អានតួអត្ថបទ
រុស្ស៊ី

ឃាតករជាតិ​ន័រវ៉ែស​ឈ្មោះ Breivik អំពាវនាវ​ឲ្យ​យក​តម្រាប់​តាម​រុស្ស៊ី

បុរស​ជាតិន័រវ៉ែស​អាយុ​៣២ឆ្នាំ ដែល​មុន​នឹង​ធ្វើ​អំពើ​ភេរវកម្ម​សម្លាប់​ជន​រួម​ឈាម​ខ្លួន​កាល​ពី​៣ថ្ងៃ​មុន​អស់​ដល់ ៩៣នាក់ ហើយ​ដែល​ថ្ងៃ​នេះ ត្រូវ​ចូល​ខ្លួន​ទៅ​បង្ហាញ​នៅ​ពី​មុខ​តុលាការ​ចំពោះ​ឃាតកម្ម​នោះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហើរ​តាម​បណ្តាញ​អ៊ិនធ័រណេត សរុប​ទៅ​មាន ១.៥០០ទំព័រ រួច​ពី​ក្នុង​នោះ មាន​វគ្គ​មួយ ជាទី​ដែល​គាត់​ស្រាប់​តែ​លើក​ប្រទេស​រុស្ស៊ី និង​រូប​លោក​នាយក​រដ្ឋមន្ត្រី ពូទីន ជា​គំរូ​សម្រាប់​ខ្លួន​តែ​ម្តង។

ឃាតករជាតិ​ន័រវ៉ែស​ឈ្មោះ Breivik អំពាវនាវ​ឲ្យ​យក​តម្រាប់​តាម​រុស្ស៊ី
ឃាតករជាតិ​ន័រវ៉ែស​ឈ្មោះ Breivik អំពាវនាវ​ឲ្យ​យក​តម្រាប់​តាម​រុស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​មាន​ទម្រង់​ជា​និវេទន៍​ក្នុង​ទំហំ១.៥០០ទំព័រ​នោះ មាន​ចំណងជើង​ថា “ សេចក្តី​ប្រកាស​ឯករាជ្យ​ទ្វីប​អឺរ៉ុប​ឆ្នាំ ២០៨៣ “ បាន​ត្រូវ​បង្ហោះ​តាម​អ៊ិនធ័រណេត គឺ​នៅ​ចំ​ថ្ងៃ​ឃាតកម្ម​រង្គាល​នោះ​ឯង ថ្ងៃ​សុក្រ ២២ កក្កដា។ ខ្លឹមសារ​និវេទន៍​នោះ គឺ​បំបះ​មហាជន​ឲ្យ​ក្រោក​ឡើង​ធ្វើ​បដិវត្តន៍​ដើម្បី​ទៅ​ទល់​ពេល​នោះ រំដោះ​ទ្វីប​អឺរ៉ុប​ឲ្យ​ផុត​ពី​លទ្ធិ​អ៊ីស្លាមនិយម។

កាសែត​ក្រុង​ម៉ូស្គូ​ដ៏​ល្បី​ឈ្មោះ Kommersant លេខ​ថ្ងៃ​នេះ​បាន​ច្បិច​ចេញ​ពី​និវេទន៍​នោះ​នូវ​វគ្គ ជា​ទី​ដែល​ភេរវជន Breivik ដំណាល​អំពី​វិធី​បំពាក់​អាវុធ​ប្លែកៗ ដោយ​ក្នុង​ឋានៈ​ជា​ប្រភព​មួយ​សម្រាប់​ផ្គត់ផ្គង់​អាវុធ​នោះ គឺ​ពួក​Mafia​រុស្ស៊ី។ ក្នុង​វគ្គ​នេះ ភេរវជន​ក៏​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​វិធី​ផលិត​គ្រឿង​បំផ្ទុះ។ ដោយ​ស្រដី​អំពី​ភាព​ចាំបាច់​ត្រូវ​តែ​អប់រំ​យុវជន​ទៅ​ដោយ​គំនិត​ស្នេហាជាតិ អភិរក្ស វប្បធម៌ជាតិ ម្ចាស់និវេទន៍​នោះ ទូន្មាន​ឲ្យ​យក​តម្រាប់​តាម​បទពិសោធន៍​របស់​អង្គការ​យុវជន​ឈ្មោះ”ពួកយើង“ ដែល​ជា​សាខា​សសរទ្រូង​មួយ​របស់​វិមាន​ក្រេមឡាំង។

បុរស​នោះ​ក៏​រំលឹក​អំពី​ប្រទេស​រុស្ស៊ី​ដែល​តាម​មតិ​គាត់ គឺ​មាន “ រចនាសម្ព័ន្ធ​នយោបាយ​សុក្រឹត​ឥត​ខ្ចោះ “ ដែល​ប្រទេស​ន័រវ៉ែស​របស់​គាត់​គប្បី​យក​ជា​គំរូ។ គាត់​លំអិត​ថា ៖ “ ប្រជាធិបតេយ្យមហាជន​នៅ​អឺរ៉ុប​ដែល​ស្ទះ​លែង​ដំណើរការ​ទៅ​ហើយ ត្រូវ​តែ​ជំនួស​ទៅ​ដោយ​ប្រជាធិបតេយ្យ​ក្នុង​រូបភាព​អាច​ញាក់​ទៅ​តាម​ខ្សែបង្ហៀរ ដូច​នៅ​រុស្ស៊ី​អ៊ីចឹង ”។

ភេរវជន Breivik ក៏​និយាយ​ប៉ះ​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ពូទីន ក្នុង​ឋានៈ​ជា​ឥស្សរជន​ម្នាក់​ដែល​គាត់​ប្រាថ្នា​ចង់​ស្គាល់​ដោយ​ផ្ទាល់​តែ​ម្តង។ Breivik សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​ថា ៖ “ រូប​ពូទីន ញ៉ាំង​ឲ្យ​គាត់​មាន​ចំណាប់​អារម្មណ៍​ជា​មេដឹកនាំ​ដែល​យុត្តិធម៌ និង​អង់អាច​ប្តូរផ្តាច់ សក្តិសម​នឹង​គោរព ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី ក៏​ត្រូវ​ធ្វើ​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​អំពី​បុគ្គល​ពូទីន ដើម្បី​យល់ តើ​រដ្ឋ​បុរស​នេះ ជា​មិត្ត​ដ៏​ល្អ ឬ​ក៏​ជា​សត្រូវ​យង់ឃ្នង​បំផុត​របស់​យើង “។

អ្នកនាំពាក្យ​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitri Peskov បាន​ប្រតិកម្ម​ថ្ងៃ​នេះ​ថា ៖ ទី១ សូម​កុំ​អាល​ធ្វើ​សេចក្តី​សន្និដ្ឋាន​អ្វី​ណា​ឡើយ ដរាប​ណា​ដែល​មិន​ទាន់​បំភ្លឺ​ឃើញ​ថា ឃ្លា​ទាំង​នោះ​ពិត​ជា​សរសេរ​មែន ដោយ​ដៃ​ឈ្មោះ Breivik​។ ទី២ សូម្បី​បើ​បំភ្លឺ​ទៅ​ឃើញ​ថា ម្ចាស់​ឃ្លា​នោះ គឺ​ពិត​ជា​ភេរជន​នោះ​ក្តី ដែល​សារជាតិ​វា គឺ​តំណាង​ឲ្យ​ឋាននរក​ទេ​តើ ហើយ​ឃ្លា​នោះ​ឯង​គ្រាន់​តែ​ជា “គំនិត​រវើរវាយ​របស់​មនុស្ស​ឆ្កួត​ប៉ុណ្ណោះ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ