អានតួអត្ថបទ
រុស្ស៊ី

លោកប្រមុខរដ្ឋ​រុស្ស៊ី​ប្រឆាំង​នឹង​មូលធននិយម ក្រោម​ឥទ្ធិពល​រដ្ឋ

ខ្លឹមសារ​គោលជំហរ​ប្រឆំាង​របស់​លោក​ប្រមុខរដ្ឋ​រុស្ស៊ី​នេះ គឺ​នៅ​ត្រង់​គាត់​បញ្ជា​ឲ្យ​ពួក​មន្ត្រី​ណា​ក្នុង​រដ្ឋាភិបាល​លោក Poutine ដែល​ខ្លះ ​ជា​ឧបនាយក​រដ្ឋមន្ត្រី ខ្លះ​ជា​រដ្ឋមន្ត្រី​សព្វថ្ងៃ កាន់​ទាំង​មុខ​តំណែង​ដឹកនាំ​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​រដ្ឋ ​នានា​ទៅ​ផង ឲ្យ​ដក​ខ្លួន​ចេញ​ពី​មុខ​តំណែង​នោះ ដើម្បី​កែ​ឲ្យ​ល្អ​ឡើង​នូវ​បរិយាកាស​សម្រាប់​ទទួល​វិនិយោគ​ពី​ក្រៅ បរិយាកាស​ដែល​គាត់​ចាត់​ទុក​ថា អាក្រក់​ណាស់។

លោកប្រធានាធិបតីរុស្ស៊ី Medvedev
លោកប្រធានាធិបតីរុស្ស៊ី Medvedev © REUTERS
ផ្សាយពាណិជ្ជកម្ម

 

02:24

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុងភ្នំពេញ

កែវ ឆាយា

ថ្លែង​ម្សិលមិញ នៅ​ក្រុង Magnitogorsk តំបន់ Siberie ​ក្នុង​សម័យប្រជុំ​នៃ​គណៈកម្មការជាតិ​ខាង​ធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍន៍​បច្ចេកវិជ្ជា លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev បាន​សំដែង​នូវ​ក្តី​ទោមនស្ស ដោយ​ឃើញ​បរិយាកាស​វិនិយោគ​ក្នុង​ប្រទេស​ធ្លាក់​ក្នុង​ភាព​អាក្រក់​ណាស់។ មូលហេតុ​ទី១ មក​ពី​អំពើ​ពុករលួយ​​ដែល​តាម​ប្រសាសន៍​គាត់ ជា​កត្តា​ច្របាច់ ក សេដ្ឋកិច្ច​រុស្ស៊ី ញ៉ាំង​ឲ្យ​លុយ​ហូរ​ចេញ​ពី​ប្រទេស។ ​នៅ​មាន​កត្តា​ផ្សេងៗ​ទៀត​បែប​យ៉ាង ពន្ធ​ហូត​ពី​ប្រាក់​ចំណូល​សហគ្រាស សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ដល់​មូលនិធិ​សោធននិវត្ត​មាន​កម្រិត​ខ្ពស់​ពេក ដល់​ទៅ​៣៤%​នៃ​ប្រាក់​ចំណូល លុះ​ទាល់​តែ​បណ្តាល​ឲ្យ​ក្រុមហ៊ុន និង​សហគ្រាស​តូចតាច​រែក​បន្ទុក​នេះ​មិន​រួច។

ម៉្លោះ​ហើយ​បាន​ជា​គាត់​ផ្ទុកផ្តាក់​ទៅ​រដ្ឋាភិបាល ឲ្យ​គិតគូរ​អំពី​ការ​បន្ទាប​ពន្ធ​នេះ​ដែល​តាម​យោបល់​គាត់ ចុះ​មក​នៅ​ត្រឹម​កម្រិត​២៦% ទើប​សម គិត​ចាប់​ពី​ដើមឆ្នាំ​ក្រោយ​ទៅ។ ប៉ុន្តែ​អ្វី​ដែល​កាសែត​ក្រុង​ម៉ូស្គូ​លេខ​ថ្ងៃ​នេះ​នាំ​គ្នា​ចាប់​អារម្មណ៍ គឺ​វិធានការ​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ប្រកាស​ដោយ​លោក​ Medvedev ឆ្ពោះ​ទៅ​កែ​ឲ្យ​ល្អ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នោះ។ គាត់​តម្រូវ​ឲ្យ​ពួក​មន្ត្រី​ណា​ក្នុង​រដ្ឋាភិបាល​លោកPoutine ដែល​ខ្លះ ជា​ឧបនាយករដ្ឋមន្ត្រី ខ្លះ​ជា​រដ្ឋមន្ត្រី​សព្វថ្ងៃ កាន់​ទាំង​មុខ​តំណែង​ដឹកនាំ​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​រដ្ឋ​នានា​ទៅ​ផង ឲ្យ​ដក​ខ្លួន​ចេញ​ពី​មុខ​តំណែង​នោះ ដើម្បី​ឈប់​បង្កើត​ជា​ឧបសគ្គ​រាំងរា​ដល់​ការ​ប្រកួតប្រជែង ហើយ​លើក​ឲ្យ​ល្អ​ឡើង​នូវ​បរិយាកាស​វិនិយោគ។

ឧទាហរណ៍ មនុស្ស​របស់​លោក Poutine បែប​យ៉ាង លោក​ឧបនាយក​រដ្ឋមន្ត្រី Setchin ត្រូវ​ដក​ខ្លួន​ចេញ​ពី​តំណែង​ក្នុង​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​រដ្ឋ​ខាង​ប្រេងកាត Rosneft លោក​ឧបទី១​នៃ​នាយក​រដ្ឋមន្ត្រី Zubkov ត្រូវ​ចាក​ចេញ​ពី​តំណែង​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​រដ្ឋ​ខាង​ឧស្ម័ន GazProm លោក​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន Levitin ត្រូវ​ដក​ខ្លួន​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot។ល។ សរុប​ទៅ​ជិត ១០នាក់។

តំណែង​ទាំង​នេះ តាម​យោបល់​លោក Medvedev គឺ​នឹង​ត្រូវ​ជំនួស​ដោយ​ពួក​អ្នក​ជំនាញការ​ឯករាជ្យ​ទៅ​វិញ។ ពួក​នយោបាយ​វិទូ​កត់សំគាល់​ថា វិធានការ​នេះ​ត្រូវ​លោក Medvedev ចាត់​ឡើង​ការ​​ដែល​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​សោះ ដល់​ពេល​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី​លើក​បន្តបន្ទាប់​នៅ​រុស្ស៊ី។
និយាយ​ពី​ទំហំ​វិនិយោគ​បរទេស សរុប​នៅ​រុស្ស៊ី គិត​មក​ទល់​ដំណាច់​ឆ្នាំ​២០១០​កន្លង​ទៅ គឺ​មាន​ទឹកប្រាក់ ៣០០ពាន់លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី ជាប់​ត្រឹម​ចំណាត់ថ្នាក់​ទី១៧​នៅ​ក្នុង​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ