អានតួអត្ថបទ
រុស្ស៊ី

អាមេរិក​អាច​ធានាសន្តិសុខ​ដល់រុស្ស៊ី​តែត្រឹមកម្រិត​នយោបាយ​

ប៉ុន្តែ​អ្វី​ដែល​រុស្ស៊ី​ចង់បាន​គឺការធានា​ដល់កម្រិត​ជាច្បាប់​តែម្តង។​ ការនេះ​មាន​រំលេច​ឲ្យឃើញ​ជុំវិញ​បញ្ហា​ស្តី​អំពី ​“ ប្រព័ន្ធខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល “​ ដែល​បានក្លាយ​ទៅជា​កម្មវត្ថុ​មួយ​សំខាន់​បំផុត​នៃ​កិច្ចចរចា​ធ្វើនៅ​ម៉ូស្គូ​ម្សិលមិញ ​ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក លោក​Robert Gates ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev និង​លោករដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ​Anatoly Serdiukov។ 

លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev
លោក​ប្រធានាធិបតី​រុស្ស៊ី​ Dmitri Medvedev ©​ Reuters/Mikhail Klimentyev/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

02:15

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ជាបឋម ​គួរនិយាយ​ថា រុស្ស៊ី​តែងចាត់​ទុក​ “ប្រព័ន្ធខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល” ដែល​អាមេរិក​គ្រោង​បង្កើត​នៅទ្វីប​អឺរ៉ុប ​ថា​ពាំនាំ​ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ខ្លួន។

 
ដោយហេតុថា​ កិច្ចចរចា​នោះ ​ប្រព្រឹត្តទៅ​ក្នុង​លក្ខណៈ​បិទទ្វារ​ជា​អសាធារណៈ​បានជា​លទ្ធផល​​ជុំវិញ​សាច់រឿង​ដែល​មាន​អាច​ត្រូវ​គេដឹង​ឮ​គឺតាម​រយៈ​សម្ភាសន៍​ដែល​ម្ខាងៗ​បាន​ឲ្យ​ទៅ​មធ្យោបាយ​ឃោសនា​មហាជន​លុះក្រោយ​ពី​កិច្ចចរចា​នោះ​បានចប់​ទៅហើយ។

ក្នុង​សម្ភាសន៍​ទៅទី​ភ្នាក់ងារ​ពត៌មាន​ Interfax ​លោក ​Robert Gates បាន​ថ្លែងថា​៖​ស.រ.អា.​អាច​ផ្តល់​ដល់​ភាគី​រុស្ស៊ី ​គឺតែ​ការធានា​ត្រឹម​ជាន់ថ្នាក់​នយោបាយ​ប៉ុណ្ណោះ​ដែល​តាម​យោបល់​អាមេរិក​គឺគ្រប់​គ្រាន់​ទៅហើយ​ដើម្បី​ញ៉ាំង​រុស្ស៊ី​ឲ្យជឿ​ជាក់​ប្រាកដ​ក្នុង​ចិត្តថា​ក្នុង​បំណង​អាមេរិក​គឺគ្មាន​ទិដ្ឋភាព​អ្វីណា​ដែលគំរាម​ដល់​សន្តិសុខ​រុស្ស៊ីឡើយ។

តាម​ប្រសាសន៍​លោករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ការធានា​តាម​ផ្លូវច្បាប់​គឺ​ច្បាស់ជា​មិនអាច​ធ្វើ​ទៅ​កើត​ពីព្រោះ​” អនាគត​ខែល​មីស្ស៊ីល”​នោះ​ឥត​តម្រង់​ប្រឆាំង​នឹង​រុស្ស៊ី​ឯណា។

លោក​ Robert Gates​ យោង​ទៅលើ​ទឡ្ហីករណ៍​ដែល​ថា ​ច្បាប់​នីមួយៗ​ពិបាក​ទទួល​ការអនុម័ត​ណាស់​ដោយ​សមាជសភា ​ឧទាហរណ៍ ​សូម្បី​តែ​សន្ធិសញ្ញា​ចុះជាមួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដ៏​ជំនិត​របស់​អាមេរិក បែប​យ៉ាង​ អង់គ្លេស ​និង​អូស្ត្រាលី​ គឺបាន​ទាមទារ​រយៈពេល​អស់៥ឆ្នាំ ទម្រាំ​ត្រូវ​បាន​សភាអាមេរិក​ឲ្យ​សច្ចាប័ន។

ក្នុង​សម្ភាសន៍​ទៅInterfax​ដែរ​តំណាង​របស់​វិមាន​ក្រេមឡាំង​ បាន​ថ្លែង​អំពី​ភាព​ចាំបាច់​ត្រូវមាន​ការធានា ​ដោយ​ច្បាប់​ដែល​ចែង​ជាលាយល័ក្ខ​អក្សរ​អំពី​ការធានា​នេះ​ ដ្បិត​ ៖
ទី១-​បញ្ហា​បែបនេះ​មិនអាច​ដោះស្រាយ​តែដោយ​សេចក្តី​ថ្លែងការណ៍​នៃ​ពួក​អ្នក​នយោបាយ​ឡើយ។
ទី២-​បើថ្ងៃនេះ​គេធ្វើ​សេចក្តី​ប្រកាស​នយោបាយ​មួយ​លុះថ្ងៃ​ស្អែក​អ្នកនយោបាយ​ផ្សេង​ឡើង​មក​កាន់​អំណាច​សេចក្តី​ប្រកាស​នយោបាយ​នោះ​ឯង​អាចត្រូវ​កែប្រែ​និង​ថែមទាំង​លែង​មាន​សុពលភាព​ទៅផង។

តំណាង​នោះលំអិត​ថា ​រុស្ស៊ី​ត្រៀម​ដោះស្រាយ​ជាមួយ​ដៃគូ​ខ្លួន​នូវ​ភារកិច្ច​រួម​ខាង​ការពារ​ទ្វីប​អឺរ៉ុប​ឲ្យផុត​ពីការវាយ​ប្រហារ​ជាយថាហេតុ​នៃ​កាំជ្រួច​មីស្ស៊ីល​ដោះស្រាយ​ដោយ​ឈរ​លើ​ការគោរព​តាម​គោលការណ៍៖
-​មិនតម្រង់​កាំជ្រួច​មីស្ស៊ីល​របស់​ម្ខាង​ទៅលើ​ម្ខាង។
-​សន្តិសុខ​ស្មើភាពគ្នា
-​សន្តិសុខ​របស់​ម្ខាង​មិនត្រូវ​នាំឲ្យ​ខូច​ដល់​សន្តិសុខ​របស់​ម្ខាងទៀត​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ