អានតួអត្ថបទ
រុស្ស៊ី

ខួប​ទី​៦៦​នៃ​មហា​ជ័យជំនះ​លើ​របប​ណាហ្ស៊ី​Naz​iអាល្លឺម៉ង់

បើ​នៅ​អឺរ៉ុប​ខាង​លិច បុណ្យ​ជ័យជំនះ​នេះ ត្រូវ​គេ​ប្រារព្ធ គឺ​ថ្ងៃ ៨​ឧសភា​ម្សិលមិញ​នោះ​រុស្ស៊ី​វិញ គឹ​នៅ​ថ្ងៃ​៩​ឧសភា។ មូលហេតុ​មក​ពី​ក្នុង​ឆ្នាំ​១៩៤៥ ពេល​ដែល​មេទ័ព​អាល្លឺម៉ង់​នៃ​របប​Hitler បាន​ចុះហត្ថលេខា​សុំ​ចុះចាញ់ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឯ​ក្រុង​Berlin ទ្រនិច​នាឡិកា បាន​ចង្អុល​ម៉ោង ១០​យប់​និង​៤៣​នាទី នៃ​ថ្ងៃ​៨​ឧសភា ប៉ុន្តែ​សម្រាប់​រុស្ស៊ី​វិញ គឺ​វា​ត្រូវ​នឹង​ម៉ោង សូន្យ​និង​៤៣​នាទី​រំលង អធ្រាត្រ​ចូល​ថ្ងៃ​៩​ឧសភា​ទៅ​ហើយ។

លោកប្រធានាធិបតី​ Medvedev ចាប់​ដៃ​ជាមួយ​អតីត​យុទ្ធជនក្នុង​សង្រ្គាម​លោក​លើក​ទីពីរ​ ក្នុង​ថ្ងៃ​ខួប​ជ័យជំនះ​លើ​ពួក​ណាហ្ស៊ីអាល្លឺម៉ង់
លោកប្រធានាធិបតី​ Medvedev ចាប់​ដៃ​ជាមួយ​អតីត​យុទ្ធជនក្នុង​សង្រ្គាម​លោក​លើក​ទីពីរ​ ក្នុង​ថ្ងៃ​ខួប​ជ័យជំនះ​លើ​ពួក​ណាហ្ស៊ីអាល្លឺម៉ង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​រុស្ស៊ី បុណ្យ​នេះ​ជា​បុណ្យ​ធំ​បំផុត ពីព្រោះ​វា​ស​ឲ្យ​ឃើញ​ថា ជាតិ​រុស្ស៊ី នៅ​មាន អត្ថិភាព​រស់រាន​ដដែល ដ្បិត​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ សហភាព​សូវៀត មិន​គ្រាន់តែ​ចេះ​ឈរ ទប់​ខ្លួន​ជាប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​វាយបក​ត្រឡប់​ទៅ​វិញ លុះទាល់​តែ​រំដោះ​ជា​បណ្តើរៗ បណ្តា​ប្រជាជន​ទ្វីប​អឺរ៉ុប​ខាង​កើត ដែល​បាន​ធ្លាក់​ទៅ​នៅ ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់ រហូត​ដល់​បោះ​ពួយ​ទៅ ដោត​ទង់ជាតិ​ខ្លួន ហៅថា”ទង់ជ័យជំនះ”​លើ​ដំបូល​អគារ​រដ្ឋសភា​នៅ​ចំ​កណ្តាល​ក្រុង Berlin ផ្ចាញ់​របប​ណាហ្ស៊ី​Nazi អាល្លឺម៉ង់​ឲ្យ​ចុះ​ចាញ់​ទៅ។

 
អ៊ីចឹង​ហើយ បាន​ជា​រុស្ស៊ី រៀង​រាល់​តែ​ឆ្នាំ តែង​ប្រារព្ធ​បុណ្យ​នេះ ដោយ ព្យុហយាត្រា​កងទ័ព រំលឹក​ដល់​ឧបការគុណ​កងទ័ព ឧបការ​គុណ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​នេះ ឧបការ​គុណ​រាល់តែ​អ្នក​ច្បាំង​ជើង​ចាស់ ដែល​មាន​ភ័ព្វសំណាង​នៅ​រស់​មក​ទល់​សព្វថ្ងៃ ហើយ ដែល​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev ថ្លែង​បើក ក្បួន​ព្យុហយាត្រា​ថ្ងៃ​នេះ បាន​សង្កត់​ធ្ងន់​ថា ពួក​គេ​បាន​ច្បាំង គឺ​ដើម្បី បុព្វហេតុ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន គឺ “សេរីភាព និងឯករាជ្យ”។

ពី​កើត​មក​លិច លើ​លំហ​ធំ​ល្វឹងល្វើយ នៃ​ប្រទេស​រុស្ស៊ី ព្យុហយាត្រា​ថ្ងៃ​នេះ​ដែល​រំលឹក​ដល់​ទិវា ជ័យជំនះ​ទី​៩​ឧសភា បាន​ប្រព្រឹត្ត​ទៅ នៅ​តាម​ក្រុង ចំនួន​២៣​ឯ​ណោះ ពី​ក្នុង​នោះ​ធំ​ជាង​គេ គឺ​នៅ​លើ​ទីលាន​ក្រហម​រដ្ឋធានី​ម៉ូស្គូ មុខ​វិមាន​ក្រេមឡាំង។

ព្យុហយាត្រា​ដ៏​មហោឡារិក​នេះ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​១០​ព្រឹក ដោយ​ការ​លើក​ដង្ហែ ចូល​ទីលាន​ក្រហម នូវ ”ទង់ជ័យជំនះ” ពណ៌​ក្រហម​ឆ្អិនឆ្អៅ មាន​រូប​ញញួរ​និង​កណ្ឌៀវ របស់​សហភាព​សូវៀត។ បន្ទាប់មក គឺ​ការ​ដើរ​បោះជំហាន​ស្រុះៗ​គ្នា ដោយ​ចង្វាក់​ស្វាហាប់​នៃ​យោធា​កងទ័ព​ទាំង​៣​ប្រភេទ៖ ជើង​គោក ជើង​ទឹក ជើង​អាកាស សរុប​ទៅ ចំនួន​២​ម៉ឹន​នាក់ ដែល​តំណាង​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​ចំនួន​១​លាន​៣​សែន​នាក់។

ត​មក​ទៀត គឺ​ការ​យាត្រា​យ៉ាង​កក្រើក​ដី នៃ​យានយន្ត​ចំបាំង ចំនួន​១០៦​គ្រឿង​ស្រករ​ថ្មីៗ​តំណាង​​​ឲ្យ​ទ័ព​ជើង​គោក តំណាង​ឲ្យ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​សម្រាប់​ប្រយុទ្ធ​ទល់​នឹង​កាំជ្រួច​មីស្ស៊ីល​ធុន​ណា​ក៏​ដោយ។

ព្យុហយាត្រា​ដែល​ពន្យារ​ទៅ​អស់​១​ម៉ោង​និង​៥​នាទី​បាន​ចប់​ទៅ ដោយការ​ហោះ​កាត់​ពីលើ​ទីលាន នៃ​ឧទ្ធម្ភាគចក្រ​៥​គ្រឿង ដែល​នីមួយៗ​សុទ្ធ​តែ​ពាំ​ទៅ​ជាមួយ គឺ​ទង់​រៀងៗ​ខ្លួន​និយាយ​ឲ្យ​ចំ ៖ ទង់ជាតិ​រុស្ស៊ី​ផ្ទាល់​ទង់​តំណាង​ឲ្យ​កងទ័ព​រុស្ស៊ី​ទាំង​មូល ទង់​កងទ័ព​ជើងគោក ទង់​កងទ័ព​​ជើងទឹក ទង់​កងទ័ព​អាកាស។

ជា​ការ​កត់​សំគាល់ រុស្ស៊ី​បាន​ដាក់​ឈ្មោះ​ឲ្យ​សង្គ្រាមកន្លង​ទៅ​នោះ ថា​ជា “ មហាសង្គ្រាម ការពារ​​ជាតិ “ ដែល​បាន​ពន្យារ​ទៅ ពី​ឆ្នាំ ១៩៤១ ដល់​១៩៤៥។ វា​បាន​ប្រព្រឹត្ត​ទៅ គឺ​ក្នុង​បរិបទ​នៃ​សង្គ្រាម​លោក​លើក​ទី​២ ដែល​បាន​ចាប់​ផ្តើម គឺ​តាំងពី​ឆ្នាំ​១៩៣៩ ម៉្លេះ ទំរាំ​ចប់​ទៅ នៅ ក្នុង​ឆ្នាំ​១៩៤៥​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ