អានតួអត្ថបទ
រុស្ស៊ី

ទីក្រុងម៉ូស្គូ​ការពារ​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ដែលកំពុង​ជាប់​ឃុំឃាំង​

សេចក្តី​ថ្លែងការណ៍​ធ្វើ​ម្សិលមិញ​ដោយ​លោកស្រី​ Julia Timochenko អតីត​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ក្នុង​តុលាការ​ក្រុង Kiev ដែល​បាន​ពិនិត្យ​មើល​ហើយ​បាន​ច្រានចោល​ពាក្យ​សុំ​ឲ្យ​ដោះលែង​រូប​លោកស្រី​ ថា​សម្រាប់​រូបគាត់​ការគាំទ្រ​ពីខាង​ម៉ូស្គូ​គឺជា​ដំណឹង​គួរឲ្យ​ភ្ញាក់​ ផ្អើល​ដែល​គាត់​មិនបាន​នឹកស្មាន​សោះ ​បានត្រូវ​កាសែត​រុស្ស៊ី​លេខ​ថ្ងៃនេះ​លើកយក​មក​ចុះផ្សាយ​ដោយគ្មាន​ចន្លោះទេ។

​លោកស្រី​ Julia Timochenko អតីត​​នាយក​​រដ្ឋមន្ត្រី​ ​អ៊ុយក្រែន​
​លោកស្រី​ Julia Timochenko អតីត​​នាយក​​រដ្ឋមន្ត្រី​ ​អ៊ុយក្រែន​ ©​ Andreas Rentz/Getty Images
ផ្សាយពាណិជ្ជកម្ម

សាច់រឿង​ដែលមាន​គឺថា​កាលពី​ថ្ងៃទី​៥សីហា​លោកស្រី​ Timochenko​ ត្រូវ​បាន​តុលាការ​ចេញដីកា​ឲ្យចាប់​ខ្លួន​គាត់​ឃុំឃាំង​រហូត​ដល់​ថ្ងៃទី៣១​សីហា​សិន​ ដោយ​មក​ពី​គាត់​បានប្រើ​ពាក្យ​សំដី​ទ្រគោះ​ប្រមាថ​លើ​នីតិវិធី​សួរ​ចម្លើយ​រូបគាត់​ដោយ​រដ្ឋអាជ្ញា។

 
ការសួរ​ចម្លើយ​នេះ​ គឺជុំវិញ​បទចោទ​ប្រកាន់​លើរូប​គាត់​ដែលពេល​ធ្វើជា​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ គាត់បាន​ប្រើ​អំណាច​គាត់​ទាំង​រំលោភ​ជ្រុល​ដោយ​កាលពី​ដើម​ឆ្នាំ​២០០៩​ហ៊ាន​ចុះ​ហត្ថលេខា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ Poutine ​លើកិច្ច​ព្រមព្រៀង​ដែល​មាន​សុពលភាព​រហូត​ដល់​១០ឆ្នាំ​ ស្តីអំពី​ការទិញ​ឧស្ម័ន​រុស្ស៊ី​តាម​តម្លៃខ្ពស់​សំបើម​ដល់ទៅ​៤៥០ដុល្លារ​អាមេរិក​ក្នុង​ ១.០០០ ម។​ ការនេះ តាមមតិ​ រដ្ឋ​អំណាចថ្មី​នៅអ៊ុយក្រែន​គឺច្បាស់ជា​បាន​នាំនូវ​ផល​ប្រយោជន៍​សម្រាប់​រូប​លោកស្រី​ផ្ទាល់​ ប៉ុន្តែ​បែរទៅជា​នាំឲ្យ​រដ្ឋអ៊ុយក្រែន​បង់ខាត​ក្នុង១ឆ្នាំៗ​អស់​២០០លាន​ដុល្លារ​ឯណោះ។ ​ស្របនឹង​ច្បាប់​អ៊ុយក្រែន​ចំពោះ​ទង្វើ​ខ្លួន​លោកស្រី​អាច​ត្រូវ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​ដល់​១០ឆ្នាំ។

គឺនាថ្ងៃ​ចាប់ខ្លួន​លោកស្រី​ Timochenko ​ឃុំឃាំង​តែម្តង​ ដែល​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមភ្លែត​ថា​ កិច្ចព្រមព្រៀង​ចុះឆ្នាំ​២០០៩​នោះ​ គឺចុះ​ដោយ​ត្រឹមត្រូវ​តាមច្បាប់​អ៊ុយក្រែន​ផង​ រុស្ស៊ីផង​ ដ្បិតចុះ​នោះគឺ​ទៅតាម​បទបញ្ជា​របស់​ប្រធានាធិបតី​ប្រទេសទាំងពីរ។

តាមការ​វិភាគ​នៃនយោបាយ​វិទូ​ខ្លះ ​ការ​ដែល​ទីក្រុង​ម៉ូស្គូ​ចេញមុខ​ការពារ​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន​រូបនេះ​ដែល​តែង​ប្រកាន់​ឥរិយាបថ​សត្រូវ​នឹង​រុស្ស៊ី​សោះគឺ​ដើម្បី​​បង្កា​រ​ជា​មុន​កុំឲ្យ​សំណុំ​រឿង​លោកស្រី​ប៉ះពាល់​ដល់​រូប​បុរស​ខ្លាំង​នៅ​រុស្ស៊ី ​គឺ​លោក​ប្រមុខ​រដ្ឋាភិបាល​ពូទីន។

ចំណែក​លោកស្រី ​Timochenko ​បានឆ្លៀត​ថ្លែង​ម្សិលមិញ​ទៅ​ពួក​អ្នកកាសែត​ថា ៖ “ សម្រាប់​រូបខ្ញុំ​សេចក្តី​ថ្លែងការណ៍​របស់​ទីក្រុង​ម៉ូស្គូ ​គឺសំខាន់​ណាស់​ពីព្រោះ​ចំណុច​ជាគោល​នៃកិច្ច​ព្រមព្រៀង​នោះ ​គឺ​ជួយ​ឲ្យ​ពុះពារ​ជំនះ​បាន​រួច​លើ​វិបត្តិហេតុ​ឧស្ម័ន​ដែល​កាលណោះ​ឡើង​ដល់​កម្រិត​ធ្ងន់ធ្ងរ​មែនទែន​រួច​ដោយ​ហេតុថា​ កិច្ច​ព្រមព្រៀង​នោះ​ចុះដោយ​ស្របនឹង​ច្បាប់​ប្រទេស​ទាំងពីរ​សំណុំ​រឿង​ដែល​ចោទ​ប្រកាន់​លើរូប​ខ្ញុំ​ពិតជា​ត្រូវតែ​រលាយ​ខ្សុល “។

សហភាព​អឺរ៉ុប​និង​ស.រ.អា.​បន្ត​ទាមទារ​ពីអាជ្ញាធរ​អ៊ុយក្រែន​ឲ្យដោះលែង​ជា​បន្ទាន់​រូប​លោកស្រី ​Timochenko​ ដោយ​ចាត់ទុក​ការឃុំឃាំង​រូប​គាត់​ជាមូលហេតុ​នយោបាយ​សុទ្ធសាធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ