អានតួអត្ថបទ
រុស្ស៊ី-លីប៊ី

រុស្ស៊ី​ត្រូវ​បង់ខាត​អស់ប្រមាណ ៤.០០០លានដុល្លារ​អាមេរិក

រុស្ស៊ី​ត្រូវ​បង់ខាត​អស់​ប្រមាណ ៤.០០០លាន​ដុល្លារ​អាមេរិក ដោយ​ហេតុ​តែ​ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​សំឡេង​រួម​តែ​មួយ នូវ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. ដែល​ចំណុច​មួយ គឺ​ហាម​មិន​ឲ្យ​លក់​អាវុធ​ទៅ​ឲ្យ​របប​កាដាហ្វី​នៅ​លីប៊ី។ ជាមួយ​របប​កាដាហ្វី រុស្ស៊ី​បាន​ចុះ​ទៅ​ហើយ កុងត្រា​តម្លៃ ២.០០០លានដុល្លារ និង​គ្រោង​ចុះ​ទាំង​កុងត្រា ១.៨០០លានដុល្លារទៀត។

ប្រមុខដឹកនំា​លីប៊ី Mouammar Kadhafi (រូបខាងស្តំា) និងលោកប្រមុខរដ្ឋរុស្ស៊ី Vladimir Poutine នៅ​លីប៊ី​កាលពី​ថ្ងៃទី ១៦ មេសា ឆ្នំា ២០០៨
ប្រមុខដឹកនំា​លីប៊ី Mouammar Kadhafi (រូបខាងស្តំា) និងលោកប្រមុខរដ្ឋរុស្ស៊ី Vladimir Poutine នៅ​លីប៊ី​កាលពី​ថ្ងៃទី ១៦ មេសា ឆ្នំា ២០០៨ ©AFP
ផ្សាយពាណិជ្ជកម្ម
02:08

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូ

កែវ ឆាយា

ក្នុង​ចំណោម​ប្រទេស​តំបន់ដើមបូព៌ា និង​អាហ្វ្រិកខាងជើង លីប៊ី ជា​អតិថិជន​មួយ​ដ៏​ធំ​បំផុត​ទិញ​អាវុធ​ពី​រុស្ស៊ី តាំង​ពី​ជំនាន់​សហភាពសូវៀត​មក។ កុងត្រា​តម្លៃ ២.០០០លានដុល្លារ​នោះ មាន​ចុះ​កាលពី​ខែ​មករា​ឆ្នាំទៅមិញ ពេល​ដែល​លោក​រដ្ឋមន្ត្រី​ការពារជាតិ​លីប៊ី Yunis Jaber បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ។ ស្រប​នឹង​កុងត្រា​នេះ លីប៊ី​ទិញ​ពី​រុស្ស៊ី គឺ​កាំភ្លើង​បាញ់ច្រើន​សន្ធឹកសន្ធាប់ យន្តហោះ​យោធា​ធុន Yak-១៣០ ចំនួន​៦គ្រឿង​សម្រាប់​ធ្វើ​ការ​ហោះ​ហ្វឹកហាត់ រថក្រោះ និង​រថពាសដែក​ប្លែកៗ​មួយចំនួនធំ ព្រមទាំង​គ្រឿងបន្លាស់​សម្រាប់​សព្វាវុធ​ដែល​មាន​ទិញ​ពី​រុស្ស៊ី​សម័យមុនៗ។

ចំណែក​កុងត្រា​តម្លៃ ១.៨០០លានដុល្លារ​ដែល​គូភាគី​និយាយ​ជិត​ត្រូវ​គ្នា ​ដើម្បី​ចុះ​វា​តែ​ម្តង គឺ ទីមួយ៖ លីប៊ី​ក្លាយ​ជា​រដ្ឋបរទេស​ទី១ ដែល​រុស្ស៊ី​នឹង​លក់​ទៅ​ឲ្យ គឺ​យន្តហោះ​ស្រករទី៥ សំរាប់​បំពេញ​ប្រតិបត្តិការប្រយុទ្ធ​ពហុបែប ធុន SU-៣៥ ចំនួន​ពី ១២ ទៅ​១៥គ្រឿង​តម្លៃ ៨០០លានដុល្លារ។ ទីពីរ៖
 គឺ​ឧទ្ធម្ភាគចក្រចំបាំង Serie ថ្មី ធុន Ka-៥២ មិន​តិច​ជាង​១០គ្រឿង​ឡើយ ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែនអាកាស​ឈ្មោះ “ ស្នូកអណ្តើក “ ចំនួន ៤០​ប្រព័ន្ធ ព្រមទាំង​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែនអាកាស​ធុន S-៣០០ ចំនួន​២ប្រព័ន្ធ ទាំងអស់​តម្លៃ ១.០០០លានដុល្លារ។

ក្នុង​ផែនការ​លីប៊ី​ក៏​មាន​ទាំង​គម្រោង​ទិញ​ពី​រុស្ស៊ី គឺ​ប្រព័ន្ធ​មីស្ស៊ីល​ការពារ​ដែនអាកាស​ធុន S-៤០០ រថក្រោះ​ទំនើប​ផុតលេខ​ធុន T-៩០ នាវា​មុជទឹក កាណូត​បំពាក់​ដោយ Roquettes ល្បឿន​លឿន​ឈ្មោះ “ ផ្លេកបន្ទោរ “។ ដោយ​គោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. រុស្ស៊ី​ត្រូវ​ព្យួរទុក ដោយ​ឥត​កំណត់​ពេល កុងត្រា​លក់​អាវុធ​ដែល​មាន​ចុះ​ទៅ​ហើយ​​ជាមួយ​លីប៊ី កុំ​ថា​ដល់​ទៅ​ចុះ​កិច្ចសន្យា​ថ្មីៗ។ សំរាប់​រុស្ស៊ី​​សម័យ​បច្ចុប្បន្ន កិត្តិនាម​លើ​ឆាក​អន្តជាតិ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ការ​បង់ខាត តែ​ប៉ុន្មាន​ពាន់លានដុល្លារ​អាមេរិក។

គួរ​រំលឹក​ថា ក្នុង​ចន្លោះ​ពី​ឆ្នាំ១៩៨១ ដល់​១៩៨៥ សហភាពសូវៀត​បាន​លក់​ទៅ​ឲ្យ​លីប៊ី គឺ​យន្តហោះចំបាំង ៣៥០គ្រឿង រថក្រោះ​៤.០០០គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស​មួយចំនួន​ធំ ព្រមទាំង​នាវា​ចំបាំង​ប្លែកៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ