ចិនដាក់ទិស វ៉ារុស្ស៊ីហើយដេញតាមស.រ.អា. ខាងសក្តានុពលយោធា
ការនេះ មានឆ្លុះឲ្យឃើញ ក្នុងបញ្ជីថ្មីនៃចំណាត់ថ្នាក់សក្តានុពលយោធា ក្រោម ឈ្មោះថា Global Fire Power ហៅកាត់ថា GFP-Rating ដែលទើបចេញផ្សាយ។ បញ្ជីនេះ ដែល រួមក្តោបសរុបទៅ ៥៥ប្រទេសក្នុងលោក នាំមុខគេគឺដោយ ៣ប្រទេស ៖ សរអា ជាប់ចំណាត់ថ្នាក់លេខ១ , រុស្ស៊ី ជាប់លេខ២ , ចិន ជាប់លេខ៣។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
បញ្ជីចំណាត់ថ្នាក់នេះ បានត្រូវតាក់តែងឡើងគឺដោយយោងទៅលើ លក្ខណវិនិច្ឆ័យ ចំនួន ៤៥ ឯណោះនៃសក្តានុពលយោធារបស់ប្រទេស។ វាសំអាងលើ របាយការណ៍ ផ្លូវការ របស់ ក្រសួងការពារជាតិអាមេរិកលើតួលេខរបស់ClA លើស្ថិតិ យោធា ដែល មានផ្សាយជាសាធារណៈ។
ប៉ុន្តែ កងទ័ព ៥៥ប្រទេសដែលមានរាយឈ្មោះក្នុងបញ្ជីនោះ គឺត្រូវគេគន់គិត ដោយយោងទៅលើលក្ខណវិនិច្ឆ័យដ៏ចំបងចំនួនតែ៥ ពោលគឺ ៖ ចំនួនកងទ័ព , ចំនួនយានយន្តទ័ពជើងគោក , ចំនួនយន្តហោះទ័ពអាកាស , ចំនួននាវាទ័ពម៉ារីន , ទំហំថវិកាយោធា។ ចំណែកអាវុធបរមាណូ ឥតមានលើកយកមកគន់គិតទេ។
យ៉ាងណាមិញ ស.រ.អា. ដែលជាប់លេខ១ មានកងទ័ព១លាន៥សែននាក់ , យានយន្ត ទ័ពជើងគោក៥៦.៣០០គ្រឿង , យន្តហោះចំបាំង ១៨.២០០គ្រឿង , នាវាចំបាំង២.៤០០គ្រឿង ,ថវិកាយោធា ៦៩២.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។
រុស្ស៊ី ដែលជាប់លេខ២ ឈ្នះអាមេរិកដល់ទៅសឹង២ដង គឺតែខាងយានយន្តទ័ពជើងគោក មាន ដល់ទៅ ៩១.៧០០គ្រឿង ប៉ុន្តែក្រៅពីនេះ គឺចាញ់អាមេរិក ដោយមានកងទ័ពចំនួនតែ ១លាន២សែននាក់ មានយន្តហោះចំបាំងតែ ២.៧០០គ្រឿង មាននាវាចំបាំង តែ២៣៣គ្រឿង និង មានថវិកាយោធាតែ ៥៦.០០០លាន$ ក្នុង១ឆ្នាំ។
រីឯប្រទេសចិន ដែលជាប់លេខ៣ គឺវ៉ាដាច់គេ ខាងចំនួនកងទ័ព មានដល់ទៅ ២លាន៣សែន នាក់។ ខាងថវិកាយោធាវិញ ក៏ហំហួនដែរ ចំណាយដល់ទៅ ១០០.០០០លាន$ក្នុង១ឆ្នាំ។
ខាង យានយន្តទ័ពជើងគោក មានចំនួន ២២.៨០០គ្រឿង ឬ ជាង ៤ដងតិចជាងរុស្ស៊ី។ ខាងយន្តហោះចំបាំង ចិនមាន ៤.០០០គ្រឿង, ខាងនាវាចំបាំង ចិនមាន ៥៦២គ្រឿង។
កំណើនយ៉ាងលឿននៃកម្លាំងយោធារបស់ចិន ញ៉ាំងពួកអ្នកជំនាញការ ឲ្យបញ្ចេញ យោបល់ថា តាំងពីឥឡូវទៅហើយ គេអាចដាក់ប្រទេសចិន ឲ្យជាប់លេខ២ ហើយក្នុងអនាគត ចិននឹងស្ទុះ ដល់ចំណាត់ថ្នាក់ នាំមុខគេតែម្តង ខាងសក្តានុពលយោធា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ