ Bronx ដែល Diallo រស់នៅ​បច្ចុប្បន្ន។ តែ​យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក DSK និង Dialloo តាម​រយៈ​មេធាវី​របស់​គេ​ម្នាក់ អាច​ចរចា​គ្នា​រឿង​លុយកាក់​ដើម្បី​បិទបញ្ចប់​នីតិវិធី​ស៊ីវិល​នោះ ព្រោះ​សូម​ជម្រាប​ថា អ្វី​ដែល Diallo រង់ចំា​ពី​នីតិវិធី​ស៊ីវិល​នោះ គឺ​លុយសងជំងឺចិត្ត ពី​លោក DSK។ តែ​នៅ​ថ្ងៃពុធ ទី២៤ សីហា​នេះ មេធាវី​របស់​លោក DSK បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ថា លោក DSK មិន​ព្រម​បង់​លុយ​ឲ្យ Diallo ទេ។

ជោគវាសនា​អនាគត​របស់​លោក DSK មិនច្បាស់លាស់

លោក DSK ជា​អតីត​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ផង និង​ក៏​ជា​អ្នកនយោបាយ​បារំាង​ក្នុង​គណបក្ស​សង្គមនិយម ដែល​ជា​គណបក្ស​ប្រឆាំង។ លោក DSK គឺ​ជា​អ្នក​នយោបាយ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ​បំផុត និង​ដែល​ពលរដ្ឋ​បារំាង​ទូទៅ​សង្ឃឹម​អាច​ប្រជែង​យក​តំណែង​ប្រធានាធិបតី​បារាំង ក្នុង​ការ​បោះឆ្នោត នៅឆ្នាំ​២០១២​ខាងមុខ។

តែ​នៅ​ពេល​នេះ និង​ក្រោយ​ពី​រឿង​អាស្រូវ​នោះ​មក គេ​ពិបាក​និយាយ​ថា ប្រជាប្រិយភាព​របស់​លោក DSK នៅ​តែ​មាន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​បារំាង​ទូទៅ​នោះ ព្រោះថា លោក DSK មិន​មែន​ទើប​តែ​មាន​រឿងអាស្រូវ​ស្រីញី​ជាមួយ Nafissatou Diallo ស្រ្តីអ្នកបំរើ​សណ្ធាគារ Sofitel ក្នុង​ទីក្រុង​ញ៉ូវយ័ក​ទេ។ នៅ​ស្រុក​បារំាង លោក DSK ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្រីញី​ដូចគ្នា​នេះ​ដែរ ពិសេស​ជាមួយ​អ្នកកាសែតនារី​​ម្នាក់​ឈ្មោះ Tristane Banon កាល​ពី​ឆ្នំា ២០០៣ ហើយ​រឿង​នេះ​ក៏​មិន​ទាន់​រួច​ខ្លួន​ដែរ។ សូម្បី​តែ​អ្នក​ស្គាល់​លោក DSK និង​ខ្លួន​លោក DSK ផ្ទាល់​ក៏​ធ្លាប់​បាន​ប្រកាស​ថា ចំណុច​ខ្សោយ​របស់​លោក​គឺ​ជាប់​វាក់វិន​តែ​នឹង​លុយកាក់ និង​ស្រីញី។ កាល​ក្នុង​ឆ្នំា ២០០៨ ទៀត ក្នុង​នាម​លោក DSK ជា​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក​ក៏​ធ្លាប់​មាន​រឿងផ្លូវភេទ​​ស្រដៀង​គ្នា​ជាមួយ​នឹង​មន្រ្តី​ក្រោម​បង្គាប់​របស់​ខ្លួន។

ចង់ ឬ​មិន​ចង់ កិត្តិយស​របស់​លោក DSK ហាក់​ដូច​ជា​បាន​ស្អុយគគ្រុក ពិបាក​នឹង​ស្រោចស្រង់​មក​វិញ។ សូម្បី​តែ​សកម្មជន​មួយ​ចំនួន​នៃ​គណបក្ស​សង្គមនិយម ក៏​មិន​ហ៊ាន​ទំាង​អះអាង​ពី​ការ​វិល​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជាថ្មី​របស់​លោក DSK នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​នា​ឆ្នាំ​២០១២​ខាង​មុខ។ មាន​តែ​លោក DSK ម្នាក់​ឯង​គត់​ទើប​ដឹង​ពី​ជោគវាសនា​អនាគត​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ