អានតួអត្ថបទ
រុស្ស៊ី

ខួបកំណើត​៨០ឆ្នាំ​នៃលោក​ Gorbatchev​ ល្បីខាង​ធ្វើកំណែ​ទម្រង់​សហភាព​សូវៀត​

ជុំវិញ​រូប​អ្នក​នយោបាយ​នេះ​ដែល​បាន​កាន់​អំណាច​ពី​ខែឧសភា​ឆ្នាំ១៩៨៥​ដល់ខែធ្នូ​ឆ្នាំ១៩៩១​គឺ​លុះ​ដល់ពេល​ដែល​សហភាព​សូវៀត​រលំ​រលាយ​ទៅ​ មាន​មតិ​​ពីរផ្ទុយ​​ពីគ្នា​៖​​ បើនៅ​​បស្ចិម​​លោក​​គេ​ចាត់​​ទុក​​រូបគាត់​​ថាជា​​ឥស្សរជន​​ប្រវត្តិសាស្ត្រ​​ដ៏វិសេស​​វិសាល​​ដែល​​ផ្តល់​​នូវ​​សេរីភាព​​ដល់​​ពលរដ្ឋ​​ខ្លួន​​ នោះ​​ក្នុង​​ប្រទេស​​វិញ​មាន​​បន្លឺ​​ឡើង​​ទាំង​ការ​​ដាក់​​បណ្តាសា​​លើរូប​​គាត់​​ទៅវិញ។​

លោក​ Gorbatchev​ ដែលបាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ពាក្យ​រុស្ស៊ីថា​ Perestroika​ ​
លោក​ Gorbatchev​ ដែលបាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ពាក្យ​រុស្ស៊ីថា​ Perestroika​ ​ Reuters/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

02:28

សេចក្តីរាយការណ៍របស់​ កែវ ឆាយា

កែវ ឆាយា

ពិតជារូបលោក​ Gorbatchev​ ដែលបាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ពាក្យ​រុស្ស៊ីថា​ Perestroika​ ​ដែល​ន័យ​របស់​វា ​គឺរុះរើ​សាង​សង់​ឡើង​វិញ កែប្រែ​មុខមាត់​ប្រទេស​ឲ្យបាន​ថ្មី។

នៅតាម​មុខព្រួញ​នេះ​ ខាងផ្នែក​នយោបាយ​ក្រៅ​ប្រទេស ​លោក Gorbatchev​ បាន​ខ័ណ្ឌ​បញ្ចប់ ​“សង្គ្រាមត្រជាក់” ​ជាមួយ​លោក​ខាងលិច ​ឧទាហរណ៍​ក្នុងឆ្នាំ​១៩៨៩ ​បាន​អន្តរាគម​លុះ​ទាល់​តែ ប្រទេស​អាល្លឺម៉ង់​ខាងលិច​លេប​អាល្លឺម៉ង់​ខាងកើត​កុម្មុយនិស្ត​ចូលគ្នា​ជា​សាច់​មួយ​តាមរយៈ​ការ​ផ្តួល​រំលំ​ទៅ​នៃ​ជញ្ជាំង​ក្រុង​Berlin។ ​ក្នុងឆ្នាំ​១៩៨៩​នោះ​ដែរ​ លោក Gorbatchev​ ក្រោម​សម្ពាធ​បស្ចិមលោក បាន​ដកចេញ​ពី​ប្រទេស​Afghanistan​មក​វិញ ​នូវ​កងទ័ព​សូវៀត​ដែល​បាន​លុកចូល​ទៅ​ទីនោះ​កាលពី​១០ឆ្នាំ​មុន។​ ​សូម្បី​តែឈ្មោះ​លោក Gorbatchev ​ក៏ត្រូវ​បណ្តាជន​នៅតាម​ប្រទេស​ខាងលិច​ស្វាគម​អបអរ​គាត់​តាម​Style​ខាងលិច​ថា Gorbi Gorbi ​ពេល​គាត់​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ។

 
ចំណែក​មតិ​ក្នុង​ប្រទេស​វិញ ​ជាពិសេស​ក្នុង​ចំណោម​ជន​កុម្មុយនិស្ត និង​ពួក​ជាតិនិយម​គឺចោទ​គាត់ថា​ “ លក់​មាតុភូម៌​សូវៀត “​ ឲ្យ​លោក​ខាងលិច។​ គេថា​ លោក ​Gorbatchev ​ដោយទន់​ត្រចៀក​តាម​ការ​បញ្ចើច​បញ្ជោរ​ ​គឺចាញ់បោក​លោក​ខាងលិច​តែ​ម្តង​លុះ​ទាល់តែ​បណ្តោយ​ឲ្យ​ “ អង្គការ​កតិកាសញ្ញា​Varsovie “ នាំមុខ​ដោយ​សហភាព​សូវៀត​រលំ​រលាយ​ទៅ ​ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នេះ​វិញ ​បក្ស​សម្ពន្ធ OTAN ​ដែលនាំមុខ​ដោយ​ស.រ.អា​មិន​គ្រាន់​តែ​មិន​រំសាយ​ដូច​ការសន្យា​ឡើយ ​តែ​បែរ​ទៅជា​កាន់តែ​រីក​រាលដាល​ធំ​ទៅទៀត។
 
ក្នុង​សម្ភាសន៍​នៅ​កាស ​ខួប​កំណើត​៨០ឆ្នាំ​របស់​ខ្លួន​ លោក Gorbatchev បាន​លើក​ឡើង​​ពី​គុណូបការៈ​គាត់​ខាង​នយោបាយ​ក្នុង​ប្រទេស​បែប​យ៉ាង​បង្កើត​ឲ្យមាន​ប្រព័ន្ធ​ពហុបក្ស​ក្នុង​ប្រទេស​ ឲ្យមាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ទទួល​ស្គាល់​កម្មសិទ្ធិ​ឯកជន​សេរីភាព​បញ្ចេញមតិ។
 
លោក Gorbatchev ក៏បាន​រិះគន់​ថ្នាក់ដឹក​នាំ​រុស្ស៊ី​បច្ចុប្បន្ន​ ចំពោះ​ការមាន​ជំនឿ​ទុកចិត្ត​លើខ្លួន​ឯង​ជ្រុល​ដូច​កាលពី​សម័យ​មួយ​ គាត់​ធ្លាប់​មាន​ជំនឿ​ទុកចិត្ត​លើខ្លួន​គាត់ជ្រុល​យ៉ាង​ហ្នឹង​ដែរ ​លុះទាល់​តែ​ប្រទេស​រលំ​រលាយ​ទៅ​ដោយ​មិនដឹង​ខ្លួន​ ហើយ​ដែល​ចំពោះ​ការ​រលាយ​សាបសូន្យ​ទៅនេះ​គាត់​សោក​ស្តាយ​ជាពន្លឹក។
 
សព្វថ្ងៃ​លោក​ Gorbatchev​ ជា​ប្រធាន​នៃ ​“ មូលនិធិនាម​ Gorbatchev “ ផ្ទាល់​ដែលជា​ អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​ស្រាវជ្រាវ​បញ្ហា​សង្គម-សេដ្ឋកិច្ច​និង​នយោបាយ។​ គាត់​ក៏ជា​សហកម្ម​សិទ្ធិករ​នៃ​កាសែត​ប្រឆាំង​ឈ្មោះ ​Novaya Gazeta។
 
តាម​ប្រសាសន៍​លោក ​Gorbatchev​ គាត់​បាន​អញ្ជើញ​ “ គ្រប់តែ​មេដឹកនាំ​ធំៗ​ និង​សំខាន់ៗ​បំផុត “​ ចំនួន​៣០០នាក់​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ប្រារព្ធ​ល្ងាច​ថ្ងៃនេះ​ខួប​កំណើត​៨០ឆ្នាំ​របស់​គាត់៕
 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ