អានតួអត្ថបទ
រុស្ស៊ី-បេឡារុស្ស៊ី

រុស្ស៊ី​ឈប់បង្ហូរ​ចរន្តអគ្គិសនី​ទៅបេឡារុស្ស៊ី

ការឈប់​បង្ហូរនេះ​បានត្រូវ​ភាគី​រុស្ស៊ី ​ចាប់ផ្តើម​ប្រតិបត្តិ​ដូចដែល​ខ្លួនបាន​ព្រមាន​អ៊ីចឹង​ គឺនៅ​ម៉ោងសូន្យ​កណ្តាល​អធ្រាត្រ​យប់មិញ​ ពេលឆ្លង​ចូល​ថ្ងៃទី​២៩មិថុនា​នេះ។ ​មូលហេតុ​មកពី​ភាគី​បេឡារុស្ស​នៅជំពាក់​បំណុល​ក្នុងទំហំ​ ៦០០លាន​រូប្ល​ ឬស្មើនឹង​២១លាន​ដុល្លារ​អាមេរិក​ចំពោះ​ភ្លើង​អគ្គិសនី​រុស្ស៊ី​ប្រើពីមុនៗ។​ រុស្ស៊ី​សុំ​បេឡារុស្ស កុំឲ្យ​រក​លេស​នយោបាយ​មកនិយាយ​អី​ ពីព្រោះ​នេះ​ជារឿង​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​ឯកជន​រុស្ស៊ី​ដែល​លក់​ អគ្គិសនី​ខ្លួន​ទៅឲ្យ​រដ្ឋ​បេឡារុស្ស​ទេតើ។

លោកប្រធានាធិបតី​បេឡារុស្ស៊ី​ ​Loukachenko
លោកប្រធានាធិបតី​បេឡារុស្ស៊ី​ ​Loukachenko © AFP PHOTO/ SERGEI SUPINSKY
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ឯកជន​រុស្ស៊ី​ឈ្មោះ ​Inter​ ដែល​បាន​ផ្តាច់​ភ្លើង​នេះ បាន​ថ្លែងថា​ ក្នុង​ករណី​បើ​ភាគី​បេឡារុស្ស ​ផ្ទេរ​លុយ​មកសង​បំណុល​បាន​រួចរាល់​ដូចចិត្ត​មែន​ នោះ​ចរន្ត​អគ្គិសនី​នឹង​ត្រូវចាប់​ផ្តើម​បង្ហូរ​ឡើងវិញ​ភ្លាម​ភ្លែត​ទៅកាន់​បេឡារុស្ស។

 
ថ្លែងក្នុង​សន្និសីទ​កាសែត​ព្រឹកថ្ងៃ​ទី២៩​មិថុនា​នេះ ​នៅទីក្រុង​Minsk​ លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ បេឡារុស្ស​ Nicolai​ Snopkov​ សង្កត់​ធ្ងន់​ថា ​“ រដ្ឋណា​ក៏ដោយ​ដែលចេះ​គោរព​ខ្លួនឯង​ ពិតជា​នឹង​សង​បំណុល​ដែលខ្លួន​ជំពាក់​ហើយ​បេឡារុស្ស ​នឹង​ផ្ទេរ​លុយ​សង​បំណុល​នេះ “។​ ប៉ុន្តែ​គាត់​មិន​លំអិត​ឲ្យដឹង​ទេ ​អំពី​កាល​បរិច្ឆេត​សងនោះ។

គួរកត់​សម្គាល់ថា​ ពីក្នុង​ទំហំ​បំណុល​សរុប​ទៅ​ ១.៥០០លាន​រូប្ល​ បេឡា​រុស្ស​បាន​ផ្ទេរ​លុយ​មក​សង​បាន​ពីរលើក​ហើយ ​គឺ​ សង​អស់​៩០០លាន​រូប្ល​ នៅសល់​តែ​ ៦០០លាន​រូប្ល​ប៉ុណ្ណោះ​ គិតតាម​អត្រា​សព្វថ្ងៃ​គឺ​ប្រមាណ​២១លាន​ដុល្លារ​អាមេរិក។​ ក្រុមហ៊ុន​រដ្ឋ​បេឡារុស្ស​ ឈ្មោះ ​“ Belenergo “​ ថ្លែងដោះសារ​ថា ​អស់ប៉ុន្មាន​ខែជាប់​មកហើយ លើទីផ្សារ​រូបិយវត្ថុ​បេឡារុស្ស ​គេពិបាក​ទិញ​លុយ​រូប្លរុស្ស៊ី ​សម្រាប់​សងបំណុល​នោះ។

ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ទទួល​បន្ទុក​ខាង​បញ្ហាថាមពល​ លោក Igor Setchin ​ថ្លែងថា ​វិធានការ​ផ្តាច់ភ្លើង​នោះ ​ឥតមាន​មូលហេតុ​នយោបាយ​អ្វីណាទេ​ ពីព្រោះ​សាច់រឿង​គឺអំពី​រឿងទិញ-លក់​អគ្គិសនី រវាង​ក្រុមហ៊ុន​ថាមពល​ប៉ុណ្ណោះ។

អគ្គិសនី​ដែល​បេឡារុស្ស​ទិញ​ពីរុស្ស៊ី ​គឺក្នុង​បរិមាណ ​ពី៤០០​ទៅ៥០០​Megawatt​ ធានា​បានតែ​ ១២%ប៉ុណ្ណោះ​នៃតម្រូវការ​ក្នុង​១ថ្ងៃៗ​ របស់​ប្រទេសនេះ។​ មកពី​មូលហេតុ​នេះឯង​ បានជា​ក្រុមហ៊ុន ​“ Belenergo ​“ អះអាង​ថា​ ទោះបី​មានការ​ផ្អាក​ ឈប់​ទទួល​អគ្គិសនី​ពី​រុស្ស៊ីក្តី​ ក៏​បណ្តា​ន​បេឡារុស្ស​នៅតែ​ត្រូវធានា​ដោយចរន្ត​ភ្លើងនេះ ​បាន​១០០%​ដដែល។

ប្រទេស​បេឡារុស្ស​ដែលថ្នាក់ដឹក​នាំគេ​សព្វថ្ងៃ​ជាប់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ មកពី​អំណាច​ផ្តាច់ការ​លោកប្រធានាធិបតី ​Loukachenko​ ទៅលើ​បក្សប្រឆាំង​កំពុង​តែឆ្លងកាត់​វិបត្តិ​ដោយ​បំណុល​ក្រៅប្រទេស​ឡើងដល់​ជាង​៣២.០០០លាន​ដុល្លារ​អាមេរិក​ទៅហើយ​ចំណែក​ស្តុករូបិយវត្ថុ​ក្នុង​ធនាគារជាតិ​ មាន​មិនដល់​៣.០០០លាន​ដុល្លារផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ