អានតួអត្ថបទ
អង់គ្លេស

នាយករដ្ឋមន្ត្រី​ផ្អាកការ​ឈប់សម្រាក​វ៉ាកង​របស់​ខ្លួន​

រាជ​ធានី​អង់គ្លេស​បាន​ឆេះ​សន្ធោ​សន្ធៅ​បី​ថ្ងៃ​ជាប់​គ្នា​គិត​មក​ទល់​ថ្ងៃ​ចន្ទ​ម្សិល​មិញ​៨​សីហា​។​ ប៉ូលិស​បាន​រាយការណ៍​ជា​លើក​ទី១​អំពី​ហិង្សា​កើត​មាន​នៅ​ក្រៅ​រាជ​ធានី​។​ លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ David​ Cameron​ បាន​បំប្រួញ​រយៈ​ពេល​ឈប់​សម្រាក​វ៉ាកង​របស់​ខ្លួន​ ដើម្បី​វិល​ត្រឡប់​មក​កាន់​ទីក្រុង​Londres​វិញ​។​ ដោយសរុប​ មាន​ជន​ជាង​២០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​កើត​មាន​ការ​បះបោរ​មក។

រថយន្ត​ត្រូវបាន​ដុត​បំផ្លាញ​​នៅ​ប៉ែកខាងកើត​នៃ​ទីក្រុង​Londres​ នៅសង្កាត់ ​Hackney នៅថ្ងៃទី​៨ ​សីហា ឆ្នាំ២០១១
រថយន្ត​ត្រូវបាន​ដុត​បំផ្លាញ​​នៅ​ប៉ែកខាងកើត​នៃ​ទីក្រុង​Londres​ នៅសង្កាត់ ​Hackney នៅថ្ងៃទី​៨ ​សីហា ឆ្នាំ២០១១ ©​ Reuters/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

 

ទាំង​ជន​ស៊ីវិល​រួម​ទាំង​ប៉ូលិស​ផង​ត្រូវ​របួស​ជា​ច្រើន​សិប​នាក់​ ​ ហាង​លក់​ទំនិញ​ត្រូវ​បាន​វាយ​បំផ្លាញ​និង​លួច​ប្លន់​ ​ ​ រថយន្ត​ប៉ូលិស​ ​ រថយន្ត​ក្រុង​និង​អគារ​ផ្សេងៗ​ត្រូវ​បាន​ដុត​បំផ្លាញ​។​ ទីក្រុង​Londres​តាំង​ពី​បី​ថ្ងៃ​មក​ហើយ​ រស់​នៅ​ដោយ​រន្ធត់​ស្មារតី​និង​ពុំ​បាន​ស្គាល់​អំពើ​ហិង្សា​ពុះ​កញ្ជោ្រល​​បែប​នេះ​ទេ​ ​ ចាប់​តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ​។

នៅ​ថ្ងៃ​ទី​បី​នៃ​អំពើ​ហិង្សា​នេះ​ ​ យ៉ាង​តិច​ មាន​អគារ​មួយ​ត្រូវ​បាន​ដុត​បំផ្លាញ​ ​ នៅ​ខាង​ត្បូង​រាជ​ធានី​។​ឩប្បត្តិហេតុ​បាន​កើត​មាន​ នៅ​សង្កាត់​ជា​ច្រើន​ទៀត​នៃ​ជាយ​ក្រុង។

អំពើ​វាយ​បំផ្លិច​បំផ្លាញ​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​សង្កេត​ឃើញ​ដែរ​ នៅ​កណ្តាល​ទី​ក្រុង​Londres​។​ ជា​លើក​ទី១​ ប៉ូលិស​រាយការណ៍​ថា​ ហាង​លក់​ដូរ​ត្រូវ​បាន​វាយ​បំផ្លាញ​និង​លួច​ប្លន់​ នៅ​Birmingham​ខាង​ពាយ័ព្យ​ទី​ក្រុង​Londres​។​នៅ​Hackney​ខាង​កើត​រាជ​ធានី​ជា​ទី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ល្បែង​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ក្នុង​ចន្លោះ​ពេល​ពុំ​ដល់​មួយ​ឆ្នាំ​​ទៀត​ផង​ ​ ហាង​លក់​ដូរ​ត្រូវ​បាន​លួច​ប្លន់​ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​។​ ប៉ូលិស​ក៏​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​អន្តរាគមន៍​ នៅ​Croydon​ ​ Lewisham​និង​Peckham​ នៅ​ខាង​ត្បូង​រាជ​ធានី។

ឃើញ​ថា​ ចលាចល​មិន​ងាយ​នឹង​ចប់​ទេ​ ​ ដោយ​ហេតុ​ថា​ បន្ទាប់​ពី​បាន​កើត​មាន​តែ​នៅ​ក្នុង​សង្កាត់​ក្រី​ក្រ​និង​សម្បូណ៌​ដោយ​ជាតិ​សាសន៍​ផ្សេងៗ​រស់​នៅ​ច្របូក​ច្របល់​គ្នា​មក​ ​ ឥឡូវ​ ការបះ​បោរ​រំកិល​ទៅ​រក​សង្កាត់​អ្នក​មាន​ នៅ​កណ្តាល​ក្រុង​។​ នៅ​ក្នុង​បរិយាកាស​អសន្តិសុខ​នេះ​ ​ ប៉ូលិស​ទូន្មាន​ឱ្យ​អ្នក​ក្រុងLondres​ស្ថិត​នៅ​ក្នុង​ផ្ទះ​ខ្លួន​ហើយ​និង​ទាក់​ទង​កូន​ចៅ​ខ្លួន​ ដើម្បី​ចង់​ដឹង​ទី​កន្លែង​ដែល​គេ​កំពុង​តែ​ស្ថិត​នៅ​។​ ចំណែក​ឯ​លោក​នាយក​រដ្ឋ​មន្ត្រី​ David​ Cameron​វិញ​ ផ្អាក​ការឈប់​សម្រាក​វ៉ាកង​របស់​ខ្លួន​ ដើម្បី​វិល​ត្រឡប់​មក​កាន់​ទីក្រុង​Londres​វិញ​ជាបន្ទាន់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ